(Update) ម្ដាយរបស់ ខៀវ​ សុខារ៉ាវី ចេញមុខនិយាយថា កូនប្រុសរបស់គាត់មិនមែនជាខ្មាន់កាំភ្លើង

នាវេលាយប់ថ្ងៃទី ១៣ ខែសីហា នេះមានហេតុការណ៍រន្ធត់មួយបានកើតឡើងនៅចំណុចផ្សាររាត្រី ដោយមានបុរស់ម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ ២ គ្រាប់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

ស្ថិតក្នុងកំឡុងពេលនេះកងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានចុះទៅដល់កន្លែងកើតហេតុ ។ ជនរងគ្រោះត្រូវបានគេដឹងថា ជាបងប្អូនជីដូនមួយរបស់តារាស្រី ខៀវ សុខារ៉ាវី ប៉ុន្តែទោះជាយ៉ាងណាក្ដីគេមិនទាន់បានដឹងមូលហេតុជាក់លាក់នៅពីក្រោយនៃរឿងក្ដីនេះឡើយ ដោយពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។

ប៉ុន្មាននាទីមុននេះរបាយការណ៍របស់សមត្ថកិច្ចក្នុងជំហានដំបូងបានឲ្យដឹងថា៖
ជនរងគ្រោះ(ស្លាប់) ឈ្មោះថា សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យមួយកន្លែង ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ខៀវ ថនវណ្ឌឌី ភេទប្រុស អាយុ២៦ឆ្នាំ ហើយក្នុងកំឡុងពេលនេះរូបគេត្រូវបានឃាត់ខ្លួន នៅទីបញ្ជាការអាវុធហត្ថ ខណ្ឌដូនពេញ ជាប្អូនប្រុសបង្កើតរបស់តារាសម្តែង ខៀវ សុខារ៉ាវី។

 

គួរបញ្ជាក់ដែរថា ទីតាំងកើតហេតុនៅផ្ទះលេខ ១៦៥Eo ផ្លូវលេខ ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ក្រោយកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ហើយក្រោយមកម្តាយរបស់តារាស្រី ខៀវ សុខារ៉ាវី បានប្រាប់ព័ត៌មានក្នុងស្រុកមួយថា កូនរបស់គាត់មិនមែនជាអ្នកបាញ់សម្លាប់ជន់រងគ្រោះទេ គឺអ្នកផ្សេងជាអ្នកបាញ់ ដោយសំអាងលើកាមេរ៉ាថតរូបរបស់គាត់ ។ អ្នកមីងបានបញ្ជាក់ថា អ្នកស្លាប់គឺជាក្មួយបង្កើតរបស់គាត់ ។ នៅវេលាម៉ោងប្រមាណ១១យប់នេះ សពជនរងគ្រោះបាននឹងកំពុងរៀបចំធ្វើបុណ្យវត្ត វត្តពោយារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វា៕

 

 

អត្ថបទ. យុទ្ធ