នយោបាយ​កម្ពុជា ​៖ ភាព​ស្ងប់ស្ងាត់​ដែល​នឹង​រង់ចាំ​ពេល​ផ្ទុះ

ឥឡូវ​នេះ គេ​មិនសូវ​ឮ​ការ​​ឆ្លើយឆ្លង​គ្នា​ខ្លាំង ​រវាង​គណបក្សកាន់អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មេដឹកនាំ​ម្នាក់​​ រស់នៅ​ក្រៅ​ប្រទេស ​និង​​មេដឹកនាំ​ម្នាក់​ទៀត​ឃុំខ្លួន​ដោយ​ខ្លួនឯង​​ ដោយ​ខ្លាច​ការ​​ចាប់ខ្លួន ​។

ទាំង​​លោ​ក​​សម រ​ង្ស៊ី​ និង​លោក​កឹ​ម ​សុខា​ ត្រូវ​ប្រឈម​មុខ​ផ្នែក​​ច្បាប់​ ។ ម្នាក់​ក៏​សម្រេចចិត្ត​ទៅ​នៅ​ក្រៅប្រទេស​ ដូច​តាម​ទម្លាប់​ពី​​មុន​មក ​។ ចំណែក​ម្នាក់​ទៀត​ សម្រេចចិត្ត​ឃុំខ្លួន​​ដោយ​ខ្លួនឯង ​នៅ​ក្នុង​គណបក្ស​ដោយ​មិន​ចង់ឱ្យ​មានការ​ចាប់​ខ្លួន​ ។

តើ​មេដឹកនាំ​​គណ​​​បក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​ នឹង​មាន​អនាគត​នយោបាយ​បែប​ណា?

សម រ​ង្ស៊ី​ គឺជា​តារា​នយោ​បាយ​ ដែល​ធ្លាប់​រះ​​នៅ​ដំណាក់កាល​ចុង​ក្រោយ ​កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ។ បន្ទាប់​ពី​បាត់​មុខ​ជា​ច្រើន​​ឆ្នាំ​​ពេល​នោះ ការ​​វិល​ត្រឡប់​របស់​លោក​សម រ​ង្ស៊ី​ តែ​ពី​រស​ប្តា​ហ៍​ មុន​ការ​បោះ​ឆ្នោត បាន​ទាក់ទាញ​ជា​ខ្លាំង​អ្នកគាំទ្រឱ្យ​មក​ទទួល​លោក​​ពី​ព្រ​លាន​យន្តហោះ​ និង​ដងផ្លូវ​ចេញពី​ព្រ​លាន ​។ លោក សម រ​ង្ស៊ី​ ពេល​នោះ​វិល​ត្រឡប់​មក​​វិញ តែ​បន្ទាប់​ពេល​មាន​ការ​លើកលែងទោស ​ដោយ​ព្រះមហាក្សត្រ​ ក្រោយ​ពី​មានការ​ចរចា​​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​ ។

ឥឡូវ​ តើ​លោកសម រ​ង្ស៊ី​ រង់​​ចាំ​ដល់​ពេល​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​២០១៨​ មក​ដល់​ទៀត ដើម្បី​វិល​ត្រឡប់​មក​កម្ពុជាវិញ? ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ​លោក​នឹង​វិល​ត្រលប់​មក​​វិញ បើសិនជា​មានការ​លើកលែងទោស​ ។ នេះ​ជា​អ្វី ​ដែល​ពិបាក​សម្រាប់​ការ​​បោះ​ឆ្នោត​២០១៧ ​និង​២០១៨ ពីព្រោះ​សម្តេច​តេ​ជោ​ហ៊ុន ​សែន ​បាន​មាន​ប្រសាសន៍​ហើយ​ថា ​មិន​លើកលែងទោស​ឱ្យ​​ទៀត​ទេ​។ ដូច្នេះ អ្វី​ៗ​នឹង​ចប់​សម្រាប់​លោក​សម រ​ង្ស៊ី បើសិនជា​លោក​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន ​។

ស្ថានភាព​​ក៏​ដូច​គ្នា​ដែរ ​សម្រាប់​លោក​កឹ​ម ​សុខា​ ។ លោក​បាន​សម្រេចចិត្ត​ឃុំ​ខ្លួនឯង ​នៅ​ក្នុង​គណបក្ស​ ដោយសារ​មិន​ចង់ឱ្យ​​មាន​ការ​​ចាប់ខ្លួន​ នៅ​ក្នុង​រឿង​តុលា​ការ ​។ ការ​ឃុំខ្លួន​​ដោយ​ខ្លួនឯង ​គ្រាន់តែ​ជា​ការ​ពន្យា​រ​ពេល​ប៉ុណ្ណោះ វា​នឹង​មិនមែន​ជា​​ដំណោះស្រាយ​ឡើយ​ ។

នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជិត​មក​ដល់​​មែនទែន លោក​ប្រហែលជា​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ពីព្រោះ​លោក​សម រ​ង្ស៊ី​ និង​រូប​លោក​ ត្រូវ​តែ​ដឹកនាំ​ការ​ធ្វើ​យុ​ទ្ធ​នា​ការ​បោះ​ឆ្នោត​ ។

ដូច្នេះ​ ភាព​ស្ងប់ស្ងាត់​នៅ​ពេល​នេះ​ នឹង​មិន​មាន​ន័យ​ថា ​អ្វី​ៗ​នឹង​ស្ងាត់​បែប​​នេះ​ឡើយ ​។ វា​គ្រាន់តែ​ជា​ការ​ស្ងបស្ងាត់​​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ ។ រឿងរ៉ាវ​ផ្សេង​ៗ ​អាច​នឹង​កើតឡើង​នៅ​ពេល​ដែល​ទាំង​លោក​សម រ​ង្ស៊ី​ និង​លោក​កឹ​ម សុខា គិត​ថា​ ពួក​គាត់​មិន​អាច​ស្ងៀម​​បែប​នេះ​ទៀត​​បាន​ទេ ​ហើយ​ត្រូវ​តែ​ហ៊ាន​ប្រថុយ​ ។ ប៉ុន្តែ​បើ​ពួក​គេ​ប្រថុយ​មែន ពួក​គេ​ក៏​អាច​​នឹង​ត្រូវ​ចាប់ខ្លួន​ដែរ ​។ ពេល​នោះ​រឿងរ៉ាវ​នឹង​កាន់តែ​ធំ​ហើយ​ធ្ងន់ធ្ងរ ​៕