ស្ទាក់​ចាប់​២​គ្រឿង តែ​បុក​បា​រ៉ា​ស់​រត់​បាត់​១​គ្រឿង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ទឹកផុស សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាលពី​វេលា​ម៉ោង​១ និង ៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៦ បាន​ធ្វើការ​ស្ទាក់​ចាប់​រថយន្ត​២​គ្រឿង តែ​រថយន្ត​១​គ្រឿង​បាន​បុក​បា​រ៉ា​ស់​រត់​បាត់ ចាប់​បាន​តែ​១​គ្រឿង​ប៉ុណ្ណោះ នៅ​ចំណុច​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោក ឌិន សំបុណ្យ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ទឹកផុស បាន​ឲ្យ​ដឹង​ថា ដោយ​ទ​ទូល​បាន​ព័ត៌មាន​ថា មាន​រថយន្ត​២​គ្រឿង​បាន​ដឹកឈើ​គ្រញូង​ចេញពី​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ស្រុក​ទឹកផុស សំដៅ​ទៅ​ភ្នំពេញ ពេល​នោះ​លោក​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ដោយ​ប្រើប្រាស​កម្លាំង​សរុប​ចំនួន​១០​នាក់ មធ្យោបាយ​រថយន្ត​៣​គ្រឿង ដើម្បី​ស្ទាក់​ចាប់ ។ ប៉ុន្តែ​ពេល​រថយន្ត​បទល្មើស​មក​ដល់ គឺ​រថយន្ត​ខាង​មុខ​បុក​ទម្លាយ​រថយន្ត​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច ហើយ​បាន​ធ្លាក់​ស្រែ បន្ទាប់​មក​រថយន្ត​ខាងក្រោយ​បាន​បើក​រត់​រួច​បាត់​ទៅ ។ ហេតុនេះ​ហើយ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​តែ​រថយន្ត​១​គ្រឿង​ដែល​បុក​រថយន្ត​ស៊ី​រ៉ែ​ន​ធ្លាក់​ក្នុង​ស្រែ​តែ​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​មាន​ឈើ​ក្រ​ញូ​ង​ពេញ​១​រថយន្ត ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

លោក​មេបញ្ជាការ​បាន​បន្ត​ថា រថយន្ត​បទល្មើស​ខាងលើ ម៉ាក​កាម​រី​ឆ្លាម ពាក់​ស្លាក​លេខ ភ្នំពេញ 2E-1536 បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ដោយ​បាន​ធ្វើការ​ថ្លឹង​សរុប​មាន​ចំនួន​១២០០​គីឡូក្រាម និង​បាន​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ តុលាការ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕