ករណី​បាញ់​សម្លាប់​បងប្អូន​ជីដូនមួយ ខៀវ សុខា​រ៉ា​វី ៖ មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័​ត៌​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​១៤ ខែសីហា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ បាន​បង្កើត​គណ​:​កម្ម​ការ​មួយ​ដែល​មាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចូលរួម ដើម្បី​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ទាក់ទិន​សកម្មភាព រឿង​ ប្អូនប្រុស​បង្កើត ខៀវ សុខា​រ៉ា​វី ជាប់ចោទ​បាញ់​សម្លាប់​បងប្រុស​ជីដូនមួយ ​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​អាយុជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បានជា​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ត​បង្កើត​គណ​:​កម្ម​ការ​ឆែកឆេរ​កាមេរ៉ា​សុវត្ថិភាព​នោះ ដោយ​យោង​ទៅ​លើ​ចម្លើយ​ជនសង្ស័យ​២​នាក់​ដែល​ឃាត់ខ្លួន ឆ្លើយ​បដិសេធ​មិន​ទទួលស្គាល់​ថា ពួក​គេ​មិនមែន​ជា​អ្នក​បាញ់​នោះ​ទេ ។ លទ្ធផល​ឆែក​កាមេរ៉ា​នោះ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ទម្លាយ​ទេ ។

សូម​បញ្ជាក់​ថា ប្អូនប្រុស​បង្កើត​របស់​តារា​សម្តែង​ល្បីឈ្មោះ ខៀវ សុខា​រ៉ា​វី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​បងប្រុស​ជីដូនមួយ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែសីហា​ឆ្នាំ​២០១៦ នៅ​ក្នុង​អន​លី​យូ​ម៉ាត (ONLY U MART) នៅ​ជិត​ផ្សារ​រាត្រី ផ្ទះ​លេខ​១៦៥Eo ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ដែល​ជា​ផ្ទះ​របស់​តារា​សម្តែង​ល្បីឈ្មោះ ខៀវ សុខា​រ៉ា​វី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​នេះ​ឈ្មោះ សឺ​ន ចាន់​ដា​រ័​ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អចលនទ្រព្យ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​៣ ឃុំ​ព្រះ​ពន្លា ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​តារា​សម្ដែង ខៀវ សុខា​រ៉ា​វី ។ ចំណែក​ជនសង្ស័យ​ដែល​ប៉េ​អឹ​ម​ចាប់​ឃាត់ខ្លួន​នោះ​មាន​ម្នាក់​ជា​ប្អូនប្រុស​បង្កើត​របស់​តារា​សម្ដែង ខៀវ សុខា​រ៉ា​វី ឈ្មោះ ខៀវ ថន​វណ្ឌ​ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ផ្ទះ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​៣​នាក់​ដើរ​ចូល​ទៅ​ក្នុង​ម៉ាត​ខាងលើ ហើយ​ធ្វើការ​វាយតប់​ទៅ​លើ​ជន​រង​គ្រោះ​រហូត​ឈាន​ដល់​ផ្ទុះអាវុធ​២​គ្រាប់ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅ​ក្នុង​ម៉ាត បន្ទាប់​មក​ត្រូវ​បាន​បងប្អូន​នៅ​លើ​ផ្ទះ​ចុះ​មក​ដឹក​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ប៉ុន្តែ​ជា​អកុសល​ពេល​ដឹក​ទៅ​ដល់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។