គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​បួងសួង​នៅ​អ្នកតា​ឃ្លាំង​មឿង​សុំ​ឲ្យ​អ្នក​នយោបាយ​ត្រូវរ៉ូវ​គ្នា

តំណាង​រាស្ត្រ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ ធ្វើ​ពិធី​បែប​សាសនា​នៅ​បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង ក្នុង​បំណង​អំពាវនាវ​ដល់​អ្នក​នយោបាយ​កម្ពុជា គ្រប់​រូប ស្រុះស្រួល​ចិត្ត​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​បែប​ចំអក​ចំពោះ​ការ​ធ្វើ​ពិធី​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ ដោយ​អះអាង​ថា ប្រទេស​កម្ពុជា ពុំ​មាន​ភាព​តានតឹង​នយោបាយ​នោះ​ទេ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ពិធី​ស្បថ ឬ​បួងសួង​តាម​បែប​សាសនា​នៅ​ចំពោះ​មុខ​វត្ថុ​ស័ក្ដិសិទ្ធិ ក្នុង​គ្រា​ដែល​ស្ថានការណ៍​នយោបាយ​តានតឹង។ បន្ទាប់​ពី​ធ្វើ​ពិធី​ស្បថ​នៅ​មុខ​អង្គរវត្ត​ខេត្ត​សៀមរាប ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ឆ្លៀត​ទៅ​ធ្វើ​ពិធី​ស្រដៀង​គ្នា​នេះ​នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា។

អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់ លោក ងឹម ញេង មាន​ប្រសាសន៍​ថា ថ្នាក់​ដឹកនាំ​កំពូលៗ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បន្ត​បែរ​ខ្នង​ដាក់​គ្នា​មិន​ទាន់​រក​ផ្លូវ​ចរចា​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ឡើយ។ លោក​ថា ពលរដ្ឋ​ក៏​ដូច​ក្រុម​អ្នក​តំណាង​រាស្ត្រ​ដែរ ចង់​ឃើញ​ថ្នាក់​ដឹកនាំ​កំពូល​ត្រូវរ៉ូវ​គ្នា ទើប​ជា​កម្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ៖ «មេ​ដឹកនាំ​ហាក់​ដូចជា​បែរ​ខ្នង​ដាក់​គ្នា អត់​ងាក​មក​តុ​ចរចា​ជជែក​គ្នា​ដោះស្រាយ​ពី​បញ្ហា​ជាតិ។ ប្រពៃណី​យើង ប្រជាពលរដ្ឋ​យើង​មាន​ជំនឿ​ទៅ​លើ​សាសនា អ៊ីចឹង​ក៏​យើង​រៀបចំ​បន់ស្រន់​ហ្នឹង​ឡើង ដើម្បី​បួងសួង​សូម​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ ជាពិសេស​ដួង​វិញ្ញាណក្ខន្ឋ​របស់​វីរបុរស​ស្នេហា​ជាតិ។ យើង​មាន​អ្នក​ឧកញ៉ា ឃ្លាំង មឿង ជួយ​ធ្វើ​ម៉េច​បន្ទន់​ចិត្ដ​មេ​ដឹកនាំ​ជាតិ​យើង​ឲ្យ​ចេះ​ស្រឡាញ់​គ្នា»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​បែប​ចំអក​ថា គណបក្ស​កាន់​អំណាច​មិន​អាច​ទៅ​ចរចា​ទទួល​រ៉ាប់រង​កំហុស​ជាមួយ​បុគ្គល​គណបក្ស​ប្រឆាំង ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​បាន​ទេ។ លោក​ថា បច្ចុប្បន្ន​ពុំ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​ចាំបាច់​ត្រូវ​ចរចា​គ្នា​នោះ​ទេ ហើយ​ករណី​ដែល​កើត​ឡើង​ចំពោះ​អ្នក​នយោបាយ​ត្រូវ​ធ្វើ​តាម​ច្បាប់៖ «ខ្ញុំ​យល់​ថា​លោកតា ឃ្លាំង មឿង ជា​អ្នក​ប្រកាន់​យុត្តិធម៌​ណាស់ ដូច​អ្នក​ប្រព្រឹត្តិ​ល្មើស​ច្បាប់ គាត់​ជួយ​ម៉េច​បាន! ហើយ​មិន​មែន​តែ​លើក​ទី​មួយ​ទេ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បន់ស្រន់​នោះ។ លោក​បន់ស្រន់​រហូត​ដល់​នាង​ចេក​នាង​ចម។ ប៉ុន្តែ​បញ្ហា​ក្រោម​លក្ខខណ្ឌ​មួយ​ថា កុំ​ឲ្យ​ប្រព្រឹត្ត​ល្មើស​ច្បាប់ ហើយ​កាលណា​ប្រព្រឹត្ត​ល្មើស​ច្បាប់ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក មាស នី យល់​ថា ពាក្យពេចន៍​ពី​ក្រៅ និង​ក្នុង​ប្រទេស​ធ្ងន់ៗ​វាយ​ប្រហារ​លើ​ការ​ដឹកនាំ​បច្ចុប្បន្ន ជា​សញ្ញា​បង្ហាញ​ថា​ប្រទេស​កម្ពុជា កំពុង​មាន​បញ្ហា​នយោបាយ​ដែល​មិន​អាច​លាក់បាំង​បាន។ លោក​លើក​ឧទាហរណ៍​ថា ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា ប្ដី​វាយ​ប្រពន្ធ ភាគី​ប្ដី​ពេល​គេ​សួរ​មិន​ដែល​ឆ្លើយ​ថា​មាន​បញ្ហា​ក្នុង​គ្រួសារ​ទេ ប៉ុន្តែ​ប្រពន្ធ​ដែល​ជា​អ្នក​រងគ្រោះ​ជា​អ្នក​ស្រែក៖ «ទាល់​តែ​ខ្មែរ​រួបរួម​គ្នា​បាន​ខ្មែរ​ខ្លាំង បើ​យើង​ធ្វើ​បែប​នេះ យើង​មិន​ត្រឹម​តែ​មិន​ខ្លាំង​ទេ ហើយ​នឹង​ធ្វើ​ឲ្យ​យើង​អន់​ទៅៗ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។ ទី​ពីរ​ទៀត ការ​រក​ឯកភាព​ជាតិ គឺ​វប្បធម៌​សន្ទនា​គឺ​សំខាន់​តែ​ម្ដង ប៉ុន្តែ​វប្បធម៌​សន្ទនា​មិន​អាច​ទៅ​រួច​ទេ ដរាប​ណា​បើ​សិន​ជា​អ្នក​ដឹកនាំ​នយោបាយ​មិន​មាន​សុឆន្ទៈ​បង្ហាញ​នូវ​ការ​ឯកភាព​ជាតិ ដើម្បី​ការពារ​ជាតិ​កុំ​ឲ្យ​ប្រទេស​ជិត​ខាង​គេ​មើល​ងាយ​បាន»

លោក មាស នី ថា​បច្ចុប្បន្ន​មិន​មែន​តែ​មន្ត្រី​បក្ស​ប្រឆាំង​នោះ​ទេ​ដែល​ចង់​ឃើញ​អ្នក​នយោបាយ​ត្រូវរ៉ូវ​គ្នា ហើយ​ងាក​មក​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី គឺ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ក៏​ចង់​ឃើញ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។