ខ្មាន់កាំភ្លើង​បាញ់ប្រហារ យុវជន​ម្នាក់​ជា​បងប្អូន​ជីដូនមួយ​តារា​សម្តែង​ខៀវ សុខា​រ៉ាវី ​នៅ​ផ្សារ​ម៉ា​តរបស់​នាង​

ភ្នំពេញ:
ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​ទៅលើ​យុវជន​ម្នាក់​ដែល​ត្រូវជា​ប្អូនជីដូនមួយ​របស់​តារា​សម្តែង​ខៀវ សុខា​រ៉ាវី  បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ​មុន​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ​ករណី​បាញ់សម្លាប់​ស្រស់ៗ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​ប្រមាណ​ជា​៩​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦​នេះ នៅក្នុង​ផ្សារ​ម៉ា​តរបស់​ខៀវ សុខា​រ៉ាវី ផ្ទះ​លេខ ១៦៥​អឺ​អូ ផ្លូវ​លេខ​១ ក្រុមទី​៣៦ ភូមិ​១ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ។​

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​ក្នុង​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ ឈ្មោះ សឺ​ន ចាន់​ដា​រ័ត្ន អាយុ​២៨​ឆ្នាំ ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន អចលនទ្រព្យ​។ ចំណែក​ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ខៀវ ថន​វណ្ឌ​ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ប្អូនប្រុស​បង្កើត​របស់​តារា​សម្តែង ខៀវ សុខា​រ៉ាវី និង​ម្នាក់ទៀត​ឈ្មោះ​ណារិន ត្រូវបាន​នាំខ្លួន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ ខណ្ឌដូនពេញ​។​

​ទាក់ទិន​ការចាប់ខ្លួន​ប្អូនប្រុស អ្នកនាង​ខៀវ​សុខា​រ៉ាវី​បាន​អះអាងថា​ប្អូនប្រុស​បង្កើត​របស់​នាង​មិន​ពាក់​ព​ន្ធ័​ក្នុង​រឿងនេះ​ទេ​​ព្រោះ​មុន​កើតហេតុ​ប្អូន​នាង​ទាំង​២​នាក់​អង្គុយ​មើល​ទូរទស្សន៍​ជុំគ្នា​ក្នុង​ផ្សារ​ម៉ា​តរបស់​នាង​។​

​ចំណែក​ម្តាយ ខៀវ សុខា​រ៉ាវី បាន​និយាយ ថា កូន​របស់គាត់​មិនមែនជា​អ្នកបាញ់​ទេ​, អ្នកផ្សេង​ជា​អ្នកបាញ់ គាត់​មាន​កាមេរ៉ា​ថតរូប​ភាព អ្នកស្លាប់​គឺជា​ក្មួយបង្កើត​របស់គាត់ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា នៅវេលា​ម៉ោង​ប្រមាណ​១១​យប់ សព​ជនរងគ្រោះ​បាន​នឹង​កំពុង​រៀបចំ​ធ្វើបុណ្យ​វត្ត វត្ត​ពោ​យា​រាម ហៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វា​៕s