បុរស​វៀតណាម​​​ទារ​សំណង​​​៥៥​ម៉ឺន​​ដុល្លារ ក្រោយ​តាម​ស្វែង​រក​យុត្តិធម៌​​៤៣​ឆ្នាំ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរស​​ជនជាតិ​​វៀតណាម​ម្នាក់​ កំពុង​ស្វែង​​រក​​​​យុត្តិធម៌​​ដោយ​ទារ​សំណង​​​​ជំងឺ​ចិត្ត​ពី​តុលាការ​​​​​ចំនួន​ ១២​ពាន់​លាន​ដុង ​​ឬ​ប្រមាណ​ ៥៥០​ ០០០​​ដុល្លារ​អាមេរិក​​​​​​​​​ ក្រោយ​​​ឃុំ​ខ្លួន​គាត់​​​ទាំង​អយុត្តិធម៌​​​​​ជា​ច្រើន​ឆ្នាំ​។

 

បុរស​វៀតណាម​​​ទារ​សំណង​​​៥៥​ម៉ឺន​​ដុល្លារ ក្រោយ​តាម​ស្វែង​រក​យុត្តិធម៌​​៤៣​ឆ្នាំ​

 

លោក​តា​  Tran Van Them ​​មាន​​អាយុ​ ៨០​​ឆ្នាំ​​​រស់​​នៅ​​​ភាគ​ខាង​ជើង​ខេត្ត​​បាច់​និញ ​និយាយ​ថា​​​​ប្រាក់​សំណង​​ទាំង​នេះ​​ គឺ​ដើម្បី​​​​​​​ប៉ះប៉ូវ​​ថ្លៃ​​ខូច​ខាត​​ខាង​ផ្លូវ​ចិត្ត ​​បាត់​បង់​ចូល​ចំណូល​​​ប្រចាំ​ថ្ងៃ ​​ទុក្ខ​លំបាក​ពេល​ស្វែង​រក​យុត្តិធម៌​​​​​​ជាង​៤៣​ឆ្នាំ​ ជា​ពិសេស​​​​​អំឡុង​ពេល​ជាប់​គុក​​រយៈពេល​​​ជាង​ ៥​ឆ្នាំ​កន្លះ។
​​​​​​​​​​​
​​រឿង​ហេតុ​ដំបូង​កើត​ឡើង​ កាល​ពី​ខែ​​កក្កដា​​ឆ្នាំ​ ១៩៧០​ លោក​តា​ Them និង​​​បងប្អូន​​ជីដូន​មួយ​របស់​គាត់​​បាន​​ធ្វើ​​ដំណើរ​​​ទៅ​ខេត្ត​​ Vinh Phuc ​​​ដើម្បី​រក​ស៊ី​​​​​​​​ តែ​បាន​ជួប​​សាកសព​មនុស្ស​ម្នាក់​​​ដែល​បាន​ត្រូវ​​របួស​ក្បាល​នៅ​ក្នុង​តង់​​​ជ្រក​មួយ​កន្លែង​​​​​តាម​ផ្លូវ ដែល​ជា​កន្លែង​ពួកគាត់​​​ឈប់​​សម្រាក​​រយៈពេល​​មួយ​យប់។

 

Them និយាយ​ថា ​​​​​​សាកសព​នោះ​​​​ត្រូវ​បាន​គេ​ប្លន់​​សម្លាប់ ​ប៉ុន្តែ​អាជ្ញាធរ​ប្រចាំ​តំបន់​​​​បាន​ចោទ​​គាត់​ជា​អ្នក​​ប្រព្រឹត្ត​ទៅ​វិញ​ និង​បាន​ឃុំ​ខ្លួន​គាត់​តាំង​ពី​ពេល​នោះ​​មក​។ គាត់​​ត្រូវ​បាន​​​តុលាការ​ចោទ​ប្រកាន់​​​​​ករណី​ឃាតកម្ម​​ឆ្នាំ​​​ ១៩៧៣ ​​និង​ត្រូវ​កាត់​ទោស​ប្រហារជីវិត ហើយ​​តុលាការ​កំពូល​​​​​បាន​សម្រេច​​សាលក្រម​ជា​ផ្លូវ​ការ​​​​នៅ​រយៈពេល​​មួយ​ឆ្នាំ​​បន្ទាប់។

​​ជា​សំណាង​ល្អ​ ​នៅ​ក្នុង​​ឆ្នាំ​​ ​១៩៧៥​​​​ មាន​​យុវជន​​ម្នាក់​មក​ពី​ខេត្ត​ Vinh Phuc ​​​​បាន​ចេញ​មុខ​សារភាព​​​​​​ករណី​ឃាតកម្ម​ខាង​លើ​ រួច​តុលាការ​​​បាន​​​​​​បញ្ជា​​ឲ្យ​ស៊ើប​អង្កេត​​សាជា​ថ្មី​ និង​ព្រម​​​ដោះលែង​​​​លោក​តា​ Them​ តែ​ម្ដង។

 

​​​​​​​​​​​​​​​​អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ​​​​ លោក​តា​​​​បាន​​​​​​ប្ដឹង​ទទូច​​ឲ្យ​តុលាការ​​លុប​​ឈ្មោះ​​​​គាត់​ចោល​​​​​ពី​ការ​​តាមដាន​​​សាកសួរ ​ប៉ុន្តែ​​​​​រហូត​ដល់​គាត់​​​​​​អាយុ​ ៨០​ឆ្នាំ​​​ទើប​តុលាការ​​យល់​ព្រម។​ ​លោក​តា​​បាន​​ទទួល​ការ​សុំ​ទោស​ជា​សាធារណ​​​ពី​តុលាការ​កំពូល​​​​​នៅ​ការិយាល័យ​ស្រុក​​​​​នៃ​ខេត្ត​​​ Bac Ninh កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថ្មីៗ​នេះ​​​​ និង​​២ថ្ងៃ​ក្រោយ​​​គាត់​ទទួល​​​​​​លិខិត​ជា​ផ្លូវ​ការ​​​ ថា​តុលាការ​ពិត​ជា​បាន​កាត់​ទោស​​ខុស​​​លើ​រូប​គាត់​ប្រាកដ​​មែន។

 

លោក​តា​បន្ថែម​ថា ​”ខ្ញុំ​រង់​ចាំ​ថ្ងៃ​​នេះ​មក​ដល់​​​ស្ទើរ​ជាង​កន្លះ​ជីវិត​​ខ្ញុំ​ហើយ ​ហើយ​ខ្ញុំ​សម្រេច​​ប្ដឹង​ទារ​សំណង​ផ្លូវ​ចិត្ត​មក​​វិញ តែ​ការ​ឆ្លើយ​តប​​​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ​ការ​ប្ដឹង​នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ ​​កាល​ពី​​ឆ្នាំ​មុន​​​​តុលាការ​កំពូល​វៀតណាម​​​​ព្រម​ប្រគល់​​​​ប្រាក់​ជំងឺចិត្ត​ជាង ៣៦​ម៉ឺន​ដុល្លារ​​​​ ​ដល់​បុរស​​ម្នាក់​​​ករណី​​កាត់​ក្ដី​​ខុស​ឲ្យ​​​​ជាប់​គុក​​ ១០​ឆ្នាំ​​​​​​ផង​ដែរ​៕

 

បុរស​វៀតណាម​​​ទារ​សំណង​​​៥៥​ម៉ឺន​​ដុល្លារ ក្រោយ​តាម​ស្វែង​រក​យុត្តិធម៌​​៤៣​ឆ្នាំ​

 

 

ចុចអាន៖ សង​ជំងឺ​ចិត្ត​៦,៣លាន​ដុល្លារ ក្រោយ​​​កាត់​ទោស​ច្រឡំ​ឲ្យ​​​ជាប់​គុក​ ២៧​ឆ្នាំ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ thanhniennews​​​​​​