រុស្ស៊ី​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស S-400 ទៅ​គ្រី​មៀ ពេល​ប្រឈមមុខ​ជាមួយ​អ៊ុយ​ក្រែ​ន​ និពន្ធដោយ : សៅ ផលនិស្ស័យ       August-14-2016, 12:26 pm         1120

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រុស្ស៊ី​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស S-400 ទៅ​គ្រី​មៀ ពេល​ប្រឈមមុខ​ជាមួយ​អ៊ុយ​ក្រែ​ន​
​រុស្ស៊ី​ប្រកាស​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 ទៅកាន់​តំបន់ Crimea ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​របស់ខ្លួន ។ ការពង្រាយ​សព្វាវុធ​ទំនើប​នេះ​កើតឡើង ស្រប​ពេលដែល​ស្ថានការណ៍​នៅតាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​មាន​ភាព​តានតឹង ប៉ុន្តែ​រុស្ស៊ី​ថា កាលបរិច្ឆេទ​នៃ​ការពង្រាយ​អាវុធ​នេះ​ធ្វើឡើង​តាំងពី​មុន​មាន​ភាព​តានតឹង​ម្ល៉េះ​។

​ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊េរី​ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី S-400 នឹងត្រូវ​បញ្ជូន​ទៅកាន់​ទឹកដី គ្រី​មៀ (Crimea) ឆាប់ៗ នេះ​។ នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​ពី​សំណាក់​ក្រសួងការពារជាតិ​រុស្ស៊ី​ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS​។

  ការប្រកាស​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី​ទៅកាន់​ទឹកដី​គ្រី​មៀ កើតឡើង​ស្រប​ពេលដែល​ភាព​តានតឹង​ផ្នែក​យោធា​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​កើនឡើង​ខ្លាំង​។ ប៉ុន្តែ​រដ្ឋាភិបាល​រុស្ស៊ី​បានបញ្ជាក់​ច្បាស់​ថា ការពង្រាយ​អាវុធ​មិន​ពាក់ព័ន្ធ​បញ្ហា​តានតឹង​ឡើយ ហើយ​កាលបរិច្ឆេទ​នៃ​ការពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ​ត្រូវ​បានកំណត់​ច្បាស់​តាំងពី​ខែ​មុន​មកម្ល៉េះ​។​

​ក្រៅពី​ប្រកាស​ពី​ការពង្រាយ​សព្វាវុធ​ទៅ​ពង្រឹងសមត្ថភាព​ការពារ​ដែនអាកាស រុស្ស៊ី​ការ​បានប្រកាស​ពី​ការរៀបចំ​សមយុទ្ធ​យោធា​ដោយ​ហាត​សម​ផ្តោតលើ​ការវាយប្រហារ​ដោយ​អាវុធ​មហា​ប្រល័យ​មាន​អាវុធ​គីមី និង​ជីវសាស្ត្រ​ជាដើម​។ សមយុទ្ធ​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​សប្តាហ៍​ក្រោយនេះ​តែម្តង​។

-​ចលនា​វិទ្ធង្សនា​នៅ​គ្រី​មៀ រៀបចំ​ដោយ​អ៊ុយ​ក្រែ​ន​?
​ថ្វីបើ​រុស្ស៊ី​រៀបរាប់​និង​ប្រឹង​ពន្យល់ថា ការពង្រាយ​សព្វាវុធ​នេះ​ធ្វើឡើង​តាម​កាលបរិច្ឆេទ​ដែល​បានកំណត់​តាំងពី​ខែ​មុន​ក៏ដោយ ការពង្រឹង​កម្លាំង និង​ការធ្វើ​លំ​ហាត់​យោធា​នោ គ្រី​មៀ បង្ហាញ​ច្បាស់​ហើយ​ថា រុស្ស៊ី​កំពុង​ប្រុង​ជើងការ​និង​កំញើញ​របប​ដឹកនាំ​ក្រុង​គៀវ​។

​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ពេញៗ​មាត់​ថា ជា​អ្នក​ដែល​បានរៀបចំ​ចលនា​វិទ្ធង្សនា​ឬ​បះបោរ​មួយ​ប្រឆាំង​អាជ្ញាធរ​គ្រី​មៀ ដែល​រុស្ស៊ី​បាន​បង្ក្រាប​និង​បំបែក​ផែនការ​នេះ​បាន​ជោគជ័យ​។ តែ​មន្ត្រី​ទាហាន និង​ប៉ូលិស​សម្ងាត់​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​នេះ​។​

​បើតាម​សារព័ត៌មាន BBC ទូរទស្សន៍​រុស្ស៊ី​បានចេញ​ផ្សាយ​ព័ត៌មាន​ដោយ​បង្ហាញ​ជន​ម្នាក់​ឈ្មោះ Yevhen Panov ដែល​សារភាពថា​ខ្លួន​ជា​មន្ត្រី​របស់​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​។ ហើយ​ជននេះ​ត្រូវបាន​បញ្ជូន​មកកាន់​ទឹកដី​ដែល​រុស្ស៊ី​ក្រសោប​យក​ពី​អ៊ុយ​ក្រែ​ន «​គ្រី​មៀ​» ដើម្បី​រៀបចំ​ចលនា​វិទ្ធង្សនា​ប្រឆាំង​អាជ្ញាធរ​តំបន់​នេះ​។ ជន​ម្នាក់នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រុម​ដែល​រៀបចំ​ចលនា​ប្រឆាំង​មាន​សមាជិក​មួយចំនួន​មកពី​អង្គភាព​ចារកម្ម​របស់​អ៊ុយ​ក្រែ​ន​ដែរ​។​

​ទោះជា​យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​ក្រុង​គៀវ បាន​ទាត់ចោល​ការចោទប្រកាន់​នេះ ហើយក៏​បញ្ជា​ឲ្យ​កងទ័ព​របស់ខ្លួន​នៅតាម​ព្រំដែន​ប្រុង​ជើងការ​ត្រៀមប្រយុទ្ធ​ដែរ​។​ហើយ​គេ​ឃើញ​មានការ​បង្កើន​ចំនួន​ទ័ព​តាម​ខ្សែ​ព្រំដែន​ជួរមុខ និង​មាន​រថក្រោះ​ជាច្រើន​ជា​គ្រឿង​ចល័ត​នៅ​តំបន់​ព្រំដែន​ហាក់ដូចជា​ត្រៀមប្រយុទ្ធ​ដូច្នេះ​ដែរ​។​

២.​រុស្ស៊ី​គំរាម​ផ្តាច់ចំណង​ការទូត​ជាមួយ​អ៊ុយ​ក្រែ​ន​
​បញ្ហា​ដែល​កើតមានឡើង​នៅ​គ្រី​មៀ បាន​ជំរុញ​ឲ្យ​ភាគី​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​។ មន្ត្រី​ទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​អង្គការសហប្រជាជាតិ​បានស្នើ​ឲ្យ​រុស្ស៊ី​បង្ហាញ​ភស្តុតាង​ឲ្យ​ច្បាស់លាស់​ជុំវិញ​ការចោទប្រកាន់​ខ្លួន​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អ៊ុយ​ក្រែ​ន​បាន​ប្រាប់​គេ​ប្រាប់​ឯង​ថា រុស្ស៊ី​បានដាក់​ទ័ព​ប្រហែល ៤​ម៉ឺន​នាក់​រួចទៅហើយ​នៅជាប់​ព្រំដែន​ខ្លួន​នៅ​តំបន់​ឧបទ្វីប​គ្រី​មៀ​។

​យ៉ាងណា​ក៏ដោយចុះ ក្រៅពី​ដាក់​ទ័ព​បន្ថែម​និង​ពង្រាយ​សព្វាវុធ ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​លោក ឌី​មី​ទ្រី ម៉េ​ដ​វេ​ដេ​វ ក៏បាន​ចេញមុខ​គំរាម​ផ្តាច់ចំណង​ការទូត​ជាមួយ​អ៊ុយ​ក្រែ​ន​ផងដែរ ព្រោះ​រុស្ស៊ី​ខឹងសម្បារ​ចំពោះ​ការរៀបចំ​គម្រោង​វាយប្រហារ​ប្រឆាំង​រដ្ឋាភិបាល​តំបន់​គ្រី​មៀ​នោះ​។​លោក​ថា រុស្ស៊ី​ប្រហែលជា​ត្រូវ​បង្ខំចិត្ត​ដើម្បី​បញ្ចប់​ទំនាក់ទំនង​ជាមួយ​អ៊ុយ​ក្រែ​ន ព្រោះ​វា​គ្មាន​ជម្រើស​ផ្សេងទៀត​សម្រាប់​ប្រើប្រាស់​។ ប៉ុន្តែ​លោក​បានបញ្ជាក់​ច្បាស់​ថា វា​មិនមែនជា​អ្វីដែល​រុស្ស៊ី​ចង់ឃើញ​និង​ចង់បាន​ឡើយ​។ លោក​បន្ថែមថា រឿង​ផ្តាច់ចំណង​ក៏​ទូត​ឬ​អត់​នោះ​វា​ក៏​អាស្រ័យ​លើ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ផងដែរ ព្រោះ​លោក​ជា​អ្នកកាន់កាប់​ការងារ​នយោបាយ​ការបរទេស​។​

​ថ្វីបើ​រុស្ស៊ី​លេប​យក​ទឹកដី​គ្រី​មៀ ពី​អ៊ុយ​ក្រែ​ន​ក៏ដោយ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​មិន​ត្រូវបាន​កាត់ផ្តាច់​ឡើយ​។ រុស្ស៊ី​នៅ​បន្ត​មាន​តួនាទី​ជួយ​ដោះស្រាយ​ជម្លោះ​ភាគ​ខាងកើត ជាពិសេស​ចូលរួម​ក្នុង​ក្រុម​ប្រទេស Normandy ដែល​ចរចា​គ្នា​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​កើតឡើង​តាំងពី​ឆ្នាំ ២០១៤​មក​នោះ​។​