ក្រុង​ហូ​ជី​មិ​ញ​ប្រកាស​ពី​ការ​ដាក់បញ្ចាំ​អចលនទ្រព្យ​ជា​សាធារណៈ

ប្រទេស​វៀតណាម ៖ នា​ពេល​ថ្មី​ៗ​នេះ ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​នៃ​គម្រោង​អា​ផាត​មិន ចំនួន​៧៧ ដែល​ត្រូវ​បាន​គេ​ចុះបញ្ជី​ជា​ទ្រព្យ​បញ្ចាំ​សម្រាប់​ប្រាក់​កម្ចី​នៅ​ការិយាល័យ​ចុះបញ្ជី​ដីធ្លី ។

បញ្ជី​នេះ​ត្រូវ​បាន​ដាក់​ជូន​ទៅ​ការិយាល័យ​នៅ​ទីក្រុង ព្រមទាំង​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ការិយាល័យ​ចុះបញ្ជី​ដីធ្លី​ទៀត​ផង ។

នេះ​គឺជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ការ​បញ្ចាំ​អចលនទ្រព្យ​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ​ពី​សេចក្តី​លម្អិត​នៃ​ឈ្មោះ អាសយដ្ឋាន កិច្ចសន្យា ស្ថាប័ន និង​កាលបរិច្ឆេទ​នៃ​ការ​ចុះបញ្ជី​បញ្ចាំ​អចលនទ្រព្យ ។

គម្រោង​ភាគច្រើន​ត្រូវ​បាន​ដាក់បញ្ចាំ នៅ​ក្រោម​កិច្ចសន្យា​ឥណទាន ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៥ ឬ​ឆ្នាំ​២០១៦ បើ​ទោះបីជា​គម្រោង​មួយ​ចំនួន​បាន​ចុះហត្ថលេខា តាំងពី​ឆ្នាំ​២០១០​មក​ម្ល៉េះ ជា​ពិសេស គម្រោង នៅ​ក្នុងស្រុក Tan Phu ។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ជា​ច្រើន​នៃ​គម្រោង​ទាំងនេះ​បាន​លក់​ផ្ទះល្វែង​របស់​ពួក​គេ​ទៅ​ឱ្យ​អតិថិជន ប៉ុន្តែ​មិន​ទាន់​បាន​ផ្តល់​ឯកសារ​បញ្ជាក់​ពី​ភាព​ជា​ម្ចាស់​នៃ​ផ្ទះល្វែង​ទាំងនេះ​ទៅ​ឱ្យ​អតិថិជន​នៅឡើយ​ទេ ។ សកម្មភាព​នេះ​ត្រូវ​បាន​លេចឮ​ចេញពី​រឿងអាស្រូវ​នៅ​គម្រោង Harmona នៅ​ក្នុង​ទីក្រុង​កាលពី​២ ឬ​៣​ខែ​មុន ។

អ្នកទិញ​ផ្ទះល្វែង​ជាង​៦០០​នាក់​នៅ​ក្នុង​គម្រោង Harmona ក្នុងស្រុក Tan Binh មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​មាន​គេ​ប្រាប់​ថា ផ្ទះ​របស់​ពួក​គេ​នឹង​ត្រូវ​រឹបអូស​ដោយ​ធនាគារ​មួយ ដោយសារ​តែ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៃ​គម្រោង​នេះ​បាន​ដាក់បញ្ចាំ​អគារ​នេះ និង​មិន​បាន​សង​ប្រាក់​កម្ចី ។

អគារ​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ធនាគារ​នៅ​ថ្ងៃ​ទី​៩ មិថុនា មាន​ន័យ​ថា មនុស្ស​ជិត​២​ពាន់​នាក់​ដែល​រស់នៅ​ទីនោះ​ត្រូវ​ចាក​ចេញពី​អា​ផាត​មិន​របស់​ពួក​គេ បើ​ទោះបីជា​ពួក​គេ​បាន​បង់ប្រាក់​គ្រប់គ្រាន់​សម្រាប់​អា​ផាត​មិន​របស់​ខ្លួន​រួច​ហើយ​ក្តី ។ ការ​បំពាន​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំងនេះ​បាន​ក្លាយទៅជា​កង្វល់​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។
ក្រុម​អ្នក​រិះគន់​ជា​ច្រើន​បាន​ចង្អុលបង្ហាញ​ថា មធ្យោបាយ​ដែល​ទីក្រុង​នេះ​បាន​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ជី​គម្រោង​ដែល​បាន​ដាក់បញ្ចាំ គឺ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទាំង​អ្នកទិញ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ហើយ​អាជីវកម្ម​របស់​ពួក​គេ​ក៏​រង​ផល​ប៉ះពាល់​ដែរ ។

បញ្ជី​នេះ​មាន​លក្ខណៈ​ធម្មតា ដោយ​គ្រាន់តែ​បង្ហាញ​ពី​ឈ្មោះ អាសយដ្ឋាន និង​ព័ត៌មាន​ផ្សេង​ទៀត ប៉ុន្តែ​មិនមែន​ជា​ស្ថានភាព​ច្បាស់លាស់​នៃ​គម្រោង​ទេ ។ ក្នុង​ករណី​ជា​ច្រើន ក្រុមហ៊ុន​អភិវឌ្ឍន៍​មិន​បាន​ខ្ចីប្រាក់​ទេ ប៉ុន្តែ​ត្រូវ​តែ​ដាក់បញ្ចាំ​គម្រោង​ទាំងនោះ​ទៅ​ធនាគារ ដើម្បី​ទទួល​បានការ​ធានា​ប្រគល់​សិទ្ធិ​ដោយ​ច្បាប់​អចលនទ្រព្យ ។

ច្បាប់​នេះ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មុន​ពេល​លក់ ឬ​ជួល​អចលនទ្រព្យ​ដែល​មិន​ទាន់​ធ្វើ​រួចរាល់ ត្រូវ​តែ​ទទួល​បានការ​ធានា​ពី​ធនាគារ ដែល​នឹង​សង​អ្នកទិញ បើសិនជា​អ្នកលក់​មិន​គោរព​តាម​កិច្ចសន្យា ។

ដូច្នេះ នេះ​ជា​ហេតុផល​ជាក់លាក់​ថា តើ​ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវ​ដាក់បញ្ចាំ​គម្រោង​របស់​ខ្លួន​ដើម្បី​ខ្ចី​លុយ ឬ​ដើម្បី​ទទួល​បានការ​ធានា​ពី​ធនាគារ ។

អ្នកទិញ​ជា​ច្រើន​បាន​ស្វែងរក​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​អន្ទះសា​នៅ​ពេល​ដឹង​ថា អចលនទ្រព្យ​របស់​ពួក​គេ​ត្រូវ​បាន​គេ​ដាក់បញ្ចាំ ។ អតិថិជន​មួយ​ចំនួន​មិន​សប្បាយ​ចិត្តជា​ខ្លាំង ដែល​ព័ត៌មាន​ឯកជន​របស់​ពួក​គេ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ នៅ​ពេល​សេចក្ដី​លម្អិត​ពី​ការ​បញ្ចាំ​អចលនទ្រព្យ​ត្រូវ​បាន​គេ​រាយ​ឈ្មោះ ។
ក្រុមហ៊ុន​អភិវឌ្ឍន៍​ជា​ច្រើន​ភ័យ​ខ្លាច​ថា អ្នកទិញ​ដែល​មាន​សក្តានុពល នឹង​មានការ​ប្រយ័ត្ន​ច្រើន​ចំពោះ​ការ​ទិញ​អចលនទ្រព្យ​ពី​ក្រុមហ៊ុន ។

ក្រុម​អ្នកវិភាគ​បាន​បញ្ជាក់​ថា ស្ថានភាព​ពិតប្រាកដ​នៃ​ការ​ដាក់បញ្ចាំ ក៏​គួរតែ​ផ្សព្វផ្សាយ​ផង​ដែរ ព្រោះ​វា​ជា​មូលហេតុ​ចម្បង​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​អ្នកទិញ។

ពួក​គេ​បន្ថែម​ថា មធ្យោបាយ​មួយ​ដែល​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​នេះ គឺ​ធនាគារ​ត្រូវ​ត្រួតពិនិត្យ​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ធានា​ឱ្យ​បាន​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំងនោះ​ប្រើប្រាស់​ប្រាក់​កម្ចី​បាន​ត្រឹមត្រូវ​តាម​គោលបំណង ហើយ​ត្រូវ​ធានា​ថា គម្រោង​នឹង​ត្រូវ​បាន​បញ្ចប់​ទាន់​ពេលវេលា ៕