ជនសង្ស័យ​មនុស្សឃាត​ត្រូវ​សមត្ថកិច្ច​ទៅ​ចាប់​ដល់​ផ្ទះ

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​នគរបាល​ស្រុក​កំ​រៀង​ទៅ​ចាប់​ឃាត់ខ្លួន​ដល់​ផ្ទះ​ដោយ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សួន បឿ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ  នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៦​កន្លង​ទៅ បាន​ដើរ​ព្រៃ​បរបាញ់​សត្វ​ក្បែរ​ភូមិ​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ សោម ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ដោយ​ប្រើ​អាវុធ​កែ​ច្នៃ​(​កា​បី​ន​)១​ដើម ខណៈ​ពេល​ដើរ​ព្រៃ ឈ្មោះ សោម ហេង បាន​ដើរ​ពីមុខ​ឈ្មោះ សួន បឿន ខណៈ​ដល់​ចំណុច​ព្រៃ​ជៀល​ភូមិ​ស្រែ កាំភ្លើង​ច្នៃ​ដែល​ឈ្មោះ សួន បឿន ស្ពាយ​ចំហៀង​បាន​រាលកៃ​ចំ​ភ្លៅ​ខាងឆ្វេង​របស់​ឈ្មោះ សោម ហេង ខណៈនោះ​ឈ្មោះ សួន បឿន ក៏​បាន​នាំ​ឈ្មោះ សោម ហេង ទៅ​ផ្ទះ​ដើម្បី​សង្គ្រោះ តែ​អកុសល​ក្រោយ​បញ្ជូន​ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយ​ទទួល​ដំណឹង​ថា មាន​ករណី​រាលកៃ​អាវុធ​ច្នៃ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ភ្លាម សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ សួន បឿន ខាងលើ​ដើម្បី​យក​មក​ផ្តន្ទាទោស ដោយ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា ។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​បាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៦​នេះ ៕