ប៉ូលិស​ថៃ​គិត​ថា ការ​វាយប្រហារ​ភេរវកម្ម​មួយ​ចំនួន​ជា​ស្នាដៃ​ពួក​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ថ្មី

ប៉ូលិស​ថៃ​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១២ សីហា ថា ពួក​ប្រឆាំង​នឹង​ការ​បោះ​ប្រជាមតិ​លើ​គម្រោង​រដ្ឋធម្មនុញ្ញ​ថ្មី​កាលពី​ថ្ងៃ​ទី​៧ សីហា អាច​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​មួយ​ចំនួន​នៅ​ខេត្ត​៥ របស់​ថៃ ។

ប្រមុខ​ប៉ូលិស​ថៃ លោក CHAKTHIP CHAIJINDA បាន​លើក​ឡើង​ពី​សេណា​រី​យ៉ូ​នេះ ក្រោយ​ការ​ធ្វើ​សន្និសីទ​មួយ​ជាមួយ​បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​ស៊ើបអង្កេត​លើ​ការ​ផ្ទុះ​គ្រាប់បែក​នានា​ដែល​មានការ​សម្របសម្រួល​គ្នា​ក្នុង​ទីក្រុង​ជា​ច្រើន​នា​ភាគ​ខាងត្បូង​ប្រទេស ។ តុល្យការ​បច្ចុប្បន្ន​នៃ​ការ​វាយប្រហារ​ទាំងនេះ​អ្នក​ស្លាប់មាន​៤​នាក់ និង​អ្នក​របួស​៣៥​នាក់ ។

ប៉ូលិស​ថៃ​បដិសេធ​ពី​ការ​វាយប្រហារ​ភេរវកម្ម​អន្តរជាតិ​ដោយ​វាយតម្លៃ​ថា នេះ​អាច​ជា​សកម្មភាព​វាយប្រហារ​ក្នុងស្រុក​ដែល​សំដៅ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ទេសចរណ៍​របស់​ថៃ ។

ប្រមុខ​ប៉ូលិស​ថៃ​គូសបញ្ជាក់​ទៀត​ថា គ្រឿងផ្ទុះ​ដែល​ប្រើ​ជា​គ្រឿងផ្ទុះ​ដូច​គ្នា​នឹង​គ្រាប់បែក​កែ​ច្នៃ​ដែល​ប្រើ​ក្នុង​ការ​វាយប្រហារ​នៅ​ខេត្ត​៣​ចុង​ខាងត្បូង​ថៃ ។

អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​ទី​១៣ សីហា បាន​ស្នើ​ឱ្យ​ពង្រឹង​សន្តិសុខ​ក្នុង​ប្រទេស​ទាំងមូល ពិសេស​បណ្តា​កន្លែង​សាធារណៈ​ស្ថានីយ​រថភ្លើង ឬ​ស្ថានីយ​រថយន្ត ព្រមទាំង​បណ្តា​ព្រ​លាន​​យន្តហោះ ។ នៅ​ហ៊ួ​ហ៊ី​នទី​ក្រុង​កម្សាន្ត​មាត់សមុទ្រ​ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​បាងកក ហើយ​ជា​កន្លែង​មាន​ព្រះរាជ​ដំណាក់​របស់​គ្រួសារ​រាជវង្ស រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​ការ​វាយប្រហារ​ទាំងនេះ​ជាមួយ​មនុស្ស​ស្លាប់​២​នាក់ ។

នា​ព្រឹក​ថ្ងៃ​ទី​១៣ សីហា នៅ​ហ៊ួ​ហ៊ី​ន​ជីវភាព​ហាក់ដូច​វិល​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ ក៏​ប៉ុន្តែ​បណ្តា​អ្នក​រកស៊ី​ខាង​ទេសចរណ៍​មានការ​បារម្ភ​ចំពោះ​ការ​ភ័យ​ខ្លាច​របស់​អ្នកទេសចរ​បរទេស ៕