MV ថ្មី​របស់ Christina Grimmie ទើប​ចេញ ក្រោយ​ម្ចាស់​បទ​ស្លាប់​បាន​ពីរ​ខែ

ថ្មី​ៗ​នេះ ឪពុក​ម្ដាយ​របស់​អតីត​បេក្ខនារី​កម្មវិធី The Voice អាមេរិក Christina Grimmie ដែល​ត្រូវ​គេ​បាញ់​សម្លាប់​កាល​ពី​ខែ​មិថុនា បាន​បង្ហោះ​វីដេអូ​ចម្រៀង​ទី​មួយ ក្នុង​ចំណោម​វីដេអូ​ចម្រៀង​៤​បទ​របស់​នាង​​សម្រាប់​សាច់​រឿង​ “The Ballad of Jessica Blue”។

 

MV ថ្មី​របស់ Christina Grimmie ទើប​ចេញ ក្រោយ​ម្ចាស់​បទ​ស្លាប់​បាន​ពីរ​ខែ

 

ក្នុង​វីដេអូ​ចម្រៀង​​ដែល​មាន​ចំណងជើង​ថា “Snow White” Grimmie បាន​សម្ដែង​ជា​តួ​ក្មេង​ស្រី​ឈ្មោះ Jessica ដែល​កំពុង​ជួប​បញ្ហា​​ស្នេហា ដោយ​មិន​ដឹង​ថា​គួរ​ជ្រើសរើស​អ្នក​ណា​ក្នុង​ចំណោម​បុរស​ពីរ​នាក់​ដែល​ស្រឡាញ់​នាង។

 

វីដេអូ​ចម្រៀង​ជា​សាច់​រឿង​ “The Ballad of Jessica Blue” ទាំង៤​បទ ត្រូវ​បាន​ថត​កាល​ពី​ខែ​កុម្ភៈ ដោយ​បទ​ទាំង​អស់​នោះ​រួម​មាន “Snow White” , “Anybody’s You”​, “Deception” , និង “Without Him” ដែល​សុទ្ធសឹង​ជា​បទ​ក្នុង​អាល់ប៊ុម “Side A”។

 

អតីត​កូន​ក្រុម​តារា​ចម្រៀង Adam Levine រូប​នេះ ត្រូវ​បាន​គេ​សម្លាប់​កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា នៅ​អាយុ ២២ឆ្នាំ បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​នៅទីក្រុង Orlando រដ្ឋ Florida ដោយ​ខ្មាន់​កាំភ្លើង​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​គាំទ្រ​​ដ៏​ងប់ងល់​ម្នាក់​របស់​នាង ៕

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ thewrap