គយ​ម្នាក់​ផឹក​ស្រវឹង​ដក​កាំភ្លើងខ្លី​ភ្ជង់​រក​បាញ់​គេ

ខេត្តបាត់ដំបង ៖  មន្ត្រី​គយ​ប្រចាំ​ស្នាក់​ការ​ច្រក​តំបន់ «​អូរ​រំដួល​»  ស្រុក​ភ្នំព្រឹក​ម្នាក់ បាន​ដក​កាំភ្លើងខ្លី​គំរាម​រក​បាញ់​សម្លាប់​គូកន​របស់​ខ្លួន ដែល​កំពុង​ផឹកស៊ី​ក្នុង​ពិធី​ខួបកំណើត​មួយ​ជាមួយ​គ្នា​នៅផ្ទះ​មន្ត្រី​គយ​ម្នាក់​ទៀត ដែល​នៅ​ស្រុក​ភ្នំព្រឹក​ដែរ តែ​ត្រូវ​គេ​ព្យាយាម​បិត​បាំង​ព័ត៌មាន​នេះ​យ៉ាង​ស្ងាត់ស្ងៀម​បំផុត អស់​រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍​កន្លង​មក​ហើយ ដោយ​គ្មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ពី​សមត្ថកិច្ច​ទេ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ សីហា ២០១៦ នេះ​។

ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត​នេះ​បាន​ប្រាប់​ថា  ហេតុការណ៍​នោះ​បាន​កើតឡើង​តាំងពី​ល្ងាច​ថ្ងៃ​ទី​០៥ សីហា នៅ​ក្នុង​ពិធី​ខួបកំណើត​មួយ នៅផ្ទះ​របស់​ឈ្មោះ វ៉ា​ន់ នៅ​ស្រុក​ភ្នំព្រឹក តែ​ម្ចាស់​កម្មវិធី​រូប​នេះ ជា​មន្ត្រី​គយ​ប្រចាំ​ច្រកព្រំដែន​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។ ដោយឡែក​ជន​ឈ្មោះ ប៊ុ​ន​រិ​ទ្ធ មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​ច្រក​តំបន់ «​អូរ​រំដួល​» ស្រុក​ភ្នំព្រឹក​។

អ្នក​ឃើញ​ហេតុការណ៍​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ពេល​កំពុង​ផឹកស៊ី ស្រាប់តែ​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក រវាង​មន្ត្រី​គយ​ឈ្មោះ ប៊ុ​ន​រិ​ទ្ធ ជាមួយ​មិត្ត​រួម​តុ ហើយ​ភ្លាម​នោះ​គេ​ឃើញ​ឈ្មោះ​ប៊ុ​ន​រិ​ទ្ធ នេះ​បាន​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក  ភ្ជង់​គំរាម​រក​បាញ់​គូសត្រូវ​របស់​ខ្លួន​នៅ​ក្នុង​វង់​ផឹកស៊ី​តែ​ម្ដង បង្កចលាចល​ពេញ​កម្មវិធី តែ​ត្រូវ​គេ​ជួយ​ចាប់ និង​ដក​កាំភ្លើង​ចេញ ថែម​ទាំង​ដោះ​យក​បង់​កាំភ្លើង​ទុក​ទៀត​ផង​។

សាក្សី​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​នោះ ក៏​មាន​មន្ត្រី​នានា រួម​ទាំង​សមត្ថកិច្ច​ផង បាន​ចូលរួម​ផឹកស៊ី តែ​គ្មាន​សមត្ថកិច្ច​ក្នុង​អង្គភាព​ណាមួយ​ចេញ​អន្តរាគមន៍​ទេ​។ មិន​ត្រិ​ម​តែ​ប៉ុណ្ណោះ រហូត​មក​ដល់​ពេល​នេះ ទាំង​សមត្ថកិច្ច ទាំង​ក្រុម​ជន​បង្ក ហាក់​បាន​សមគំនិត​គ្នា​ព្យាយាម​បិទ​សំណុំរឿង​នេះ​ស្ងាត់ឈឹង​តែ​ម្ដង ដែល​នាំ​ឲ្យ​មហាជន​និយាយដើម​លាន់​ទ្រហឹង​ពេញ​ស្រុក​ភ្នំព្រឹក​៕