ស្ត្រី​ម្នាក់​យំឡាំប៉ា ខណៈ​អាជ្ញាធរ​រុះរើ​ផ្ទះ​របស់​គាត់

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជា​កម្លាំង​ប្រជា​ការពារ​ភូមិ​ជា​ច្រើន​នាក់​ធ្វើការ​រុះរើ​ផ្ទះ​ពល​ដ្ឋ​មួយ​កន្លែង​ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត កាល​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៦ ដោយ​អះអាង​ថា បើ​ទុក​តទៅ​ទៀត​និង​រាំងស្ទះ​ដល់​ដំណើ​ការ​អភិវឌ្ឍន៍​ផ្លូវ​រថយន្ត​ភ្លើង​ត​ភ្ជាប់​ព្រំដែន ខណៈ​ម្ចាស់​ដី​រវល់​តែ​ប្តឹងប្តល់​គ្នា​ទាមទារ​ផលប្រយោជន៍​រៀង​ៗ​ខ្លួន ។

ផ្ទះ​ដែល​អាជ្ញាធរ​បញ្ជា​ឲ្យ​កម្លាំង​ប្រជា​ការពារ​ភូមិ​រុះរើ​នោះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ទួន វី អាយុ​៦៣​ឆ្នាំ កាន់​ឯកសារ​ទៅ​យំឡាំប៉ា​រៀបរាប់​ថា ជា​ដី​របស់​គាត់​មិន​ទាន់​ទទួល​បាន​សំណង​ផល​ប៉ះពាល់​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) នៅឡើយ​ទេ ។

ស្ត្រី​ខាងលើ​បន្ត​ថា ការ​រុះរើ​ផ្ទះ​របស់​គាត់​ពី​សំណាក់​ក្រុម​ប្រជា​ការពារ​ភូមិ​នេះ គាត់​មិន​បាន​ឯកភាព​នោះ​ទេ ។ ស្ត្រី​ចំណាស់​ខាងលើ​បន្ត​ថា គាត់​មាន​ដី​ប៉ះពាល់​ផ្លូវ​រថភ្លើង​៤​កន្លែង​នៅ​ក្នុងភូមិ​កើតហេតុ ដោយ​ដី​ទាំងនោះ​បាន​ទិញ​ពី​គេ​មាន​ទាំង​ឯកសារ​យក​មក​លើក​បង្ហាញ​ថែម​ទៀត តែ​ថា គាត់​មិន​ទាន់​បាន​ទទួល​សំណង​នៅឡើយ​ទេរ​ហូត​មក​ទល់​ពេល​នេះ ។

ស្ត្រី​ចំណាស់​ខាងលើ​បន្ត​ថា ដី​គាត់​ត្រូវ​បុរស​ម្នាក់​ឈ្មោះ អ៊ឹ​ង ស៊ី​ហ៊ុន អាយុ​៦៩​ឆ្នាំ រំលោភ​យក និង​រស់នៅ​លើ​ផ្ទះ​ដែល​អាជ្ញាធរ​កំពុង​រុះរើ ខណៈ​ពេល​គាត់​កំពុង​ធ្លាក់ខ្លួន​ឈឺ​ហើយ​ទៅ​មើលជម្ងឺ​នៅ​ឯ​ភ្នំពេញ​កាលពី​ឆ្នាំ​២០០១ ។ ស្ត្រី​ខាងលើ​បាន​បង្ហាញ​ឯកសា​ហើយ​និយាយ​ថា រាល់​ឯកសារ​ទិញ​ដី​ទាំងអស់​មាន​តែ​ឈ្មោះ​គាត់​ម្នាក់ឯង ពុំ​មានឈ្មោះ​បុរស​ខាងលើ​ទេ ។

ជួប​ផ្ទាល់​ជាមួយ​បុរស​ចំណាស់​ឈ្មោះ អ៊ឹ​ង ស៊ី​ហ៊ុន ប្រាប់​ថា ស្ត្រី​ខាងលើ​ជា​ប្រពន្ធ​របស់​គាត់ ដោយ​បាន​រៀប​ការ​ជាមួយ​គ្នា​កាលពី​ឆ្នាំ​១៩៩៦ ហើយ​ថា ស្ត្រី​ខាងលើ​បាន​រត់​ចោល​គាត់​កាលពី​ឆ្នាំ​២០០១ ។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​«​កោះសន្តិភាព​»​ថា ផ្ទះ​ខាងលើ​ក្រោយ​ការ​រុះរើ និង​សាងសង់​ឲ្យ​វិញ​លើ​ដី​ដែល​នៅ​សេសសល់​របស់​ម្ចាស់ផ្ទះ មិនតែប៉ុណ្ណោះ​លោក​ថា អាជ្ញាធរ​ក្រុង​នឹង​ជួយ​ឧ​ប​ត្ថ​ម​ទឹកប្រាក់​ចំនួន​៥០០​ដុល្លារ​ថែម​ទៀត ។

ជុំវិញ​គ្រួសារ​ម្ចាស់ផ្ទះ លោក​អភិបាល​លើក​ឡើង​ថា ដោយ​រវល់​តែ​ប្តឹងផ្តល់​គ្នា​ទាមទារ​ប្រយោជន៍​រៀងខ្លួន ខាង​ស្រី​បដិសេធ​ថា បុរស​ខា​លើ​មិនមែន​ជា​ប្តី ឯ​បុរស​ខាងលើ​អះអាង​ថា​ជា​ប្តី​របស់​ស្ត្រី​ខាងលើ ម្យ៉ាង​ស្ថាប័ន​ច្បាប់​មិន​ទាន់​កាត់ក្តី​ឲ្យ​ខាង​ណា​ជា​អ្នក​ឈ្នះ ទើប​ប្រាក់​សំណង​ផល​ប៉ះពាល់​ផ្លូវ​រថភ្លើង ខាង ADB មិន​ទាន់​ដឹង​ថា គួរ​ប្រគល់​ឲ្យ​អ្នក​ណា​ទេ ៕