ឈរ​ផ្សារ​ដែក​សុខ​ៗ ស្រាប់តែ​សន្លប់​ស្តូកស្តឹង

ខេត្តកំពង់ចាម ៖  បុសរ​ជា​ជាង​ផ្សារ​ដែក​ម្នាក់​ខណៈ​កំពុង​ឈរ​ផ្សារ​ដែក​ពិ​ដាន​ផ្ទះ​សុខ​ៗ ចៃដន្យ​អាក្រក់​ស្រាប់តែ​ខ្សែភ្លើង​កកិត​នឹង​ដែក​រលាត់​ឆ្លង​ចរន្តអគ្គិសនី​ឆក់​សន្លប់​ស្តូកស្តឹង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ដំបង​ដែក ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​កោះរ​ការ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជាង នី​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជាង​ផ្សារ​ដែក មានស្រុក​កំណើត​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ជាង​រូប​នេះ​បាន​មក​ផ្សារ​ដែក​នៅផ្ទះ​មេជាង​របស់​ខ្លួន​ឈ្មោះ ឡា​ត់ ភេទ​ប្រុស នៅ​ភូមិ​ដំបង​ដែក ដោយ​ធ្វើ​ទ្វារ បង្អួច និង​ដំបូល  ដើម្បី​យក​ប្រាក់​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ ។

មន្ត្រី​ដដែល​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ជន​រង​គ្រោះ​កំពុង​ឈរ​ផ្សារ​ដែក​ពិ​បាន​ផ្ទះ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​បាន​ពាក់​ស្បែកជើង ស្រាប់តែ​ចៃដន្យ​ខ្សែភ្លើង​បាន​កកិត​នឹង​ដែក​បណ្ដាល​ឲ្យ​ដាច់​រលាត់​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ជន​រង​គ្រោះ​សន្លប់​ស្តូក​តែ​ម្តង ភ្លាម​ៗ​នោះ​ក្រុម​ជាង​ដែល​នៅ​ក្បែរ​នាំ​គ្នា​ស្ទុះ​ទៅ​ដក​ឌុ​យ​ភ្លើង​ចេញ ហើយ​សែង​ទៅ​ដាក់​នៅ​ក្រៅ​ផ្ទះ និង​ធ្វើការ​សង្គ្រោះ​ជាបឋម ដោយ​ប្រឹងប្រែង​ធ្វើ​ចលនា​បេះដូង និង​បាន​កប់​ក្នុង​ពំនូក​ខ្សាច់ បន្ទាប់​មក​បាន​ហៅ​រថយន្ត​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​កោះរ​ការ បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែសីហា បន្ទាប់​ពី​បាន​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម រហូត​មក​ដល់​ថ្ងៃ​ទី​១៣ សីហា ក្រោយ​ពី​គ្រូពេទ្យ​បាន​យកចិត្តទុកដាក់​នោះ​ក៏​បាន​ធូរស្រាល និង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ដែរ ៕