១០ វិធី ដើម្បី​បញ្ចុះបញ្ចូល​កូនតូច​ឱ្យ​ញ៉ាំ​អាហារ​សុខភាព​

6 Videos


ទម្លាប់ក្នុងការញ៉ាំអាហារ គឺជា មេរៀនដែលមាតាបិតាគួរតែបង្រៀនកូនតាំងពីកូននៅតូច ។ ការទម្លាប់ឱ្យកូនតូចញ៉ាំអាហារសុខភាព នឹងជួយបង្កើតទម្លាប់សុខភាពល្អមួយរហូតដល់កូនធំធាត់ឈានចូលពេលពេញវ័យ ។ សង្គមបច្ចុប្បន្នហាក់ងាករេពីអាហារសុខភាព ដោយផ្តោតលើអាហារកំប៉ុង អាហារវេចខ្ចប់ និងអាហារក្លាស្សេច្រើនដែលអាហារទាំងនេះមិនមានឬមិនសូវមានជីវជាតិចិញ្ចឹមដូចអាហារស្រស់ចម្អិនដោយខ្លួនឯងទេ ថែមទាំងមួយចំនួនអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកញ៉ាំទៀតផង ។

ជាការល្អ ស្ត្រីជាមាតា គួរឆ្លៀតពេលបង្កបរិយាកាស និង បង្ហាត់បង្រៀនកូនតូចឱ្យចូលចិត្តអាហារសុខភាព និង ចៀសវាងអាហារមិនល្អពីរបបអាហារប្រចាំថ្ងៃ ។

តើគួរធ្វើយ៉ាងណាទើបកូនតូចបែរមកចូលចិត្តអាហារសុខភាពវិញនោះ ?

១ – ធ្វើជាគំរូ
មូលហេតុស្ថិតនៅពីក្រោយចំណូលចិត្តអាហាររបស់ក្មេង គឺទម្លាប់ញ៉ាំរបស់ម្តាយឪពុកនេះតែម្តង ។ ពុំបាច់ឆ្ងល់ឡើយ ប្រសិនបើអ្នកទម្លាប់ញ៉ាំអាហារវេចខ្ចប់ និងក្លាស្សេ នោះកូនៗនឹងរៀនទម្លាប់តាមអ្នកដូចគ្នា។ ដើម្បីផ្លាស់ប្តូរចរិតនេះចេញ អ្នកគួរចាប់ផ្តើមពីការទិញអាហារសុខភាពដាក់ទូរ និងទូរទឹកកក ហើយញ៉ាំជាមួយគ្នា ដើម្បីជាគំរូល្អដល់ក្មេង ។

២ – នាំកូនដើរផ្សារជាមួយគ្នា
អ្នកគួរនាំកូនដើរផ្សារជាមួយម្តងម្កាល ប្រសិនបើមិនអាចនាំទៅគ្រប់ពេលទេនោះ។ ការដើរផ្សារ អាចថាបានជាការកំសាន្ត និង ការស្វែងយល់របស់ក្មេងតូច ដែលគាត់អាចរៀនដឹង និង ស្គាល់អាហារពីប្រភពដើម និង មានចម្ងល់សាកសួរអ្នក នៅអ្វីថ្មីៗដែលខ្លួនមិនទាន់ស្គាល់ ។ ការធ្វើបែបនេះ អាចឱ្យកូនមានឱកាសស្វែងយល់ពីចំណូចចិត្តរបស់ខ្លួន និងមានចំណាប់អារេម្មណ៍ផ្សារភ្ជាប់នឹងអាហារ និងការចម្អិនបានច្រើនជាងប្រក្រតី។

៣ – មានភាពបត់បែន
អ្នកគួររំលឹកខ្លួនឯងផងដែរថា មិនត្រូវរំពឹងលទ្ធផលគាប់ប្រសើរពេកទេ ពោលគឺសឹមៗកុំបំបោល មានន័យថា អ្នកអាចចាប់ផ្តើមដោយការបញ្ជ្រាបអាហារសុខភាពបន្តិចម្តងៗ ដោយមិនអាចផ្លាស់ប្តូរទាំងគំហុក ដូចជា បញ្ឈប់ការញ៉ាំដំឡូងចៀន មកញ៉ាំបន្លែផ្លែឈើតែម្តងទេ។ អ្នកអាចឱ្យរង្វាន់ដល់កូន ដូចជា នំកូគី នៅពេលគេញ៉ាំអាហារសុខភាពបានច្រើន ដើម្បីលើកទឹកចិត្ត និង បង្កភាពជិតស្និទ្ធ ។

៤ – បង្កើតបរិយាកាសរីករាយ
ក្មេងតូចចូលចិត្តអ្វីដែលរីករាយ សប្បាយ និង ស្រស់ស្រាយ ដូចនេះអ្នកគួរបង្កបរិយាកាសអំណោយផលនៅពេលញ៉ាំអាហារ ដូចជា ឱ្យកូនងើបដើរលេងខ្លះ សួរពីចំណូលចិត្តកូនថាចង់ញ៉ាំអ្វី រៀបចំចានស្លាបព្រាតុក្កតាដែលកូនចូលចិត្ត ឬ ឱ្យកូនជួយរៀបតុអាហារជាដើម ។

៥ – កុំតក់ក្រហល់
ការណែនាំអាហារថ្មីដល់កុមារ ពុំមែនជារឿងងាយនឹងបញ្ចុះបញ្ចូលទេ យ៉ាងហោចណាស់អ្នកត្រូវព្យាយាមដប់ម្ភៃដង ទើបកូនតូចយល់ព្រម។ ដូចនេះពេលចម្អិនអាហារ អ្នកគួរត្រៀមជាស្រេចនូវអាហារដែលអ្នកប្រាកដថាកូនតូចញ៉ាំ និងអាហារដែលអ្នកនឹងបង្រៀនឱ្យគាត់ចេះញ៉ាំ។

៦ – កុំឱ្យពាណិជ្ជកម្មក្នុងទូរទស្សន៍ពង្វក់ចិត្តកូន
ភាគច្រើន ស្ពតពាណិជ្ជកម្មអាហារមួយចំនួន ដូចជា ហែមប៊ឺហ្គឺ ដំឡូងចៀន មាន់ចៀន ទឹកក្រូច គឺសុទ្ធសឹងជាអាហារប៉ះពាល់ដល់សុខភាព ដែលអ្នកមិនគួរបណ្តោយឱ្យកូនមើលទេ ពុំនោះអ្នកអាចប្រឈមនឹងការលំអុករបស់កូនមិនខាន។ ហេតុនេះហើយ ទើបមានកម្មវិធីខ្លះមិនស័ក្តិសមនឹងកុមារ។ មួយវិញទៀត អ្នកអាចចម្អិនអាហារនោះដោយខ្លួនឯង ប្រើគ្រឿងផ្សំល្អៗ ជាជាងទិញពីក្រៅមក ។

៧ – កុំប្រើអាហារជាគ្រឿងលើកទឹកចិត្ត រង្វាន់ ឬទណ្ឌកម្មចំពោះកូន
ប្រាកដណាស់ អាហារពិតជាធ្នាក់ទាក់ចិត្តក្មេងតូច ដ៏មានប្រសិទ្ធភាពបំផុត ប៉ុន្តែនេះពុំមែនជាទម្លាប់ល្អទេ ។ អ្នកអាចប្រើអាហារដើម្បីលើកទឹកចិត្តកូន តែក៏ត្រូវមើលពីកាលទេសៈដែរ ឧទាហរណ៍ អ្នកអាចទិញការ៉េម ឬទឹកដោះគោជូរសម្រាប់កូន នៅពេលដើរលេង ឬ ឱ្យគាត់ញ៉ាំងស្ករគ្រាប់ នៅពេលនាំទៅពេទ្យ ប៉ុន្តែអ្នកមិនគួរលើកទឹកចិត្តក្មេងនៅពេលគេលេងហ្គេមពូកែទេ ហើយកាន់តែមិនគួរបង្អត់អាហារដែលក្មេងចូលចិត្ត នៅពេលក្មេងធ្វើអ្វីខុសដែរ ព្រោះនេះជាវិធីដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និង មនោសញ្ចេតនារបស់ម្តាយកូន ។

៨ – ជំនួយការក្នុងផ្ទះបាយ
ក្មេងតូចទោះជាមិនអាចជួយបានច្រើន ឬរំខានទៀតក៏មាន តែការបណ្តោយឱ្យកូនបានចូលរួម ឬចែករំលែកកិច្ចការចង្ក្រាននេះ គឺជាមេរៀន និង វិធីបញ្ជ្រាបចំណូលចិត្តមកលើអាហារដ៏មានប្រសិទ្ធភាព ។ ប្រសិនបើកូននៅតូចពេក អ្នកអាចទិញរបស់លេងជាគ្រឿងផ្ទះបាយ ។

៩ – កុំបន្ទុចបង្អាក់ការញ៉ាំអាហាររបស់កុមារ
ឳពុកម្តាយមួយចំនួនមិនចង់ឱ្យកូនញ៉ាំច្រើន ព្រោះខ្លាចកូនធាត់ពេក ខូចរាង មិនស្អាត ប៉ុន្តែនេះជាការយល់ខុសហើយ ។ ក្នុងវ័យកុមារអាហារគឺជាកត្តាចំបងដែលមិនអាចខ្វះបាន។ ក្មេងស្គម ឬធាត់ មិនសំខាន់ សំខាន់ គឺគាត់ទទួលបានអាហារគ្រប់គ្រាន់ និង មានសារធាតុចិញ្ចឹមបរិបូរណ៌។ ប្រសិនបើអ្នកចង់ឱ្យកូនស្អាតរាងសង្ហា អ្នកគួរកុំប្រើវិធីបង្អត់អាហារ គួរនាំកូនទៅហាត់ប្រាណដើម្បីសុខភាពទើបប្រសើរ ។

១០ – កុំមើលរំលងអាហារពេលព្រឹក
អាហារពេលព្រឹកជាអាហារដ៏សំខាន់ជាងគេក្នុង១ថ្ងៃ ដែលអ្នកគួរតែរៀបចំឱ្យកូន និង មានបរិមាណច្រើនជាងអាហារផ្សេងៗ ។ ការទទួលទានអាហារពេលព្រឹកមិនគ្រប់គ្រាន់ ឬមិនញ៉ាំ អាចនឹងប៉ះពាល់ដល់ស្មារតីរបស់កុមារ និង ឆាប់នឿយហត់ មិនចង់រៀនសូត្រក៏មាន ។ អាហារពេលព្រឹកសមស្របសម្រាប់កុមារ គួរមាន ៥០០ កាឡូរី រួមមានប្រូតេអ៊ីន ខ្លាញ់ល្អ កាបូអ៊ីដ្រាត វីតាមីន និង សារធាតុរ៉ែចាំបាច់ ។

                                                             លក្ខិណា