ខួបកំណើត​គម្រប់​90​ឆ្នាំ លោក​ហ្វ៊ី​ដែល កា​ស្ត្រូ លេចមុខ​រិះគន់​លោក​អូ​បា​ម៉ា

នា​ឱកាស​ខួបកំណើត​គម្រប់​៩០​ឆ្នាំ​នា​ថ្ងៃ​ទី​១៣ សីហា លោក​ហ្វ៊ី​ដែល កា​ស្ត្រូ បិតា​បដិវត្តន៍​គុយ​បា​បាន​បង្ហាញ​មុខជា​សាធារណៈ​លើក​ដំបូង​ចាប់តាំងពី​៤​ឆ្នាំ​មក​ហើយ រួច​លោក​បាន​ធ្វើការ​រិះគន់​នានា​ចំពោះ​សហរដ្ឋ​អា​មេ​រិ​ក ។

ក្នុង​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «​ថ្ងៃ​ខួបកំណើត​» ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​១២ សីហា​ក្នុង​សារព័ត៌មាន​រដ្ឋ​ឈ្មោះ COMANDANTE  លោក​កា​ស្ត្រូ​បាន​រំលឹក​ពី​ការ​ប៉ុន​ប៉ង​ផ្ទួន​ៗ​របស់​សហរដ្ឋអាមេរិក ដើម្បី​ធ្វើឃាត​រូប​លោក​ពេល​លោក​ដឹកនាំ​ប្រទេស ។ យោង​តាម​ផ្នែក​ស៊ើបការណ៍​គុយ​បា​ថា លោក​ហ្វ៊ី​ដែល កា​ស្ត្រូ ជា​គោលដៅ​នៃ​ការ​ប៉ុនប៉ង​ធ្វើឃាត​ដល់​ទៅ​៦៣៤​លើក​រវាង​ឆ្នាំ​១៩៥៨​ទៅ​២០០០ ។ លោក​ហ្វ៊ី​ដែល​កា​ស្ត្រូ ក៏​រិះគន់​ផង​ដែរ​ចំពោះ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ពេល​ទៅ​កាន់​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ជា​ប្រវត្តិសាស្ត្រ​ពុំ​បាន​ធ្វើការ​សុំ​ទោស​ចំពោះ​វិញ្ញាណក្ខន្ធ​នៃ​បណ្តាជន​រង​គ្រោះ​ដោយសារ​ការ​ទម្លាក់​គ្រាប់បែកបរមាណូ​អា​េ​ម​រិ​ក​នៅ​ទីនោះ ។ លោក​ហ្វ៊ី​ដែល​កា​ស្ត្រូ ថ្លែង​ថា សុន្ទរកថា​របស់​ប្រធានា​ធិបតី​អា​េ​ម​រិ​ក​នៅ​ជប៉ុន​ពុំ​មានការ​សុំ​ទោស​ចំពោះ​ការ​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ទោះបីជា​សហរដ្ឋ​អា​េ​ម​រិ​ក​ទទួលស្គាល់​បណ្តា​ឥទ្ធិពល​នៃ​គ្រាប់​បែក​​នេះ​ក្តី ។

ទន្ទឹម​នឹង​នេះ លោក​ហ្វ៊ី​ដែល​កា​ស្ត្រូ បាន​សម្តែង​ការ​គោរព​ចំពោះ​បណ្តា​ប្រទេស​មហាអំណាច ពិសេស​ចិន និង​រុ​ស្ស៊ី​ដែល​ប្រធានាធិបតី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​ជូនពរ​លោក​ឱ្យ​មាន​សុខភាព​ល្អ អាយុ​យ៉ឺ​ន​យូរ ហើយ​សូម​ឱ្យ​មិត្ត​គុយ​បាទ​ទួល​បាន​ភាព​រុងរឿង ៕