បុរស​ម្នាក់​វាយប្រហារ​ក្នុង​ទូរថភ្លើង​មួយ​នៅ​ស្វ៊ី​សរ​បួស​6​នាក់

ប៉ូ​លិ​ស​រាយការណ៍​ថា យុវជន​ស្វ៊ី​សម្នាក់​អាយុ​២៧​ឆ្នាំ​កាលពី​ថ្ងៃ​ទី​១៣ សីហា បាន​ដុត​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​ក្នុង​ទូរថភ្លើង​មួយ រួច​ប្រើ​កាំបិត​ចាក់​ពួក​អ្នកដំណើរ​ក្នុង​រថភ្លើង​មួយ​ខ្សែ​នៅ​ភាគ​ឦសាន​ប្រទេស​ស្វ៊ី​ស បណ្តាល​ឱ្យ​មនុស្ស​៦​នាក់​រង​របួស ក្នុង​នោះ​មាន​កុមារ​ម្នាក់​អាយុ​៦​ឆ្នាំ​។

អំពើ​ហិង្សា​នេះ​កើត​មាន​នា​វេលា​រសៀល​ក្នុង​រថភ្លើង​មួយ ដែល​រត់​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​លិច​តិច​ស្តា​ញ ។ ប៉ូលិស​តំបន់ SAINT GALL ក្នុង​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​ថា ជន​វាយប្រហារ​ក៏​រង​របួស​ដែរ ។ រដ្ឋ​អាជ្ញា​ក្រុង SAINT-GALL បាន​បើក​ការ​ស៊ើបអង្កេត​មួយ​ពី​បទឧក្រិដ្ឋ​ទាក់ទិន​រឿង​នេះ ។

ប៉ូលិស​និយាយ​ថា បុរស​ជនជាតិ​ស្វ៊ី​ស​អាយុ​២៧​ឆ្នាំ​រូប​នេះ បាន​ចាក់​វត្ថុ​រាវ ដែល​ងាយ​ឆេះ​ហើយ​ដុត រួច​រូបគេ​កាន់​កាំបិត​មួយទៀត​ផង ។ អ្នកដំណើរ​៦​នាក់​ដែល​របួស ព្រមទាំង​ជន​វាយប្រហារ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ការ​រលាកភ្លើង ឬ​ដោយសារ​ការ​ចាក់ ។

ការ​វាយប្រហារ​នេះ​កើត​មាន​ខណៈ​បរិយាកាស​មាន​ភាព​តានតឹង​ខ្លាំង​នៅ​អឺរ៉ុប មក​ពីរ​លក​នៃ​ការ​វាយប្រហារ​ភេរវកម្ម​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ។ ការ​វាយប្រហារ​ទាំងនេះ​ភាគច្រើន​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕