ដាក់​ពង្រាយ​រថក្រោះ មី​ស៊ី​ល និង​កងទ័ព ពេល​ផ្ទុះ​ភាព​តានតឹង​ជា​ថ្មី​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន

ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ ឧបទ្វីប​គ្រី​មេ​ដែល​បញ្ចូល​ទៅ​ក្នុង​ដែនដី​រុ​ស្ស៊ី​កាលពី​ឆ្នាំ​២០១៤ ក្លាយជា​កម្មវត្ថុ​នៃ​ការ​កើនឡើង​ភ្លាម​ៗ​នៃ​ភាព​តានតឹង​យ៉ាង​ខ្លាំង​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​។

ភាព​តានតឹង​នេះ​មាន​កាន់តែ ខ្លាំង​ឡើង​កាលពី​ថ្ងៃ​ទី​១២ សីហា ជាមួយ​ការ​ប្រកាស​របស់​ក្រុង​មូ​ស្គូ ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស និង​ប្រឆាំង​មី​ស៊ី​ល​ជំនាន់​ថ្មី S-400 នៅ​តាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន ។

ប្រទេស​រុ​ស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា ចង់​បង្ក​អ​ស្ថេ​រ​ភាព​នៅ​តំបន់​គ្រី​មេ ដោយ​បញ្ជូន​មក​កាន់​ទីនោះ​នូវ​ក្រុម​ប្រដាប់​អាវុធ​នានា តែ​ក្រុង​គៀវ​បាន​បដិសេធ ។ សហគមន៍​អន្តរជាតិ​អំពាវនាវ​ដល់​ប្រទេស​ទាំង​២​ឱ្យ​ចៀសវាង​ការ​បង្កើន​ភាព​តានតឹង​ដោយ​ខ្លាច​ជម្លោះ​អ៊ុយ​ក្រែ​ន​ផ្ទុះ​ឡើង​វិញ ។

ភ្នាក់ងារ​សម្ងាត់​រុ​ស្ស៊ី FSB អះអាង​កាលពី​ថ្ងៃ​ទី​១០ សីហា ពី​ការ​ចាប់ខ្លួន​ពួក​ភេរវ​ករ​អ៊ុយ​ក្រែ​ន​ជា​ច្រើន​នាក់​ដែល​ទទួល​បន្ទុក​ធ្វើការ​វាយប្រហារ​ភេ​វ​កម្ម​នានា ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ទាំងឡាយ ដែល​បណ្តាល​ឱ្យ​ខាង​រុ​ស្ស៊ី​ស្លាប់​២​នាក់ ។ ភ្លាម​ៗ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​ចោទប្រកាន់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ថា ឈាន​ទៅ​ប្រើ​ភេរវកម្ម​ក្នុង​គោលបំណង​បង្ក​ស្ថេ​រ​ភាព​នៅ​តំបន់​គ្រី​មេ ។

ក្រុង​គៀវ​បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំងនេះ​ដោយ​វាយតម្លៃ​ថា ជា​លេស​សម្រាប់​ធ្វើការ​គំរាមកំហែង​ខាង​យោធា​ថ្មី​ៗ ។ កងទ័ព​អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុង​ការ​ប្រុង​ជើងការ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​គ្រី​មេ និង​ភាគ​ខាងកើត​ប្រទេស​ជា​កន្លែង​មានការ​ប៉ះទង្គិច​គ្នា​ជាប់​ជាមួយ​ពួក​បំបែក​ខ្លួន​ស្និទ្ធ​រុ​ស្ស៊ី ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៩.៥០០​នាក់ ហើយ​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៤​មក ។ ទូរទស្សន៍​រុ​ស្ស៊ី​ផ្សាយ​រូបភាព​ទាំងឡាយ​នៃ​គ្រឿងផ្ទុះ​ដែល​ចាប់​បាន និង​បុរស​ម្នាក់​ដែល​ចាត់ទុកជា​ភ្នាក់ងារ​សំខាន់​ម្នាក់​របស់​អ៊ុយ​ក្រែ​ន​ដែល​ចាប់​បាន ។ ក្រុង​គៀវ​អះអាង​ថា ជន​នេះ​ត្រូវ​គេ​ចាប់ពង្រត់​នៅ​អ៊ុយ​ក្រែ​ន ហើយ​រឿងហេតុ​ដែល​កើត​មាន​ព្រោះ​មក​ពី​ពួក​ទាហាន​រុ​ស្ស៊ី​ដែល​ស្រវឹង​ហើយ​ផ្ទុះ​កាំភ្លើង ។

ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បដិសេធ​ព័ត៌មាន​ដែល​ថា ពួក​អ្នក​ជាប់​ឃុំឃាំង​សង្ស័យ​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​នៅ​គ្រី​មេ​ជា​និយោជិត​នៃ​ការិយាល័យ​ស៊ើប​ការណ៍​នៃ​ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន ។

ប្រភព​មួយ​របស់​ក្រសួង​នេះ​រាយការណ៍​ថា កង​វរ​សេនារ​តូច​ទី​៣៧ និង​កងពលតូច​ទី​៥៦​ពុំ​មែន​ស្ថិត​ក្នុង​ការិយាល័យ​ស៊ើបការណ៍​ឡើយ ។ ដូច្នេះ​ពួក​អ្នក​ជាប់​ឃុំឃាំង​ទាំងនេះ​ពុំ​មែន​ជា​និយោជិត​ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ។

ទោះបី​យ៉ាងណា យោង​តាម​ពួក​អ្នក​ចាប់​បាន​ថា ក្រុម​ភេរវ​ករ​ដែល​រក​ឃើញ​នៅ​ជុំវិញ​ទីក្រុង ARMIANSK តំបន់​គ្រី​មេ រួម​មាន​មេបញ្ជាការ​ផ្នែក​ស៊ើបការណ៍​របស់​កងវរសេនាតូច​លេខ​៣៧ នៃ​កងពលតូច​លេខ​៥៦ ចំណុះ​ឱ្យ​ការិយាល័យ​ស៊ើបការណ៍​នៃ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​លោក ALEXEI SANDOUL នាយទាហាន​លោក OLEG DMITRIENKO​ និង​ទាហាន​ល្បាត ALEXANDER KIRILLOV ព្រមទាំង EVGUENI PANOV ដែល​ទទួល​ការ​ចោទប្រកាន់​រួច​ហើយ ។ មេបញ្ជាការ​រូប​នេះ​ជា អ្នកសម្រប​សម្រួល​​របស់​ក្រុម​ដែល​អះអាង​ថា ខ្លួន​ចូល​និវត្តន៍​រួច​ហើយ ។ ទទួល​ការ​បណ្តុះបណ្តាល​នៅ​ទីក្រុង​គៀវ មនុស្ស​ទាំងនេះ​បាន​មក​កាន់​គ្រី​មេ កាលពីដើម​ខែសីហា ដើម្បី​កំណត់​គោលដៅ​វាយប្រហារ ។ រួច​នា​យប់​ថ្ងៃ​ទី​៧ មក​៨ សីហា បណ្តា​កងឯកភាព​ពិសេស​នៃ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បាន​លុក​ចូល​ឧបទ្វីប​គ្រី​មេ តែ​ការ​វាយប្រហារ​នេះ​ត្រូវ​កម្ទេច ។ ទាហាន​រុ​ស្ស៊ី​២​នាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា ។

ចំណែក​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី លោក​ឌី​មី​ទ្រី ម៉េ​ដ​វេ​ដេ​វ ថ្លែង​នា​ថ្ងៃ​ទី​១២ សីហា ថា ប្រធានាធិបតី​រុ​ស្ស៊ី​នឹង​អាច​សម្រេច​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ុយ​ក្រែ​ន​ដោយ​គ្មាន​ការ​ជ្រើសរើស​ណា​ផ្សេង​ទៀត ៕