វិធី​បំ​បៅដោះ កូន​កើត​មិន​គ្រប់​ខែ ដែល​ត្រឹមត្រូវ​

វិធី​បំ​បៅដោះ កូន​កើត​មិន​គ្រប់​ខែ ដែល​ត្រឹមត្រូវ​

​ការ​បំបៅ​ដោះកូន គឺជា​រឿង​សំខាន់​មួយ សម្រាប់​ទាំង​ទារក​កើត​គ្រប់​ខែ និង​មិន​គ្រប់​ខែ​។ យ៉ាងណាមិញ សម្រាប់​ទារ​កកើត​មិន​គ្រប់​ខែ ការបំ​បៅដោះ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​ផ្តល់ឲ្យ​គេ​នូវ​ការថែទាំង​ល្អ និង​ត្រូវការ​ការយកចិត្តទុកដាក់​ច្រើន ដើម្បី​មាន​ការលូតលាស់ និង​ធំធាត់​ត្រឹមត្រូវ​ដូច​ក្មេង​ដទៃ​។

​ចាប់តាំងពី​ទឹកដោះ​ម្តាយ គឺជា​អាហារ​ដែល​ងាយ​រំលាយ ជាង​ម្សៅ​ទឹកដោះគោ​មក វា​ពិត​ជា​តម្រូវការ​ដ៏​ចាំបាច់​មួយ សម្រាប់​ក្រពះ​មិនទាន់​លូតលាស់​ពេញលេញ របស់​ក្មេង​កើត​មិន​គ្រប់​ខែ ហើយ​ក៏​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ប្រឆាំង​នឹង​ការបង្ក​រោគ​ដែរ​។ ការលូតលាស់​ភ្នាក់ងារ​ការពារ​ខ្លួន ដូចជា អង់ទីគ័​រ ជាតិ​រ៉ែ និង​វីតាមីន ដែល​មាន​ក្នុង​ទឹកដោះ​ម្តាយ នឹង​ជួយ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ កាន់តែ​មាន​ភាពរឹងមាំ​បាន​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ទារក​កើត​មិន​គ្រប់​ខែ នឹង​មិន​អាច​ចាប់ផ្តើម​ជញ្ជក់​ដោះ​ភ្លាមៗ ក្រោយ​កើត​រួច​ឡើយ ហើយ​គេ​អាច​នឹង​ត្រូវការ បំពង់​ជំនួយ​ដល់​ការ​បៅ​។ អ្វី​ដែល​សំខាន់​ចំពោះ​រឿង​នេះ គឺ​មិន​ត្រូវ​ប្រើ​ម្សៅ​ទឹកដោះគោ​អី តែ​គួរតែ​ប្រើ​ទឹកដោះ​ម្តាយ សម្រាប់​ជា​ចំណី​គេ​ឲ្យបាន​លឿន​បំផុត​។

ចាប់ផ្តើម​ច្របាច់​ទឹកដោះ នៅ​រយៈពេល ២៤ ម៉ោង​នៃ​កំណើត​កូន​
ការធ្វើ​បែប​នេះ នឹង​បង្កើតបាន​ជា​ទឹកដោះ​ម្តាយ ដែល​មាន​គុណភាព​ខ្ពស់​។ ចូរ​ចាំ​ថា នៅ​ពេល​អ្នក​ចាប់ផ្តើម ច្របាច់​ទឹកដោះ​បែបនេះ វា​អាច​នឹង​មាន​ពណ៌​លឿងខ្ចី​ខាប់​បន្តិច ដែល​ហៅថា​ទឹកដោះ​ដំបូង ប៉ុន្តែ​វា​គឺជា​អាហារ ដែល​មាន​ជីវជាតិ​ខ្ពស់បំផុត និង​អាច​ជួយ​ឲ្យ​ទារក លូតលាស់​បាន​យ៉ាង​អស្ចារ្យ​។

ប្រើ​ឧបករណ៍​ច្របាច់​ទឹកដោះ ឬ​ម៉ាស្សា​សុដន់​
អ្នក​ប្រហែលជា​ត្រូវការ​អ្វី​ជំនួយ ដើម្បី​ជំរុញ​ដល់​ការចេញ​ទឹក​ដោះ​។ ចូរ​ចាប់ផ្តើម​ច្របាច់​ទឹក​ដោះចេញ តាមរយៈ​ការប្រើ​ឧបករណ៍​ជំនួយ​ណាមួយ ដែល​អ្នក​អាច​ប្រើប្រាស់​ប្រាស់​។ ការ​ម៉ាស្សា​សុដន់ នឹង​ភ្ញោ​ចដ​ល់​សុដន់ ដើម្បី​ផលិត​ទឹក​ដោះ បាន​កាន់តែ​ច្រើន​។

បំបៅ​ដោះ​កូន​ឲ្យបាន​ច្រើន តាម​តែ​អាច​ធ្វើទៅបាន​
នៅពេល​បំបៅ​ដោះកូន​កើតមិន​គ្រប់​ខែ ចូរ​ប្រាកដថា អ្នក​បាន​បំបៅ​គេ​យ៉ាងហោចណាស់ ៦ ទៅ ៨ ដង​ក្នុង​មួយថ្ងៃ​។ ហើយ​គម្លាត​នៃ​ការ​បំបៅ​ម្តងៗ គួរ​ណា​មិនឲ្យ​លើស​ពី ៦ ម៉ោង​ឡើយ​។

ប៉ះ​កូន​ឲ្យបាន​ច្រើន​
រឿង​នេះ​គឺ​តម្រូវ​ឲ្យ​អ្នក ដាក់​កូនបំ​បៅដោះ​នៅលើ​ទ្រូង​ផ្ទាល់ ដើម្បី​ជំរុញ​ដល់រ​បត់​ឈាម​រត់ និង​ជួយ​ផ្តល់​ភាពកក់ក្តៅ​ដល់​កូន និង​បង្កើន​ឱកាស​នៃ​ការ​បំបៅកូន បែប​ធម្មជាតិ​កាន់តែច្រើន​។

ច្របាច់​ទឹកដោះ​ទុក​ផង បំបៅ​ដោះ​ផង​
រឿង​នេះ​សំខាន់​ណាស់ ក្នុងការ​ច្របាច់​ទឹកដោះ នៅ​ចន្លោះ​ពេល​បំបៅ ដើម្បី​ជំរុញ​ដល់​ការផលិត​ទឹក​ដោះ បាន​កាន់តែ​ច្រើន​ទៀត​។ ការ​ច្របាច់​ទឹកដោះ​បែបនេះ នឹង​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល ដើម្បី​បង្កើន​ការផលិត​ទឹកដោះ​។

អត់ធ្មត់​
ក្នុង​ពេល​ចាប់ផ្តើម កូន​ដែល​កើត​មិន​គ្រប់​ខែ អាច​នឹង​ត្រូវ​ប្រើ​ឧបករណ៍​ជំនួយ​ដើម្បី​ចិញ្ចឹម​។ អ្វី​ដែល​សំខាន់​នោះ គឺ​អ្នក​ត្រូវ​ផ្តល់​សុដន់​របស់ខ្លួន ឲ្យគេ​រៀន​ជញ្ជក់ និង​បៅ​។ រឿងនេះ​នឹង​ជួយ​ឲ្យ​កូន​ធ្វើ​ការងារ​របស់​គេ​បាន ហើយ​អាច​ចេះ​បៅ​ដោះ តាម​បែប​ធម្មជាតិ​ទៀត​។ យ៉ាងណាមិញ នៅ​ពេល​កូន​ចេះ​បៅ​ហើយ អ្នក​ក៏​ត្រូវតែ​បន្ត​ឲ្យគេ​បៅ​ទៀត នៅពេល​ត្រូវការ​រហូត​។ ការ​ដែល​មាន​កិច្ចសហការ របស់​ម្តាយ​ជាប់​បែបនេះ នឹង​ជំរុញ​ដល់​ការលូតលាស់ របស់​កូន​កាន់តែ​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ប្រភព៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។