សហព័ន្ធ​ស្រូវ​អង្ករ​ស្នើសុំ​ជា​ថ្មី​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​អង្ករ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្នើសុំ​ជា​ថ្មី​ទៅ​ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​គ្រប់​ប្រភេទ​មុន​នាំ​ចេញ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​រាល់​ការ​បន្លំ​យក​អង្ករ​ប្រភេទ​ក្រអូប​លាយ​ជាមួយ​ប្រភេទ​អង្ករ​ផ្សេង​ទៀត រួច​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។ ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​រវាង​ថ្នាក់​ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម និង​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លើក​ឡើង​ថា ការ​មិន​ព្រម​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​ឲ្យ​បាន​ល្អិតល្អន់​មុន​នាំ​ចេញ គឺ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​បន្លំ​យក​អង្ករ​ប្រភេទ​ក្រអូប​លាយ​ជាមួយ​ប្រភេទ​អង្ករ​ផ្សេង​ទៀត រួច​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

សំណើ​នេះ​បង្ហាញ​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​លទ្ធផល​កិច្ច​ប្រជុំ​ពិសេស​រវាង​ថ្នាក់​ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម និង​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្នើ​ទៅ​កាន់​ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​ក្នុង​បំណង​ឲ្យ​ក្រសួង​ជួយ​គាំទ្រ និង​សម្រេច​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​ទាំងអស់ ត្រូវ​តែ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​ក្រុមហ៊ុន ត្រួត​ពិនិត្យ​គុណភាព​អង្ករ​ប្រកប​ដោយ​អព្យាក្រឹត្យ​ខ្ពស់។

ទន្ទឹម​គ្នា​នេះ លោក សុខ ពុទ្ធីវុធ អះអាង​ថា នៅ​ពេល​ដែល​មាន​ការ​ត្រួត​ពិនិត្យ​ប្រកប​ដោយ​គុណភាព​អព្យាក្រឹត្យ​ដែល​បាន​ទទួល​ស្គាល់​ដោយ​សហព័ន្ធ នឹង​អាច​ជួយ​ពង្រឹង​ពី​សមត្ថភាព​បណ្ដា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​នៅ​កម្ពុជា ឲ្យ​យល់​ច្បាស់​ពី​ការ​បញ្ជាក់​ទាំង​គុណភាព និង​ប្រភព​ដើម​អង្ករ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ករណី​នេះ តំណាង​សហគមន៍​កសិករ និង​ជា​តំណាង​កសិករ​ឆ្នើម លោក ស៊ឹម រ៉ុម បាន​ប្រាប់​អាស៊ីសេរី ថា លោក​គាំទ្រ​ការ​ស្នើសុំ​របស់​សហព័ន្ធ​ស្រូវ​អង្ករ ព្រោះ​កន្លង​មក​មាន​ព័ត៌មាន​ថា ពិត​ជា​មាន​ការ​បន្លំ​យក​អង្ករ​ផ្សេងៗ​លាយ​ជាមួយ​អង្ករ​ក្រអូប​កម្ពុជា រួច​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។ តំណាង​សហគមន៍​រោង​ម៉ាស៊ីន​កិន​ស្រូវ​រូប​នេះ​យល់​ថា ការ​ចេញ​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​គ្រប់​ប្រភេទ​មុន​នាំ​ចេញ មាន​សារសំខាន់​ណាស់ ព្រោះ​អាច​ឲ្យ​ដឹង​ពី​ប្រភព​អង្ករ​ពិត​ប្រាកដ​ថា​សុទ្ធ​ឬ​មិន​សុទ្ធ ជួយ​កសាង​កេរ្តិ៍​ឈ្មោះ​អង្ករ​កម្ពុជា ជួយ​រក្សា​តម្លៃ​ស្រូវ​កសិករ​ឲ្យ​មាន​ស្ថិរភាព ពិសេស​រក្សា​តំណែង​អង្ករ​ក្រអូប​កម្ពុជា ដែល​ជាប់​ចំណាត់​ថ្នាក់ ៣​ឆ្នាំ​ជាប់​គ្នា។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា ដើម្បី​ឆ្លើយ​តប​នឹង​ការ​ស្នើ​ឲ្យ​មាន​ការ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​មុន​នាំ​ចេញ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឡើយ​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា។

សេចក្តី​ជូន​ដំណឹង​របស់​សហព័ន្ធ​ស្រូវ​អង្ក​កម្ពុជា ក្រៅ​ពី​ពន្លឿន​ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​អង្ករ សហព័ន្ធ​ក៏​ស្នើ​ចំនួន ៥​ចំណុច​ទៀត​ទៅ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​នោះ​មាន ស្នើសុំ​ក្រសួង​ជួយ​ពន្លឿន​ការ​ចុះ​បញ្ជី​ម៉ាក បញ្ជាក់​ពី​ចរិត​លក្ខណៈ​ទំនិញ និង​សេវា​ឈ្មោះ​អង្គរ​ម្លិះ (Angkor Malis) ដើម្បី​ពង្រីក​ទីផ្សារ​អង្ករ​កម្ពុជា ទាំង​ក្នុង​ស្រុក និង​លើ​ឆាក​អន្តរជាតិ ស្នើសុំ​ក្រសួង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចេញ​នូវ​បទប្បញ្ញត្តិ​ណា​មួយ​ដែល​ចែង​ថា "រាល់​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​អង្ករ និង​ការ​ដាក់​លក់​លើ​ទីផ្សារ ត្រូវ​មាន​ព័ត៌មាន​អំពី​អាសយដ្ឋាន ម៉ាក​យីហោ និង​ប្រភព​ច្បាស់លាស់ ដើម្បី​ពង្រឹង​ការ​នាំ​ចូល​អង្ករ និង​គុណភាព​អង្ករ ដែល​បាន​ចរាចរ​នៅ​លើ​ទីផ្សារ​ជាដើម"

ទាក់ទិន​នឹង​ការ​ឲ្យ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​អង្ករ​នេះ​ដែរ កាល​ពី​ដើម​ខែ​ឧសភា កន្លង​ទៅ សហភាព​អឺរ៉ុប ធ្លាប់​បាន​ព្រមាន​ថា ប្រសិន​បើ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​ទីផ្សារ​អឺរ៉ុប យក​អង្ករ​ប្រភេទ​ក្រអូប​ដែល​អឺរ៉ុប ត្រូវ​ការ លាយ​ជាមួយ​ប្រភេទ​អង្ករ​ផ្សេង​ទៀត​នោះ អឺរ៉ុប នឹង​ពិចារណា​ឈប់​ទិញ។ សហភាព​អឺរ៉ុប ក៏​ជំរុញ​រដ្ឋាភិបាល ពិសេស​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​ចាត់​វិធានការ និង​ត្រួត​ពិនិត្យ​ឲ្យ​ច្បាស់​ដើម្បី​បញ្ចៀស​បញ្ហា​នេះ​ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។