បុរស​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ចិញ្ចើម​ផ្លូវ

ខេត្តបាត់ដំបង ៖ បុរស​២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៧A ត្រង់​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៦  បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ដឹក​ទំនិញ​ដែល​ឈប់​ស្ងៀម ។

មន្ត្រី​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉​ម វុ​ទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​អូរ​រំចេក​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត និង​ឈ្មោះ ឆ​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុង​ក្រុង​បាត់ដំបង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​២០១៦ ។ រីឯ​រថយន្ត​ម៉ាក សាំ​យ៉ុ​ង ពាក់​ស្លាក​លេខ បាត់ដំបង 2A-9837 អ្នកបើកបរ​បាន​រត់​ចោល​រថយន្ត​បាត់ ។

លោក ម៉​ម ចាន់ អាយុ​៦៥​ឆ្នាំ ឪពុក​ជន​រង​គ្រោះ​ឈ្មោះ ម៉​ម វុ​ទ្ធី បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កូនប្រុស​គាត់ និង​ឈ្មោះ​ឆ​យ គឺជា​ជាង​ផ្សា​ដែក​នៅ​ខេត្ត​ប៉ៃលិន ហើយ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ខេត្តបាត់ដំបង ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ភ្ជាប់ពាក្យ​មិត្តភក្ដិ​នៅ​ក្រុង​បាត់ដំបង លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ក៏​ជួប​គ្រោះថ្នាក់​តែ​ម្ដង ប៉ុន្តែ​លោក ម៉​ម ចាន់ បាន​បញ្ជាក់​ថា លោក​មិន​បានដឹង​ថា តើ​កូនប្រុស​គាត់ និង​មិត្តភក្ដិ​រួមការ​ងារ​ជិះ​បែប​ណា​បានជា​ទៅ​បុក​រថយន្ត​គេ​ពីក្រោយ​រហូត​ដល់​ស្លាប់​បែប​នេះ​ទេ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ​ជិះ​ម៉ូតូ​លឿន​ហូ​សហេតុ លុះ​ជួបនឹង​រថយន្ត​ដែល​ឈប់​ស្ងៀម​ជាន់​ប្រ​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​គូទ​រថយន្ត​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។ ប៉ុន្តែ​សាក្សី​បាន​បញ្ជាក់​ថា រថយន្ត​សាំ​យ៉ុ​ង​នោះ​មាន​ដឹក​ទំនិញ​គ្រប​តង់​កៅស៊ូ​ជិតឈឹង ដែល​អ្នកដំណើរ​ពិបាក​នឹង​មើលឃើញ​ភ្លើង​សញ្ញា​នៅ​ពេល​ឈប់​លើ​ថ្នល់ ហើយ​ក៏​មិន​មាន​ដាក់​ស្លាក​សញ្ញា​អ្វីមួយ​សម្គាល់​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​មើល​មិនឃើញ ក៏​ជិះ​បុក​ពីក្រោយ​ស្លាប់​បែប​នេះ ។

លោក ម៉ែ​ន បូ​រី នាយ​ផ្នែក​ដំណោះស្រាយ​ចរាចរណ៍​ខេត្ត បាន​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះ​អន្តរាគមន៍​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ និង​បាន​ដឹក​សព​ជន​រង​គ្រោះ​ទៅ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដល់​ផ្ទះ​តែ​ម្ដង ។ លោក​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ​ទំនងជា​មើល​រថយន្ត​សាំ​យ៉ុ​ង​ដែល​ឈប់​លើ​ថ្នល់​នោះ​មិនឃើញ ម្យ៉ាង​ជិះ​លឿន​ផង ទើប​ជាន់​ប្រ​ហ្វាំ​ង​មិន​ទាន់​ក៏​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​ចរាចរណ៍​បាន​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕