ផ្ទុះ​រឿង​ដណ្តើម​ដី​គ្នា ម្ខាង​មាន​ប្លង់​រឹង ម្ខាង​ទិញ​លក់​ត​គ្នា

រាជធានី​ភ្នំពេញ ៖ មាន​ប្រជាពលរដ្ឋ​ប្រមាណ​១០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ២០១៦ បាន​នាំ​គ្នា​ទៅ​ហាមឃាត់​សកម្មភាព​អភិវឌ្ឍន៍​ឈូស​ឆាយដី​របស់​ក្រុមហ៊ុន ផា​ន អ៊ី​ម៉ិច ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​អ្វី​កើតហេតុ​ឡើង​ទេ​។

នៅ​ក្នុង​សកម្មភាព​ខាងលើ​នេះ​ផង​ដែរ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​ខ្លួន​ជា​ម្ចាស់​ដី​ដែល​មាន​ក្បាលដី​តូច​ៗ​ជា​ច្រើន​ចម្រៀក​បាន​ទិញ​លក់​ត​ៗ​គ្នា ដោយ​គ្មាន​ឯកសារ​បញ្ជាក់​​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​ក៏​មន្ត្រី​ជំនាញ​សូ​រិ​យោ​ដី​ឡើយ ។ ដោយឡែក​លោក អ៊ូ វុ​ធ មេធាវី តំណាង​ឱ្យ​ក្រុមហ៊ុន ផា​ន​អ៊ី​ម៉ិច បាន​អះអាង​ថា កូនក្តី​របស់​លោក​មាន​ឯកសារ​ប្លង់​រឹង​គ្របដណ្តប់​លើ​ទីតាំង​ដី​ដែល​កំពុង​អភិវឌ្ឍន៍​ស្របច្បាប់ ដោយ​មិន​មានការ​រំលោភ​បំពាន​លើ​ដី​ប្រជាពលរដ្ឋ​ឡើយ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​មេធាវី​ដដែល​​បាន​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​ថា​គ្មាន​សិទ្ធិ​ក្នុង​ការ​ហាមឃាត់​ក្រុមហ៊ុន​មិន​ឱ្យធ្វើ​ការ​អភិវឌ្ឍន៍​លើ​ដី​កម្មសិទ្ធិឯកជន​ឡើយ​។ ដូច្នេះ​សូម​បងប្អូន​ប្រមូល​ឯកសារ​ភស្តុ​តាង ដើ​ម្ប​ប្តឹងប្តល់​គ្នា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។

ទោះជា​យ៉ាងណា​ក៏​ដោយ បងប្អូន​ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​អាក់អន់ចិត្ត​ជាមួយ​មន្ត្រី​មូលដ្ឋាន​ថា ហាក់បីដូចជា​មិនសូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ពួក​គាត់ ទើប​ពួក​គាត់​មក​ហាមឃាត់​គ្រឿងចក្រ​មិន​ឱ្យធ្វើ​ការ​ឈូស​ឆាយ​លើ​ដី​ដែល​កំពុង​មាន​ទំនាស់ ។ ប៉ុន្តែ​បន្ទាប់​ពី​មានការ​សម្របសម្រួល​ពី​លោក​មេធាវី អ៊ូ វុ​ធ បងប្អូន​ប្រជាពលរដ្ឋ​ក៏​យល់ព្រម​នាំ​គ្នា​ដកថយ ហើយ​ទុក​ឱកាស​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ឈូស​ឆាយ​អភិវឌ្ឍន៍​ទៅ​តាម​ធម្មតា ហើយ​ងាក​ទៅ​រក​ឯកសារ​ប្តឹងប្តល់​គ្នា​តាម​អាជ្ញាធរ​មូលដ្ឋាន​ដោយ​ផ្អែក​លើ​ភស្តុ​តាង​ផ្សេងៗ​ដែល​មាន​រៀង​ៗ​ខ្លួន ។

គួរ​បញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចុះ​មក​ហាមឃាត់​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​ខាងលើ​នេះ គឺ​មិនមែន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ឡើយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​មូលដ្ឋាន ៕