តុលាការ​ឃុំខ្លួន​ប្រធាន​ផ្សារ​ដងទង់ ពី​បទ​ច្របាច់ក និង​ទះកំភ្លៀង​ក្មេង​ស្រី

តុលាការ​ឃុំខ្លួន​ប្រធាន​ផ្សារ​ដងទង់ ពី​បទ​ច្របាច់ក និង​ទះកំភ្លៀង​ក្មេង​ស្រី



ខេត្តកោះកុង ៖ ទីបំផុត​ទៅ ប្រធាន​ផ្សារ​ដងទង់​ត្រូវ​បាន​តុលាការ​ខេត្តកោះកុង​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ថា លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ​ដងទង់ ត្រូវ​បាន​តុលាការ​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ពី​បទ​ប្រើ​អំពើ​ហិង្សា​យកដៃ​ទៅ​ប្រ​បាច់​ក និង​ទះកំភ្លៀង​លើ​ក្មេង​ស្រី​២​នាក់ កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ ក្នុង​ចំណុច​ផ្សារ​ដងទង់ ។

សូម​បញ្ជាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១២​សីហា ក្មេង​ស្រី​រង​គ្រោះ ឡា ដា អាយុ​១៣​ឆ្នាំ ដែល​ត្រូវ​ប្រធាន​ផ្សារ​ច្របាច់ក បាន​និយាយ​ថា នាង​កំពុង​អង្គុយ​ជាមួយ​ម្តាយ​លក់​ឥ​វ៉ា​ន់​ដូច​សព្វមួយដង ស្រាប់តែ​ប្រធាន​ផ្សារ​ដើរមក​ដល់​តូប​លក់​ឥ​វ៉ា​ន់​ម្តាយ​នាង ហើយ​ក៏​យក​ឥ​វ៉ា​ន់​របស់​ម្តាយ​នាង​ទៅ​ចោល​ក្នុង​ធុងសំរាម ពេល​នោះ​នាង​ក៏​រត់​យក​មក​វិញ ស្រាប់តែ​ប្រធាន​ផ្សារ​ផ្ទុះ​កំហឹង មក​ច្របាច់ក​នាង​ចង់​ដាច់ខ្យល់​ស្លាប់ សំណាងល្អ​បាន​បងស្រី​នាង និង​អ្នក​លក់ដូរ​ជិតខាង​ជួយ​ទាន់ ទើប​លោក​ប្រធាន​ផ្សារ​លែងដៃ​ពី​ក​នាង​វិញ​។

បងស្រី​របស់​ក្មេង​ស្រី​រង​គ្រោះ ឡា ដា ឈ្មោះ ម៉ាក់ ស្រី​នាង ដែល​ត្រូវ​បក្ខពួក​ប្រធាន​ផ្សារ​ទះកំភ្លៀង បាន​និយាយ​ថា ដោយ​មើលឃើញ​នូវ​សកម្មភាព​ប្រធាន​ផ្សារ​ប្រ​បាច់​ក​ប្អូន​ចង់​ដាច់ខ្យល់ នាង​បានរ​ត់ទៅ​ជួយ តែ​ត្រូវ​បក្ខពួក​របស់​ប្រធាន​ផ្សារ​ទះ​នាង​១​កំភ្លៀង​ទៀត​ផង ។

ចំណែក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា «​ប្រធាន​ផ្សារ​នឹង​រករឿង​ខ្ញុំ​រាល់ថ្ងៃ មិនដឹង​ជា​មាន​គំនុំ​អ្វី​ជាមួយ​គាត់ និង​ប្អូន​គាត់​ទេ តែ​គ្រាន់តែ​ដឹង​ថា ខ្ញុំ​ដាក់​លក់​ចូល​ផ្លូវ​ប្រហែល​១​តឹក ព្រោះ​ឃើញ​គេ​ដាក់​លក់​ដូច​គ្នា សូ​ម្បី​តែ​ខ្សែ​បក្ខពួក​គាត់​(​ប្រធាន​ផ្សារ​)​ក៏​លក់​ចូល​ចំណី​ផ្លូវ​ដើរ​ដែរ ចុះ​ហេតុ​អី​ក៏​គាត់​មិន​ទៅ​រករឿង​គេ​ផង​» ។

ជុំវិញ​បញ្ហា​នេះ​ដែរ​អា​ជីករ​លក់ដូរ​ក្នុង​ផ្សារ​ដងទង់ បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​ហ៊ាន​ជាមួយ​គាត់​(​ប្រធាន​ផ្សារ​ដងទង់​)​ទេ​រាល់​ថ្ងៃនេះ បើ​ហ៊ាន​តវ៉ា​ច្បាស់​ជា​រក​កន្លែង​លក់​អត់​មាន​ឥឡូវ ៕