អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​ព្រះវិហារ​គ្រោង​ចុះ​អប់រំ​ពលរដ្ឋ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) មាន​គម្រោង​រៀបចំ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ​នៅ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​ជា​ថ្មី ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ខាង​មុខ។

ស្រប​នឹង​គម្រោង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​នឹង​ធ្វើ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ជា​ថ្មី​នេះ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​ព្រះវិហារ បារម្ភ​ខ្លាច​ក្រែង​ប្រជាពលរដ្ឋ​ខ្លះ​រស់នៅ​តំបន់​ដាច់ស្រយាល មិន​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់ ហើយ​មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ដែល​កំពុង​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ព្រម​ទាំង​បណ្ដាញ​សហគមន៍​ក្នុង​ខេត្ត​ព្រះវិហារ មាន​គម្រោង​នឹង​ចុះ​បើក​វគ្គ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ព្រម​ទាំង​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ដាច់ស្រយាល ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​មាន​ដូចជា សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អង្គការ​ពន្លក​ខ្មែរ ជាដើម។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​សីហា ថា អង្គការ​របស់​លោក​មាន​គម្រោង​នឹង​ចុះ​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ដាច់ស្រយាល ព្រម​ទាំង​ជនជាតិ​ដើម​ភាគតិច​កួយ ខ្លះ​ទៀត ឲ្យ​យល់​ដឹង និង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​គ្រប់​គ្នា។ ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​នៃ​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ គឺ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ដើម​ខែ​សីហា ខាង​មុខ ហើយ​គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ អិន.ឌី.អាយ (NDI) នឹង​ធ្វើ​ឡើង​ក្នុង​ឃុំ​ចំនួន​១៨ ក្នុង​ចំណោម​ឃុំ​ទាំងអស់​ចំនួន ៥១​ឃុំ​របស់​ខេត្ត​ព្រះវិហារ។

លោក ឡោ ចាន់ បញ្ជាក់​ថា មូលហេតុ​ដែល​អង្គការ​របស់​លោក​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​បាន​ដឹង​អំពី​កាលបរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ គឺ​ដោយសារ​តែ​នៅ​ខេត្ត​ព្រះវិហារ គឺ​មិន​សូវ​សម្បូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​ជាច្រើន​មិន​សូវ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទេ៖ «ខ្ញុំ​ជ្រើសរើស ១៨​ឃុំ​នេះ ដោយសារ​តែ​ជា​តំបន់​ដាច់ស្រយាល ដូចជា​នៅ​កំពង់ស្រឡៅ ស្រុក​ឆែប នៅ​ធ្មា និង​តំបន់​មួយ​ចំនួន​ទៀត។ នៅ​តំបន់​នោះ ភាគច្រើន​គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ទាន់​ទូលំទូលាយ​មិន​ទាន់​ទៅ​ដល់»

អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ក៏​មាន​គម្រោង​ប្រហាក់​ប្រហែល​គ្នា​នឹង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែរ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​ថ្វីត្បិតតែ​មិន​បាន​ចុះ​ផ្សព្វផ្សាយ​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​សហគមន៍​ដោយ​ផ្ទាល់ ក៏ប៉ុន្តែ​កំពុង​ជ្រោមជ្រែង​ដល់​អង្គការ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (COMFREL) ដើម្បី​ជ្រើសរើស​បណ្ដាញ​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​តាម​សហគមន៍​មួយ​ចំនួន ឲ្យ​ផ្សព្វផ្សាយ​អំពី​ចំណុច​សំខាន់​នានា​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត៖ «អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ហ្នឹង យើង​បាន​ស្វែងរក​ឲ្យ​អង្គការ​ខុមហ្វ្រែល គឺ​ទើប​រក​បាន​តែ ២​ឃុំ​ទេ ហើយ​នៅ​ឃុំ​មួយ​ចំនួន​ទៀត គឺ​រក​អត់​ទាន់​បាន»

ទាំង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​ពន្លក​ខ្មែរ នៅ​ខេត្ត​ព្រះវិហារ ព្រួយ​បារម្ភ​ថា ដោយសារ​តែ​រដូវ​នេះ​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ជាប់​រវល់​ធ្វើ​ស្រែ ហើយ​ចេញ​ពី​ផ្ទះ​ទៅ​ស្នាក់នៅ​តាម​ទី​វាល​ផង​នោះ គឺ​គេ​ខ្លាច​ក្រែង​ប្រជាពលរដ្ឋ​ខ្លះ រួម​ទាំង​ជនជាតិ​ដើម​ភាគតិច​កួយ​ផង មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់ ហើយ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិចិ្ឆកា ខាង​មុខ​ឲ្យ​បាន​ទាន់​ពេលវេលា​កំណត់។

នៅ​ខេត្ត​ព្រះវិហារ កាល​ពី​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ កន្លង​ទៅ គឺ​មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រមាណ​ជាង ១២​ម៉ឺន ២​ពាន់​នាក់ ក៏ប៉ុន្តែ​នៅ​ពេល​បោះឆ្នោត​គឺ​មាន​មនុស្ស​តែ​ជាង ៨​ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ទៅ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។