លោក សម រង្ស៊ី៖ លោក ហ៊ុន សែន គួរ​ប្ដឹង​អ្នក​គាំទ្រ​លោក​ជាង​១០​ម៉ឺន​នាក់​ថែម​ទៀត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​និរទេស​ខ្លួន បាន​ដាក់​សំណួរ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ករណី​ប្ដឹង​លោក​ពី​បទ​បរិហារ​កេរ្តិ៍​នោះ​ថា លោក​នាយក​រដ្ឋមន្ត្រី​គួរ​តែ​ប្ដឹង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​លោក​ជាង ១០​ម៉ឺន​នាក់​ថែម​ទៀត។

សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​របស់​លោក សម រង្ស៊ី ដែល​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​១៤ សីហា លោក សម រង្ស៊ី ដាក់​ជា​សំណួរ​មួយ​ថា "បន្ទាប់​ពី​លោក ហ៊ុន សែន ប្ដឹង​ខ្ញុំ​ហើយ តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន មិន​ប្ដឹង​ប្រជាពលរដ្ឋ​ជាង ១០​ម៉ឺន​នាក់​ដែល​បាន​ចូល​ចិត្ត (like) និង​យល់ស្រប​តាម​អ្វី​ដែល​ខ្ញុំ សម រង្ស៊ី បាន​អះអាង​ក្នុង​រឿង​នេះ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្ញុំ?”

លោក សម រង្ស៊ី សរសេរ​ទៀត​ថា លោក​នៅ​តែ​មាន​ជំនឿ​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ដូច​ដែល​រដ្ឋាភិបាល​ដដែល​នេះ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ក្នុង​ឆ្នាំ​១៩៩៧ ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា ក្នុង​ឆ្នាំ​២០០៤ និង​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ក្នុង​ឆ្នាំ​២០១២ អ៊ីចឹង​ដែរ។

ចំពោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦ ខាង​មុខ លោក សម រង្ស៊ី ថា​នឹង​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ តែ​លោក​សុំ​ឆ្លើយ​បំភ្លឺ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) គឺ​តាម តេឡេខនហ្វើរែន (Teleconference) ដូច​អ្វី​ដែល​តុលាការ​ខ្មែរ​ក្រហម​បាន​ទាក់ទង​ថ្មីៗ​នេះ​ជាមួយ​សាក្សី​មួយ​ចំនួន​ដែល​មិន​ស្ថិត​នៅ​រាជធានី​ភ្នំពេញ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​បញ្ហា​នេះ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។