បាញ់​ស្លាប់​ម្នាក់ និង​ចាប់​ខ្លួន​បាន​ម្នាក់ ក្នុង​គ្រួសារ​តារា ខៀវ សុខារ៉ាវី

យុវជនម្នាក់ ត្រូវបានបាញ់សម្លាប់ និងម្នាក់ទៀត ត្រូវបានចាប់ខ្លួន នៅក្នុងហេតុការណ៍​បាញ់​ប្រហារ​មួយ កាល​ពី​យប់​ម៉ិញ កណ្ដាល​រាជធានី​ភ្នំពេញ។ ជនទាំងពីរ សុទ្ធតែជាសាច់ញាតិ របស់​តារា​សម្ដែង អ្នកនាង ខៀវ សុខារ៉ាវី៖ ជន​រង​គ្រោះ​ដល់​ជីវិត ជា​ប្អូន​ជីដូន​មួយ ខណៈ​ជន​សង្ស័យ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ជា​ប្អូន​ប្រុស​បង្កើត។
បាញ់​ស្លាប់​ម្នាក់ និង​ចាប់​ខ្លួន​បាន​ម្នាក់ ក្នុង​គ្រួសារ​តារា ខៀវ សុខារ៉ាវី

សកម្មភាពចុះពិនិត្យទីកន្លែងកើតហេតុ នៅហាងលក់ទំនិញរបស់តារាសម្ដែង អ្នកនាង ខៀវ សុខារ៉ាវី។ (រូបថតលើហ្វេសប៊ុក)

ការបាញ់បោះសម្លាប់មនុស្ស នៅតែបន្តកើតមាន យ៉ាងសាហាវព្រៃផ្សៃ នៅចំកណ្ដាលបេះដូង នៃព្រះរាជា​ណា​ចក្រ។ យុវជនម្នាក់អាយុ២៨ឆ្នាំ ដែលជាបុគ្គលិកមួយរូប របស់ក្រុមហ៊ុនអចលនទ្រព្យ ត្រូវបានជនប្រដាប់​អាវុធ  បាញ់ត្រូវពីរគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។ យុវជនរងគ្រោះរូបននោះ ត្រូវបានគេស្គាល់ឈ្មោះ សឺន ចាន់​ដារ័ត្ន ត្រូវជាប្អូនប្រុសជីដូនមួយ របស់តារាសម្ដែង អ្នកនាង ខៀវ សុខារ៉ាវី។

ហេតុការណ៍បានកើតឡើង នៅមុខហាងលក់ទំនិញមួយ មានឈ្មោះ «Only U Mart» ស្ថិតតាមបណ្តោយ​ផ្លូវ​ព្រះ​សីុសុវត្តិ​ ស្ថិងក្រុ៣៦​ ភូមិ១​ សង្កាត់កណ្តាលទី១​ ខណ្ឌដូនពេញ វេលាយប់​ម៉ោង​ប្រមាណ ២១​ និង​​១០នាទី។ ប្រភពពីទីកន្លែងកើតហេតុ បានឲ្យដឹងថា យុវជន ចាន់ដារ័ត្ន ទំនងជាត្រូវបានបញ្ជូនភ្លាមៗ ទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ពេទ្យ តែបានផុតដង្ហើម ពេលទៅដល់មន្ទីរពេទ្យ ដោយសាររបួសមានសភាពធ្ងន់ធ្ងរពេក។

បន្តិចក្រោយមក យុវជនម្នាក់ទៀត ឈ្មោះ ខៀវ ថនវណ្ណឌី  ដែលត្រូវជាប្អូនបង្កើតរបស់តារាសម្ដែង ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន ជាមួយនឹងយុវជនមួយរូបផ្សេងទៀត មិនទាន់ស្គាល់អត្តសញ្ញាណ ហើយបាននាំ​យក ទៅ​សាក​សួរ​ទាំង​យប់ នៅនៅទីបញ្ជាការ​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ។

បាញ់​ស្លាប់​ម្នាក់ និង​ចាប់​ខ្លួន​បាន​ម្នាក់ ក្នុង​គ្រួសារ​តារា ខៀវ សុខារ៉ាវី

ក្រុមគ្រួសាររបស់តារាសម្ដែង អ្នកនាង ខៀវ សុខារ៉ាវី បាននិយាយថា ការបាញ់ប្រហារនេះ ជាការបាញ់​ប្រហារ​ប្រដាប់​អាវុធ ដែលមានលក្ខណៈដូចជាអំពើប្លន់មួយ ហើយការចាប់ឃាត់ខ្លួនយុវជន ខៀវ ថនវណ្ណឌី (ដែល​ជា​ប្អូន​បង្កើត របស់តារាសម្ដែង) គឺជាការឃាត់​ខ្លួន​ច្រឡំ និងទាមទារឲ្យមើលរូបភាព ក្នុងកាម៉េរ៉ា​សុវត្ថិភាព របស់​ហាង។ គ្រួសារបានអះអាងថា ខ្មាន់កាំភ្លើងបានចូលមកបាញ់ប្រហារ នៅក្នុងហាងរបស់​ផង​ខ្លួន និង​បាន​ត្រូវ​ចំ​ជន​រងគ្រោះ។

ផ្ទុយ​មក​វិញ ប្រភពក្រៅ​ផ្លូវការផ្សេងទៀត ពីកន្លែង​កើតហេតុ​ បានអះអាងថា រឿងរ៉ាវបានកើតឡើង បណ្ដាល​​មក​ពី​ជម្លោះ​រវាង​យុវជន​ពីរ​ក្រុម នៅខាងមុខហាង​លក់​ទំនិញ របស់គ្រួសារត្រកូល ខៀវ មួយនេះ។ ពេល​ឃើញ​ជម្លោះ​នេះ ជនរងគ្រោះ (ឈ្មោះ សឺន ចាន់ដារ័ត្ន) ដែលអង្គុយនៅខាងមុខហាងស្រាប់ បានចេញទៅឃាត់ ដោយ​សារ​​នៅ​ក្នុង​ចំណោមភាគីជម្លោះ មានបងប្អូនរបស់ខ្លួន។ ប៉ុន្តែហេតុការណ៍ បានប្រែក្លាយជា​សោកនាដ​កម្ម បន្ទាប់​​ពី​​ភាគី​ម្ខាង នៅក្នុងជម្លោះ បានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់ ចំជនរងគ្រោះ មួយគ្រាប់​ត្រង់​ឆ្អឹង​ជំនី និង​មួយ​គ្រាប់​​ទៀត ត្រង់ចង្គុបបត់ខាងស្ដាំ។

យ៉ាងណាក៏ដោយ ក៏ព័ត៌មានខាងលើនេះ គ្រាន់ជាដំណឹង ដែលផ្ដល់មក​នៅក្នុងជំហានដំបូងប៉ុណ្ណោះ។ គេត្រូវ​រង់ចាំ សាក្សីច្បាស់ការណ៍ផ្សេងទៀត និងការស៊ើបអង្កេត​របស់​អាជ្ញាធរផង មុននឹងដឹងថា តើហេតុកាណ៍​បាញ់​សម្លាប់​ខាងលើនេះ មានដំណើររឿងបែបណា និងបណ្ដាលមកពីមូលហេតុអ្វី៕