ចាន់ វឌ្ឍនាកា រកបាន៣គ្រាប់ម្នាក់ឯង ដើម្បីជួយឲ្យបឹងកេត ឈ្នះភ្នំពេញក្រោន

ខ្សែប្រយុទ្ធដ៏លេចធ្លោរ ចាន់ វឌ្ឍនាកា បានផ្តល់កាដូដ៏ពិសេសមួយដល់អ្នកគាំទ្រ និងក្រុមបឹងកេតអង្គរ តាមរយៈការរកបាន៣គ្រាប់តែម្នាក់ឯង ដើម្បីជួយឲ្យបឹងកេត ឈ្នះភ្នំពេញក្រោន ទាំងប្រលឹងចុងសក់ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។

mm1

សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិ កាលពីយប់ម្សិលមិញនោះ ក្រុមភ្នំពេញក្រោន និងបឹងកេត បានធ្វើការប្រកួតយ៉ាងស្វិតស្វាញបំផុត ដោយក្រុមទាំង២ សុទ្ធតែមានឱកាសវាយបកដូចគ្នា។ យ៉ាងណាក៏ដោយខ្សែប្រយុទ្ធកូរ៉េខាងជើង បាននាំភាពរីករាយឲ្យក្រុមភ្នំពេញក្រោន បានមុន ខណៈរូបគេបានអូសបាល់រំលងខ្សែការពារបឹងកេត តែម្នាក់ឯង រួចបានស៊ុតបាល់នោះ ផុតដៃអ្នកចាំទី ស៊ូ យ៉ាទី យ៉ាងល្អបំផុត នៅនាទីទី៥នោះ។

ប៉ុន្តែការព្យាយាមវាយបកលឿនៗរបស់ក្រុមបឹងកេត ពិសេសការបោះបាល់ឲ្យស្អាតៗ និងដាច់ៗរបស់ខ្សែប្រយុទ្ធេះពាក់លេខ៩៩ Gbenga Samuel បានផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា អាចស៊ុតទម្លុះសំណាញ់ទីរបស់ភ្នំពេញក្រោន ចំនួន៣គ្រាប់ជាប់ៗគ្នា គឺនៅនាទីទី២៩ នាទីទី៤៥+១ និងនាទីទី៥៤។

ជាមួយលទ្ធផលនេះ ភ្នំពេញក្រោន បានធ្វើការវាយបកវិញយ៉ាងខ្លាំង ដើម្បីដាក់សម្ពាធទៅលើ បឹងកេត។ ភ្នំពេញក្រោន បានបង្កើតឱកាសនៅមុខទី បឹងកេត ជាបន្តបន្ទាប់ ប៉ុន្តែការតែតបាល់សំដៅទីរបស់ក្រុមនេះ ត្រូវបានសង្រ្គោះដោយ ស៊ូ យ៉ាទី ខណៈ២គ្រាប់ទៀត ទៅប៉ះរបារទី និងបង្គោលទី គឺមានតែខ្សែប្រយុទ្ធ កែវ សុខផេង ម្នាក់គត់ ដែលបានស៊ុតបាល់បញ្ចូលទីឲ្យភ្នំពេញក្រោន នៅនាទីទី៨២។

ការបន្តយកឈ្នះលើក្រុមភ្នំពេញក្រោន ក្នុងជើងទី២នេះ បានជួយឲ្យក្រុមបឹងកេត បន្តមានប្រៀបលើក្រុមក្រសួងការពារជាតិ នៅក្នុងសប្តាហ៍ទី១៦នេះ ក្នុងដំណើរប្រជែងគ្នាលើកពាន ក្នុងរដូវកាលនេះ តាមការមាន៤១ពិន្ទុ លើសក្រសួងការពារជាតិ ១ពិន្ទុដដែល និងសល់២ប្រកួតទៀតដូចគ្នា។

ចំណែក ចាន់ វឌ្ឍនាកា មានឱកាសកាន់តែខ្ពស់ ក្នុងការឈ្នះស្បែកជើងមាសក្នុងរដូវកាលនេះ ព្រោះការរកបាន៣គ្រាប់លើកនេះ បានជួយឲ្យគេមាន២១គ្រាប់ និងតាមពីក្រោយដោយខ្សែប្រយុទ្ធកូរ៉េខាងជើង Choe Myong Ho របស់ក្រសួងការពារជាតិ ដែលស៊ុតបញ្ចូលទីបាន១៦គ្រាប់។
ដោយឡែក ក្រុមវេស្ទើន បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-១ នៅកីឡដ្ឋានវេស្ទើន កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញនោះដែរ ហើយការឈ្នះជាលើកដំបូងនេះ បានជួយឲ្យក្រុមវេស្ទើន ឡើងទៅឈរនៅលេខរៀងទី៩ ដោយមាន៧ពិន្ទុ ហើយបានរុញ អាស៊ីអឺរ៉ុប ដែលមាន៦ពិន្ទុ ឲ្យមកឈរ នៅបាតតារាងវិញ៕

The post ចាន់ វឌ្ឍនាកា រកបាន៣គ្រាប់ម្នាក់ឯង ដើម្បីជួយឲ្យបឹងកេត ឈ្នះភ្នំពេញក្រោន appeared first on CamboSport.