រដ្ឋ​មន្ត្រី​សុខាភិបាល​ថាអតីត​ប្រធាន​មន្ទីរ​សុខាភិបាល​ក្រុង​ត្រូវ​តែង​តាំង​ជា​អគ្គាធិការ​រង​នៅ​ក្រសួង

រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដំឡើងអតីតប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ទៅជាអគ្គាធិការរងនៃក្រសួងសុខាភិបាល មួយថ្ងៃក្រោយពីមន្ត្រីសុខាភិបាលរូបនេះត្រូវបានដកចេញពីតំណែង។

ប្រមុខរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ បានប្រកាសនៅតាមវិទ្យុ ABC ពីការដកតំណែងប្រធានមន្ទីរសុខាភិបាលក្រុង លោក សុខ សុគន្ធ នៅពេលលោកទូរសព្ទដោយផ្ទាល់ទៅកាន់សហការីវិទ្យុមួយនេះ ដែលជាវិទ្យុរបស់លោក សេង ប៊ុនវេង ហៅ អាចារ្យអេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបកស្រាយនៅថ្ងៃអាទិត្យនេះថា ការអនុវត្តច្បាប់របស់លោក សុខ សុគន្ធ មិនខុសនោះឡើយ ប៉ុន្តែលោកថាមានកំហុសខាងនីតិវិធី។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា លោក សុខ សុគន្ធ អាចនឹងត្រូវបានតែងតាំងឡើងវិញ សម្រាប់មុខតំណែងណាមួយនៅពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅល្ងាចនេះថា លោកនាយករដ្ឋមន្ត្រីសម្រេចតែងតាំងលោក សុខ សុគន្ធ ទៅជាអគ្គាធិការរងនៃក្រសួងសុខាភិបាល។

លោក ម៉ម ប៊ុនហេង ក៏បានប្ដេជ្ញាជំរុញឲ្យលោក សុខ សុគន្ធ ប្រឹងប្រែងធ្វើការងារឡើងវិញ បន្ទាប់ពីលោកទទួលបានការអនុគ្រោះពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

មន្ត្រីសុខាភិបាលរូបនេះត្រូវបានលោកនាយករដ្ឋមន្ត្រីដកចេញពីតំណែងពីរថ្ងៃ ក្រោយពីក្រុមមន្ត្រីសុខាភិបាលរាជធានីភ្នំពេញបានចាប់រថយន្តសង្គ្រោះមួយគ្រឿងរបស់វិទ្យុ ABC របស់លោក អាចារ្យអេ បន្ទាប់ពីបានរកឃើញថា រថយន្តនោះត្រូវបានដាក់ឲ្យប្រតិបត្តិការ ដោយពុំមានការចុះបញ្ជីរថយន្តគិលានសង្គ្រោះនិងគ្មានច្បាប់អនុញ្ញាតិពីក្រសួងសុខាភិបាល៕


Related Posts