៤​លាន​ដុល្លារ​ត្រៀម​បាក់​ឌុបឆ្នាំ​នេះ ត្រូវ​ចំណាយ​លើ​អ្វី​ខ្លះ?

​​កញ្ចប់​ថវិកា ១៤ពាន់​លាន​រៀល​ស្មើ​នឹង​ប្រមាណ ៤លានដុល្លារ ត្រូវ​បាន​គ្រោង​ចំណាយ​លើ​ការ​​រៀប​ចំ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ឬ បាក់​ឌុប​ឆ្នាំ២០១៦ នេះ។ ដូច្នេះ ក្នុង​សិស្ស​ម្នាក់​ត្រូវ​ចំណាយ​ប្រហែល ១៤​ម៉ឺន​រៀល​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ដោយ​រដ្ឋ​មន្ត្រី ក្រសួង​អប់រំ​យុវជន​ និង កីឡា​ ឯកឧត្តម ហង់ ជួនណារ៉ុន ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​កន្លង​ទៅ។

 

៤​លាន​ដុល្លារ​ត្រៀម​បាក់​ឌុបឆ្នាំ​នេះ ត្រូវ​ចំណាយ​លើ​អ្វី​ខ្លះ?ឯកឧត្តម ហង់ ជួនណារ៉ុន

 

លោក​ រស់​ សាលីន អ្នកនាំពាក្យ​ ក្រសួង​អប់រំ យុវជន និង កីឡា​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា ​ ថវិកា​នេះ នឹង​ចាយ​លើ៖

 

១.បេសកកម្ម​មន្ត្រី​អប់រំ ដែល​មន្ត្រី​សរុប​ជាង ២៤៩០៨នាក់ ក្នុង​ពេល​ដំណើរការ​សំណេរ ពេល​កំណែ  និង​ពេល​បូក​ស្រង់​សរុបទាំង៣លើក
២. ចំណាយ​លើ​សម្ភារៈ  ដូចជា ក្រដាស​ ប៊ិច ធុង​វិញ្ញាសា និង សោ។ល។​
៣.ចំណាយ​លើ​ការ​បោះពុម្ព​វិញ្ញាសា   និង​ចំណាយ​ផ្សេងៗ​ទៀត​ចាំបាច់​សម្រាប់​ការ​ប្រលង​

 

ចំណាយ​នេះ​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ទៅ ដែល​ក្រសួង​ចំណាយ​ត្រឹមតែ​៣លានដុល្លាប៉ុណ្ណោះ។ នោះ​គឺ​ដោយសារ​  ចំនួន​បេក្ខជន​ប្រឡង អនុរក្ស និង​មណ្ឌល​ប្រឡង ឆ្នាំ​នេះ​សុទ្ធតែ​កើន​ឡើង។

 

សម័យ​ប្រឡង​បាក់​ឌុប​នៅថ្ងៃទី២២  និង ២៣ ខែ​សីហា ឆ្នាំ ២០១៦ខាងមុខនេះមានបេក្ខជនសរុប ប្រមាណ ៩៣៧៥២នាក់​  ដោយ​ក្នុង​នោះ មាន ២៥% ជា​បេក្ខជន​ចាស់​ដាក់ពាក្យ​ប្រឡង​ម្តងទៀត​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧ (កើន​ឡើង ៧មណ្ឌល) និង ៣៧៨១បន្ទប់​ប្រឡង៕

 

៤​លាន​ដុល្លារ​ត្រៀម​បាក់​ឌុបឆ្នាំ​នេះ ត្រូវ​ចំណាយ​លើ​អ្វី​ខ្លះ?

សកម្មភាព​ត្រួត​ពិនិត្យ​ពេល​ប្រលង​ឆ្នាំ​មុន

 

អត្ថបទ៖ លីដា ​