ប៉ូលិស​ថៃ​ថា​ពួកគេ​ដឹង​ថា​អ្នក​ណា​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នា​ពេល​ថ្មីៗ​នេះ

ប៉ូលិសថៃនិយាយថា ពួកគេដឹងថាអ្នកណានៅពីក្រោយការបោកគ្រាប់បែកដ៏ប្រល័យជាបន្តបន្ទាប់នាពេលថ្មីនេះ ហើយយ៉ាងហោចណាស់មានបុរសម្នាក់ដែរ ត្រូវបានឃុំខ្លួនដើម្បីធ្វើការសាកសួរ។

អ្នកនាំពាក្យប៉ូលិសជាតិលោកអគ្គស្នងការរង Piyapan Pingmuang បានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងបាងកកនៅថ្ងៃអាទិត្យនេះថា ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើរឿងនេះ។ លោកបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមនោះទេ។

មន្ត្រីអាជ្ញាធរថៃកំពុងស្វែងរកអ្នកដែលទទួលខុសត្រូវសម្រាប់ការវាយប្រហារដោយគ្រាប់បែកទ្រង់ទ្រាយតូចចំនួន ១១ ករណី ដែលបានសម្លាប់មនុស្សអស់ ៤ នាក់ និងធ្វើឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុងទេសចរសំខាន់របស់ប្រទេសថៃកាលពីយប់ថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រកន្លងទៅនេះ។

ប៉ូលិសបាននិយាយថា ពួកគេមិនដាក់ការសង្ស័យលើក្រុមពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមអន្តរជាតិថានៅពីក្រោយការវាយប្រហារនោះទេ ប៉ុន្តែបានហៅការវាយប្រហារទាំងនេះថាជា «សកម្មភាពបំផ្លិចបំផ្លាញ‍» ដែលទំនងជាធ្វើឡើងដោយក្រុមមនុស្សដែលមានគំនិតនយោបាយផ្សេងមួយនៅក្នុងប្រទេសថៃនេះតែម្ដង។ មន្ត្រីខ្លះបានរិះគន់ទៅលើក្រុមបះបោរមូស្លីមនៅក្នុងខេត្តភាគខាងត្បូងបំផុតរបស់ប្រទេសថៃ ប៉ុន្តែមិនមានក្រុមណាមួយចេញមកអះអាងទទួលខុសត្រូវលើការវាយប្រហារនេះនោះទេ។

ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងចំពេលប្រារព្ធខួបចម្រើនព្រះជន្មព្រះមហាក្សត្រីយានី Sirikit ដែលជាថ្ងៃឈប់សម្រាករបស់ប្រទេសថៃ ហើយការបំផ្ទុះគ្រាប់បែកមួយកន្លែងកើតឡើងនៅឯតំបន់ទេសចរមាត់សមុទ្រ ក្រុង Hua Hin ដែលជាក្រុងដែលព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានីថៃមានព្រះរាជវាំងនៅទីនោះ។ រដ្ឋាភិបាលយោធាថៃ ដែលបានកាន់អំណាចតាំងពីរដ្ឋប្រហារឆ្នាំ ២០១៤ មក ចាត់ទុកខ្លួនឯងថាជាអ្នកការពាររបបរាជានិយម៕

ប្រភព៖ VOA


Related Posts