ចំណាប់អារម្មណ៍ និងការត្រៀមខ្លួនរបស់ប្អូនៗ ថ្នាក់ទី១២ នៅថ្ងៃប្រលងបាក់ឌុប! ចង់ដឹងអត់ថា ពួកគេមានអារម្មណ៍យ៉ាងដូចម្តេច?

ពេលវេលាកាន់តែកៀកទៅៗហើយ សម្រាប់ប្អូនៗ សិស្សានុសិស្ស ដែលរៀនថ្នាក់ទី១២ សម្រាប់ត្រៀមខ្លួនប្រលងបញ្ចប់ឆ្នាំ  ក្រោយពីព្យាយាមពុះពារគ្រប់ឧបសគ្គ តាំងពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ ពោលគឺសរុប រយៈពេល១២ឆ្នាំកន្លងមកនេះ ជឿជាក់ថា សិស្សានុសិស្ស ថ្នាក់ទី១២ គ្រប់មជ្ឈដ្ឋានទាំងអស់គ្នា ប្រាកដជាបានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ពេលវេលាដ៏មានតម្លៃមួយនេះ គឺ «ប្រលងបាក់ឌុប»  ឬ មធ្យមសិក្សាទុតិយភូមិ

ការប្រលងបាក់ឌុប នឹងចាប់ផ្តើមប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ដោយមានការចូលរួមប្រលងពីសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ ប្រមូលផ្តុំគ្នា ប្រលង នៅតាមបណ្តាទូទាំងខេត្ត ក្រុង និងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជាការពិតណាស់ ការប្រលងបាក់ឌុប ពិតជាមានន័យ និងមានសារៈសំខាន់ណាស់ចំពោះ សិស្សានុសិស្សគ្រប់រូប ព្រោះនេះជាពេលវេលាមួយ ដែលពួកគេ ទន្ទឹងរង់ចាំអស់រយៈពេលជាយូរ ហើយពួកគេជឿជាក់ថា នេះគឺជាគោលដៅក្នុងការសម្រចបាន និងជាក្តីស្រមៃ ឬបំណងប្រាថ្នារបស់សិស្សានុសិស្សគ្រប់រូបផងដែរ។ ក្នុងនោះដែរ ជឿជាក់ថា ក៏មានសិស្សមួយចំនួនធំ បានរៀបចំខ្លួនរួចជាស្រេចហើយ សម្រាប់ត្រៀមបញ្ចេញនូវសមត្ថភាពក្នុងការប្រលងនេះ ពីព្រោះការប្រលងបាក់ឌុបនៅសម័យនេះ គឺមានការរឹតបន្តឹងខ្លាំង រហូតដល់មានពាក្យមួយឃ្លាគេតែងតែចំណាំនិយាយថា «អ្នកចេះគឺជាប់» ។ 

ទាក់ទិននឹងការប្រលងនាពេលខាងមុខនេះវិញ តើចង់ដឹងទេថា ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ មានអារម្មណ៍យ៉ាងណា ចំពោះការប្រលង?  តើពួកគេបានត្រៀមអ្វីខ្លះហើយសម្រាប់ការប្រលងខាងមុខនេះ? ដូច្នោះហើយទើប Khmerload បានឆ្លៀតឱកាសនេះ ចុះទៅសាកសួរពីអារម្មណ៍ប្អូនៗផ្ទាល់ នៅតាមបណ្តាវិទ្យាល័យមួយចំនួន ដើម្បីចង់ដឹងពីចំណាប់អារម្មណ៍ និងការត្រៀមខ្លួនរបស់ពួកគាត់៖

ជាបឋម ជួបជាមួយប្អូនប្រុសដែលមានឈ្មោះថា «រតនៈ» ដែលប្អូនជាសិស្សថ្នាក់ទី១២ សិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ប្អូនបានរៀបរាប់ពីអារម្មណ៍ពិតរបស់ប្អូនទាក់ទងនឹងការប្រលងបាក់ឌុបថា «ជិតប្រលងបាក់ឌុប ខ្ញុំមានអាម្មណ៍ភ័យបន្តិចដែរ ប៉ុន្តែក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ» ។ ប្អូនប្រុសរតនៈ បានបន្តទៀតថា «ចំពោះការត្រៀមខ្លួនប្រលងវិញ រាល់ថ្ងៃខ្ញុំរៀនគួរតាំងពីថ្ងៃត្រង់ ដល់ល្ងាច ចាប់តាំងពីថ្ងៃត្រង់ម៉ោង១១ រហូតដល់ម៉ោង៥ល្ងាច មានពេលតែ១ម៉ោងសម្រាប់ញ្ញុំាំបាយតែប៉ុណ្ណោះ ហើយសូម្បីថ្ងៃសៅរ៍ ថ្ងៃអាទិត្យក៏ខ្ញុំសិក្សាគួរបន្ថែមដែរ។ ចំនែកឯនៅផ្ទះវិញខ្ញុំក៏មិនមានពេលទំនេរទៅធ្វើរឿងឥតប្រយោជន៍ដែរ គឺថាខ្ញុំចាប់ផ្តើមរៀនខ្លួនឯងពេលយប់ បន្ទាប់ពីញ៉ាំបាយល្ងាចរួច ចំនែកឯពេលព្រលឹមវិញ ខ្ញុំតែងតែក្រោកម៉ោង៥ ជាប្រចាំដើម្បីសូត្រមេរៀនបន្ថែម ប៉ុន្តែពេលខ្លះ ខ្ញុំក៏ឆ្លៀតពេលសម្រាកខ្លះដែរ មិនអាចរៀនជាប់ចឹងពេករហូតទេ »

យើងដឹងហើយថា ការប្រលងថា្នក់ទី១២ ក្នុងសម័យកាលនេះ មានការរឹតបន្តឹងជាងមុន ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទាក់ទងនឹងបញ្ហានេះ ប្អូនប្រុសរតនៈដដែលបានបន្ថែមទៀតថា « ក្នុងការរឹតបន្តឹងនេះដែរ ខ្ញុំគិតថា វាគឺជាកត្តាមួយដ៏ល្អដែរ សម្រាប់ជំរុញឲ្យសិស្សានុសិស្សយើងខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួនឯង និងជួយលើកស្ទួយវិស័យអប់រំផងដែរ»

ជាចុងក្រោយ ប្អូនប្រុសបានថ្លែងមកកាន់ Khmerload ថា «ចំពោះការប្រលងនេះ ខ្ញុំសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ ហើយក៏សូមផ្តែផ្តាំទៅសិស្សថ្នាក់ទី១២ ដូចគ្នាផងដែរថា សូមឲ្យអ្នកទាំងអស់គ្នាខំប្រឹងរៀន ព្រោះរយៈពេលកាន់តែខ្លីទៅៗហើយ ចឹងមានតែខំ ទើបទទួលបានលទ្ធផលល្អ» ។  

ក្រលេកមកមើលប្អូនប្រុសមាឌធំសង្ហាម្នាក់ទៀត ដែលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិដូចគ្នាដែរ ប្អូនប្រុសមានឈ្មោះ «វីរៈ» ដែល វីរៈគឺជាសិស្សពូកែមួយរូប ប្អូនបានប្រាប់មក Khmerload ថា «ចំពោះកាប្រលងបាក់ឌុបដែលខិតជិតមកដល់នេះ ខ្ញុំមានអារម្មណ៍ថា ធម្មតា ពីព្រោះខ្ញុំបានត្រៀមខ្លូនរួចជាស្រេចហើយ ហើយក៏មិនមែនទើបតែចាប់ផ្តើមប្រឹងរៀននោះដែរ ចំនែកឯរាល់ថ្ងៃនេះ ខ្ញុំក៏នៅតែបន្តរៀនគួរបន្ថែមទៀតដែរ ដើម្បីយកចំនេះបន្ថែមទៀត។ ហើយចំពោះនៅផ្ទះវិញ ខ្ញុំមិនត្រឹមតែរៀនពេលយប់មុនចូលគេងនោះទេ ភ្ញាក់ពីព្រលឹមក៏ខ្ញុំរៀនដែរ គឺសូត្រមេរៀន ទៅលើមុខវិជ្ជាដូចជា ជីវៈវិទ្យា និងប្រវត្តិវិទ្យា ដើម្បីត្រៀមប្រលង»

ទាក់ទងនឹងការរឹតបន្តឹង ក្នុងការប្រលងបាក់ឌុបនេះ ប្អូនប្រុសវីរៈ ក៏មានមតិបន្តិចបន្តួចដែរថា «ចំពោះការរឹតបន្តឹងនេះ ខ្ញុំយល់ថាល្អ ពីព្រោះការធ្វើបែបនេះ គឺឲ្យតម្លៃដល់អ្នកខំប្រឹងរៀន ជាពិសេសចំពោះអ្នករៀនពូកែ» ។ ដូចដែលបានរំលឹកពីដើមខាងលើអញ្ជឹង សព្វថ្ងៃនេះក្រសួង បានប្រកាន់នូវគោលជំហរ «អ្នកចេះគឺជាប់» ដែលធ្វើសិស្សានុសិស្សមួយចំនួនភ្ញាក់រលឹកខំប្រឹងប្រែងរៀនវិញ ក៏ដូចជាដើម្បីជួយលើកស្ទួយដល់វិស័យអប់រំផងដែរ មិនថែមតែប៉ុណ្ណោះពួកគេនឹងទទួលបានលទ្ធផលល្អទៀតផង។ ទាក់ទងនឹងលទ្ធផលនេះដែរ ប្អូនប្រុស វីរៈ ក៏ថ្លែងមកកាន់ Khmerload បន្ថែមទៀតថា «ចំពោះលទ្ធផលប្រលង ខ្ញុំចង់បាននិទ្ទេស A ឬ B ហើយក៏សង្ឃឹម ៧០% ដែរចំពោះលទ្ធផលមួយនេះ»

ជាចុងក្រោយប្អូនប្រុសមានពាក្យផ្តែផ្តាំមួយចំនួន ដល់អ្នកប្រលងទី១២ ដូចគ្នាផងដែរថា «ខ្ញុំសូមផ្តែផ្តាំទៅដល់អ្នកប្រលងបាក់ឌុបទាំងអស់គ្នា ឲ្យខំប្រឹងរៀនឡើង ព្រោះទឹកជិតដល់ច្រមុះហើយ ដូច្នេះសូមឲ្យអ្នកទី១២ ទាំងអស់គ្នាបង្កើនម៉ោងរៀនជាងមុនទៅ កុំលេងសើចម៉ោងរៀន»

ចាប់អារម្មណ៍ប្រិយមិត្តទាំងអស់គ្នា មកជួបជាមួយប្អូនស្រីនៅវិទ្យាល័យបាក់ទូកវិញម្តង ដែលប្អូនមានឈ្មោះថា «ជូ» សព្វថ្ងៃប្អូនរៀនថ្នាក់ទី១២ កំពុងតែត្រៀមខ្លួនប្រលងដូចគ្នា ។ ប្អូនស្រីជូ បានថ្លែងប្រាប់ Khmerload ថា «ខ្ញុំរាងភ័យដែរ ចំពោះការប្រលង ពីព្រោះមិនដឹងថា ប្រធានវិញ្ញាសារប្រលងនោះ ចេញពីអ្វីទេ ថ្វីត្បិតរាល់ថ្ងៃខ្ញុំរៀនបានច្រើនក៏ពិតមែន ហើយណាមួយទៀត ភ័យខ្លាចនូវអ្វីដែលខ្ញុំខំប្រឹងប្រែងក្លាយជាអាសារបង់ទៀត»

ប្អូនបានបន្តទៀតអំពីការត្រៀមខ្លួនប្រលង៖ «ក្នុងមួយថ្ងៃខ្ញុំរៀនគួរ៥ម៉ោងពេញ ហើយក្រៅពីនេះ ខ្ញុំរៀនខ្លួនឯងនៅផ្ទះបន្ថែម ជាពិសេសរៀនធ្វើលំហាត់គណិតវិទ្យា គីមី ជីវៈ និងរូបវិទ្យាជាដើម និយាយរួមរៀនដល់យប់ប្រហែលម៉ោង១១ ទើបចូលគេង តែពេលខ្លះត្រូវការពេលសម្រាកដែរ ព្រោះពេលខ្លះរៀនអត់ចូល»

ប្អូនស្រីបានបន្ថែមទៀតថា «បើនិយាយពីការសិក្សាវិញ ខ្ញុំខំប្រឹងរៀនតាំងពីដើមមកម្លេះ មិនមែនទើបតែខំពេលរៀនថ្នាក់ទី១២នេះទេ» ។ជាមួយគ្នានេះដែរ Khmerload ក៏បានចោទជាសំណួរទាក់ទងនឹងលទ្ធផលប្រលង ដោយប្អូនស្រីបានឆ្លើយប្រាប់វិញថា «ចំពោះលទ្ធផលប្រលង ខ្ញុំចង់បានត្រឹមតែ និទ្ទេស B ទេ គឺ B បានហើយ ខ្ញុំគិតថា A គឺ Perfect ពេកមិនហ៊ានប្រាថ្នានោះទេ តែបើលទ្ធផលចេញមក A ខ្ញុំនឹងពេញចិត្តទទួលយក (ប្អូនស្រីសើច)»

ហើយជាចុងក្រោយប្អូនស្រីក៏បានផ្តែផ្តាំទៅអ្នកទី១២ ដូចគ្នាក្នុងន័យដ៏សាមញ្ញបំផុត «ខ្ញុំសូមជូនពរឲ្យអ្នកប្រលងទី១២ ជាប់ទាំងអស់គ្នា ជាពិសេសខ្ញុំ និងមិត្តភក្កិជាច្រើនទៀត។ យើងខំប្រឹងរៀនតាំងពីដើមមកហើយ ដូច្នេះកុំឲ្យឱកាសមួយនេះខកខាន ដូច្នេះខំប្រឹងទាំងអស់គ្នា ការតស៊ូនឹងនាំមកនូវជោគជ័យ»

តើប្អូនៗថ្នាក់ទី១២ យល់យ៉ាងដូចម្តេចដែរ ហើយត្រៀមខ្លួនហើយឬនៅសម្រាប់ថ្ងៃប្រលង?

សរុបសេចក្តីមកវិញ ប្រិយមិត្តបានទទួលហើយនូវអារម្មណ៍ពិតៗរបស់ប្អូនៗថ្នាក់ទី១២ ដែលត្រៀមខ្លួនប្រលង ពួកគេសុទ្ធតែបានត្រៀមខ្លួនរួចហើយ សម្រាប់ថ្ងៃប្រលងដែលប្រព្រឹត្តទៅនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយក៏ជឿជាក់ថា ប្អូនៗថ្នាក់ទី១២ផ្សេងៗទៀត មិនថានៅក្នុងរាជធានីភ្នំពេញផ្ទាល់ ឬបណ្តាខេត្តក្រុងនានា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ។

ជាចុងក្រោយ Khmerload សូមជូនពរប្អូនៗដែលរៀនថ្នាក់ទី១២ នឹងត្រូវត្រៀមប្រលងបាក់ឌុបទាំងអស់ ឲ្យប្រលងជាប់ ទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អទាំងអស់គ្នា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចំណាប់អារម្មណ៍ និងការត្រៀមខ្លួនរបស់ប្អូនៗ ថ្នាក់ទី១២ នៅថ្ងៃប្រលងបាក់ឌុប! ចង់ដឹងអត់ថា ពួកគេមានអារម្មណ៍យ៉ាងដូចម្តេច?
រូបភាព៖ ប្អូនប្រុស រតនៈ

ចំណាប់អារម្មណ៍ និងការត្រៀមខ្លួនរបស់ប្អូនៗ ថ្នាក់ទី១២ នៅថ្ងៃប្រលងបាក់ឌុប! ចង់ដឹងអត់ថា ពួកគេមានអារម្មណ៍យ៉ាងដូចម្តេច?
រូបភាព៖ ប្អូនប្រុស វីរៈ

ចំណាប់អារម្មណ៍ និងការត្រៀមខ្លួនរបស់ប្អូនៗ ថ្នាក់ទី១២ នៅថ្ងៃប្រលងបាក់ឌុប! ចង់ដឹងអត់ថា ពួកគេមានអារម្មណ៍យ៉ាងដូចម្តេច?
រូបភាព៖ រូបថតជុំគ្នា របស់ប្អូនស្រី ជូ (ឆ្វេងដៃគ្រូ)

ចំណាប់អារម្មណ៍ និងការត្រៀមខ្លួនរបស់ប្អូនៗ ថ្នាក់ទី១២ នៅថ្ងៃប្រលងបាក់ឌុប! ចង់ដឹងអត់ថា ពួកគេមានអារម្មណ៍យ៉ាងដូចម្តេច?