មុន​ក្លាយ​ជា​អ្នក​ផលិត​ហ្គេម ត្រូវ​ចេះ​រឿង​ទាំង​នេះ

ហ្គេម​នីមួយៗ​មិន​មែន​ងាយ​ស្រួល​បង្កើត តែ​ក៏​មិន​បាន​ន័យ​ថា​ពិបាក​រហូត​បង្កើត​មិន​បាន​នោះ​ទេ។ មុន​អាច​ក្លាយ​ជា​អ្នក​បង្កើត​ហ្គេម​អាជីព​មួយ​រូប ចាំ​បាច់​ត្រូវ​មាន​មូលដ្ឋាន​គ្រឹះ​មួយ​ចំនួន​ទើប​អាច​ទៅ​រួច។

 

មុន​ក្លាយ​ជា​អ្នក​ផលិត​ហ្គេម ត្រូវ​ចេះ​រឿង​ទាំង​នេះ

 

លោក អៀ អ៊ុយ ម្ចាស់​ក្រុមហ៊ុន​ផលិត​ហ្គេម Sabay Osja ឲ្យ​ដឹង​ថា រឿង​ដំបូង​គេ​ មុន​ក្លាយ​ជា​អ្នក​បង្កើត​ហ្គេម ត្រូវ​ពូកែ​លេង​ហ្គេម។

 

លោក អះ​អាង​ថា ចង់​ក្លាយ​ជា​អ្នក​បង្កើត​ហ្គេម ត្រូវ​ចេះ​និង​ចូលចិត្ត​លេង​ហ្គេម​គ្រប់​ប្រភេទ ​កាន់​តែ​ច្រើន រឹត​តែ​ល្អ។ បទ​ពិសោធន៍​លេង​ហ្គេម​ច្រើន​ប្រភេទ នឹង​ធ្វើ​ឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​និង​ស្គាល់​ពី​តាក់តិច​មួយ​ចំនួន​នៃ​ដំណើរការ​ហ្គេម។

 

ក្រៅ​ពី​ការ​ចូលចិត្ត​លេង​ហ្គេម​ដែល​ជា​ជំហាន​ដំបូង ត្រូវ​មាន​ចំណេះ​ដឹង​ផ្នែក សរសេរ​កូដ គូរ​រូប និង Animation Sound ជា​ដើម។ ប៉ុន្តែ​ការ​បង្កើត​ហ្គេម​តែ​ម្នាក់​ឯង​បែប​នេះ លំបាក​ខ្លាំង​និង​ត្រូវ​ចំណាយ​ពេល​យូរ មិន​ដូច​ការ​បង្កើត​ហ្គេម​ជា​ក្រុម​មាន​គ្នា​ច្រើន។

 

លោក អៀ អ៊ុយ ផ្ទាល់​ថា​មុន​មាន​ឈ្មោះ​ដូច​សព្វ​ថ្ងៃ លោក​តែង​តែ​ចូលចិត្ត​លេង​ហ្គេម​គ្រប់​ប្រភេទ​ជា​រហូត​ជំរុញ​ទឹក​ចិត្ត​ឲ្យ​បង្កើត​ហ្គេម​ខ្លួន​ឯង​លេង។ បើ​ចង់​ក្លាយ​ជា​អ្នក​បង្កើត​ហ្គេម​អាជីព មិន​ត្រូវ​ខ្លាច​នឿយហត់ ព្រោះ​ជួន​កាល​ត្រូវ​ចំណាយ​ពេល​ដល់​យប់​ជ្រៅ​សឹង​មិន​បាន​សម្រាក ដើម្បី​ស្រាវជ្រាវ​ហ្គេម​នីមួយៗ៕

 

អត្ថបទ៖ ប៉ែត ផាន់និត