គណបក្ស​សង្គ្រោះជាត​​​ិ​​​មាន​​​ការ​​​ប្រយ័ត្នប្រយែងទាក់ទិននឹង​​​​យុទ្ធនាការតវ៉ា​​​​ ‘ថ្ងៃច័ន្ទពណ៌ខ្មៅ’

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនិយាយ ថាពួកគេមិនមានផែនការចូលរួមការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ជាផ្លូវការក្នុងការគាំទ្រដល់សកម្មជនសិទ្ធិមនុស្សដែលជាប់ពន្ធនាគារទេ ប៉ុន្តែពួកគេនឹងស្លៀកពាក់ខ្មៅទៅធ្វើការ ហើយនឹងប្រាប់ដល់អ្នកដែលមកកាន់ការិយាល័យរបស់ខ្លួនឲ្យស្លៀកពាក់ដូចគ្នានេះដែររៀងរាល់ថ្ងៃច័ន្ទ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងនៅក្នុងវីដេអូឃ្លីបបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ថា “រហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិមិនមានផែនការរៀបចំចូលទៅក្នុងការសម្តែងមតិដោយស្លៀកពាក់ខ្មៅតាមទីសាធារណៈនោះទេ។ ដូច្នេះខ្ញុំសូមបញ្ជាក់ទៅរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច សូមកុំឲ្យមានការបារម្ភ”។ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា គណបក្សរបស់លោកមានផែនការស្លៀកពាក់ខ្មៅនៅថ្ងៃច័ន្ទ ដើម្បីគាំទ្រយុទ្ធនាការនេះ ដោយធ្វើឲ្យមានការព្រមានពីរដ្ឋាភិបាលដែលបានលើកឡើងថា ការតវ៉ាដោយសន្តិវិធីនេះ គឺខុសច្បាប់ ហើយគំរាមកំហែងដល់សន្តិសុខ។ លោក អេង ឆៃអ៊ាង បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមតំណាងរាស្ត្រនឹងចាប់ផ្តើមស្លៀកពាក់ខ្មៅទៅធ្វើការរៀងរាល់ថ្ងៃច័ន្ទ ប៉ុន្តែ បានអះអាងថា ពួកគាត់នឹងមិនចូលរួមយុទ្ធនាការនោះទេ។ ដោយសំដៅដល់ការតវ៉ាដែលបានធ្វើរយៈពេល១៥សប្តាហ៍កន្លងមកដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សមកពីសមាគមអាដហុក៤រូប និងមន្ត្រីរៀបចំការបោះឆ្នោតមួួយរូបដែលបានជាប់ពន្ធនាគារក្នុងអ្វីដែលមជ្ឈដ្ឋានទូទៅជឿថា ជាសំណុំរឿងមានហេតុផលនយោបាយនោះ លោកបានថ្លែងថា “យើងនឹងមិនធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទេ” ។ លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា “យើងស្នើឲ្យថ្នាក់ដឹកនាំរបស់យើងស្លៀកពាក់ខ្មៅ ប៉ុន្តែ វាមិនមែនជាព្រឹត្តិការណ៍អ្វីទេ។នៅថ្ងៃច័ន្ទ ប្រសិនបើមាននរណាមកកាន់ទីស្នាក់ការកណ្តាលរបស់យើង យើងសុំឲ្យពួកគាត់ស្លៀកពាក់ខ្មៅដែរ”។ លោក យឹម សុវណ្ណ ក៏បានប្រកាសកាលពីថ្ងៃសុក្រផងដែរថា សន្និសីទកាសែតប្រចាំថ្ងៃដែលតំណាងរាស្ត្រគណបក្សប្រឆាំងបានផ្តល់ពីទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញចាប់តាំងពីខែឧសភាមកនៅពេលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានទៅសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលគណបក្សដើម្បីគេចពីការចាប់ខ្លួននោះ នឹងបញ្ឈប់។ លោកបានមានប្រសាសន៍ថា គណបក្សនឹងងាកមកផ្តោតធនធានលើការចុះឈ្មោះបោះឆ្នោតនៅតាមបណ្តាខេត្តវិញ។ លោកបានបន្ថែមថា “តំណាងរាស្ត្រទាំងអស់គឺជាផ្នែកនៃក្រុមការងារខេត្ត ដូច្នេះហើយយើងនឹងចុះផ្ទាល់ទៅរៀបចំការចុះឈ្មោះ”។ អំឡុងសិក្ខាសាលានៅទីស្នាក់ការកណ្តាលគណបក្សកាលពីសប្តាហ៍មុន លោក កឹម សុខា បានមានប្រសាសន៍ថា លោកនឹងចាកចេញនៅពេលណាមួយមុនដំណាច់ខែវិច្ឆិកា ដើម្បីចុះឈ្មោះបោះឆ្នោត ប៉ុន្តែ លោកមិនបានលើកឡើងថា តើនៅពេលណានោះទេ៕ សារុន (រាយការណ៍បន្ថែមដោយ គុច ណារ៉េន និង Colin Meyn) © […]

The post គណបក្ស​សង្គ្រោះជាត​​​ិ​​​មាន​​​ការ​​​ប្រយ័ត្នប្រយែងទាក់ទិននឹង​​​​យុទ្ធនាការតវ៉ា​​​​ ‘ថ្ងៃច័ន្ទពណ៌ខ្មៅ’ appeared first on The Cambodia Daily.