បង់​រំលស់​ផ្ទះ​ មាន​ផល​ល្អ​ឬ​ទេ?

ដោយ​សារ​តែ​គ្មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ទិញ​ផ្ទះ​យក​ផ្ដាច់​ មនុស្ស​ជា​ច្រើន​បានសម្រេច​ជ្រើស​រើស​​ការ​បង់​រំលស់​។ តែ​មាន​មតិ​ខ្លះ​យល់​ថា​ នេះ​មិន​មែន​ជា​រឿង​ល្អ​នោះ​ឡើយ។​  ដូច្នេះ​ ការ​បង់​រំលស់​ផ្ដល់​ផល​ល្អ ​ឬ​អាក្រក់​?

 

បង់​រំលស់​ផ្ទះ​ មាន​ផល​ល្អ​ឬ​ទេ?

 

ចំពោះ​លោក វ៉ន ចាន់​ថន នាយក​ប្រតិ​បត្តិ​នៃ​ក្រុម​ហ៊ុន​ TOWN CITY REAL ESTATE CO.,LTD បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​គុណសម្បត្តិ​ គឺ​បង់​រំលស់មាន​ចំណុច​ល្អ​ច្រើន​ជាង។ លោក​បន្ត​ថា តម្លៃ​ផ្ទះ​មិន​នៅ​នឹង​មួយ​កន្លែង​ទេ បើ​អ្នក​រង់ចាំ​រហូត​ដល់​មាន​ប្រាក់​គ្រប់​​ប្រហែល​អាច​ជា​ការ​យឺត​ពេល​ទៅ​វិញ។​ ជាក់​ស្ដែង​ផ្ទះ​ល្វែង​មួយ​តម្លៃ​៤​ម៉ឺន​ដុល្លារ​នា​ពេល​ឥលូវ តែ​២-៣ ឆ្នាំ​ខាង​​មុខ ផ្ទះ​នឹង​ឡើង​លើស​តម្លៃ​នេះ​ អាច​ឈាន​ដល់​ ៦ម៉ឺន​ក៏​ថា​បាន។​​​​

 

លោក​ឧទាហរណ៍​ថា បើ​សព្វ​ថ្ងៃ​អ្នក​កំពុង​ជួល​ផ្ទះ​​មួយ​ខែ​១៥០-២០០ ដុល្លារ ដូច្នេះ​អ្នក​គួរ​យក​ប្រាក់​នេះ​ទៅ​បង់​រំលស់​វិញ​ទៅ​ល្អ​ជាង។ ដោយសារ​ក្នុង​មួយ​ខែ​ៗ​ការ​បង់​រំលស់​ចំណាយ​ប្រហែល​ប៉ុណ្ណឹង​ដែរ​នោះ​ទេ ប្រសិន​បើ​ផ្ទះ​នោះ​តម្លៃ​៤ម៉ឺន​ដុល្លារ។ ម្ល៉ោះ​ហើយ​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​អ្នក​នឹង​មាន​ផ្ទះ​ជា​កម្មសិទ្ធិ​ខ្លួន​ឯង​តែ​ម្ដង។

 

អ្វី​ជា​ការ​កត់សម្គាល់​មួយ​ទៀត​គឺ​ លោក​ថា​ការ​បង់​រំលស់​នេះ​ល្អ​សម្រាប់​តែ​បុគ្គល​ណា​ដែល​មាន​ការងារ​ពិត​ប្រាកដ​ប៉ុណ្ណោះ នោះ​ទើប​បង់​រំលស់មិន​មាន​ហានិភ័យ ​។ បើ​អ្នក​មាន​ប្រាក់​ល្មម​សមរម្យ ការងារ​នឹង​ធឹង​មួយ វា​មិន​ជះ​ផល​អាក្រក់​ខ្លាំង​ចំពោះ​អ្នក​នោះ​ទេ។

 

បង់​រំលស់​ផ្ទះ​ មាន​ផល​ល្អ​ឬ​ទេ?

 

ងាក​មក​លោក ភូ សម្បត្តិ ជំនួយ​ការ​នាយក​នៃ​បុរី​ភ្នំពេញ​ថ្មី​ក៏​អះ​អាង​ស្រដៀង​គ្នា​នេះ​ដែរ។ ជំនួយ​ការ​នៃ​បុ​រី​ដែល​មាន​ទី​តាំង​លើ​ផ្លូវ​១៩៨៦​ក្នុង​ខណ្ឌ​សែន​សុខ​នេះ​យល់​ថា វា​មាន​ចំណុច​ល្អ​ច្រើន។ អ្នក​អាច​ចំណេញ​មួយ​ជា​ពីរ​ក៏​ថា​បាន​ព្រោះ​តម្លៃ​ផ្ទះ​ឡើង​រហូត។ ម្យ៉ាង​ទៀត​ ជម្រើស​បង់​ផ្ទះ​មាន​ច្រើន​ឆ្នាំ ដូច្នេះ​ពលរដ្ឋអាច​បង់​បន្តិច​ម្ដង​ៗ​នោះ ​ក្នុង​រយៈពេល​ណាមួយ​ពួកគេ​អាច​មាន​ផ្ទះ​ជា​កម្មសិទ្ធខ្លួន​ឯង​តែ​ម្ដង។

 

សូម​ស្ដាប់​វីដេអូ​ខាង​ក្រោម៖

 

 

លោក ភូ សម្បត្តិ ​បាន​ប្រាប់​ថា ដើម្បីចៀស​វាង​ទិញ​ផ្ទះ​ហើយ​អា​សារ​បង់​ទៅ​វិញ អ្នក​ទិញ​ត្រូវ​មើល​លើ​កេរ្តិ៍ឈ្មោះ​បុរី​នោះ​ដែល​អាច​ទុក​ចិត្ត​បាន មាន​អាជ្ញា​បណ្ណ​ចេញ​ពី​ក្រសួង​ត្រឹម​ត្រូវ​រួម​ទាំង​ប្លង់​រឹង​ផង​ដែរ ព្រម​ទាំង​សិក្សា​ពី​អតិថិជន​ដែល​បាន​មក​ទិញ​មុន​ៗ​ធ្លាប់​មាន​បញ្ហា​ពី​រឿង​ផ្ទះ​ដែរ​ឬ​ទេ៕

 

សូមអាន៖   អ្នក​​​ប្រាក់​ខែ​ល្មម​ៗ ​បើ​ប្រាថ្នា​​​ទិញ​​​ផ្ទះ​​​​​​នៅ​​ភ្នំពេញបាន គួរ​កុំ​រំលង​ល្បិច​នេះ

 

អត្ថបទ៖ លឹម សុ​នា​​​​​​​​​