បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​រាលដាល​

ក្រោយពេល​ព្រៃ​ឡង់​ត្រូវបាន​ដាក់ចូល​ជា​តំបន់​ការពារ​និង​អភិរក្ស ហើយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន​រួចមក គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ក៏ដូចជា​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដូច​មុន​ដដែល​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ដីធ្លី​ដែល​ត្រូវ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​អ្នកមាន​លុយ អ្នកមានអំណាច ដោយសារតែ​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ មិន​ចាត់វិធានការ​ទប់ស្កាត់​។ មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ធ្លាប់​ប្រាប់​ប្រជាពលរដ្ឋ​ថា ដី​ដែល​ពួកគាត់​សុំ​កាន់កាប់​នាពេល​កន្លងមក​នោះ ជា​ដី​សម្បទាន​របស់​ក្រុមហ៊ុន​យួន​ឈ្មោះ​ស៊ី​អ​ស៊ី​ខេ ក៏ប៉ុន្តែ​ជាក់ស្ដែង​ក្រុមមនុស​មកពី​តំបន់​ផ្សេង​បាន​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​នោះ​យកទៅ​ដាំ​ស្វាយចន្ទី និង​ដំណាំ​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​។

តំណាង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឈូក ឃុំ​សណ្ដាន់ បាន​ឲ្យ​ដឹងថា ដី​ដែល​ពួកគាត់​ស្នើសុំ​កាន់កាប់​នាពេល​កន្លងមក​នោះ មាន​ទំហំ​ប្រមាណ​១០​ហិកតា​នៅ​ចំណុច​ព្រៃ​តា​ធឹ​ក ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ប្រាប់​ពួកគាត់​ថា​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​យួន​ឈ្មោះ​ស៊ី​អ​ស៊ី​ខេ​(CRCK) ក៏ប៉ុន្តែ​កាលពី​ចុងខែ​កក្កដា​កន្លងទៅ​ថ្មីៗ​នេះ ស្រាប់​តែមាន​មនុស្ស​មកពី​តំបន់​ផ្សេង​ប្រមាណ​១៥​គ្រួសារ ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​នោះ​យ៉ាង​គឃ្លើន ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សណ្ដាន់ អំពាវនាវ​ឲ្យ​លោក ឡង គី​សឺ​ង អភិបាលស្រុក​សណ្ដាន់ បកស្រាយ​ឲ្យ​បានច្បាស់លាស់​ករណី​មនុស្ស​ពី​តំបន់​ផ្សេង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ឡង់​នៅ​ចំណុច​ព្រៃ​តា​ធឹ​ក ភូមិ​ឈូក ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ស៊ី​អ​ស៊ី​ខេ​របស់​យួន ទទួលបាន​ដី​សម្បទាន​នៅ​តំបន់​ព្រៃ​ឡង់​ប្រមាណ​ជាង​៦០០០​ហិកតា​សម្រាប់​ដាំ​កៅស៊ូ​កាលពី​ឆ្នាំ​២០១០ ហើយ​ក្រុមហ៊ុន​នេះ​បាន​បំពាន​កាប់​ឈើ​ក្រៅ​បរិវេណ​ដី​សម្បទាន ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​គឃ្លើន​ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។ ចំណែក​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​កាប់​ឈើ​និង​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅក្នុង​ព្រៃ​ឡង់​នៃ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។ ហេតុនេះហើយ​ទើប​មាន​ពលរដ្ឋ​ពី​តំបន់​ផ្សេង​ទៅ​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ក្នុងភូមិ​ឈូក ឃុំ​សណ្ដាន់ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ក្នុងខណៈដែល​លោក ឡង គី​សឺ​ង អភិបាលស្រុក​សណ្ដាន់ គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ព្រៃ​ឡង់​ក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ នៅតែ​ប្រឈម​នឹង​ការ​ឈូសឆាយ​ទន្ទ្រាន​បំផ្លាញ​យ៉ាង​ពេញបន្ទុក​ឥតឈប់ឈរ​៕

អន1-618x3181លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ image