មេ​សន្តិសុខ​យក​អាកា​៤៧​ភ្ជង់​​វាយ​មេការ​សំណង់​ជា​ច្រើន​ស្វាយ​កាំភ្លើង

ខេត្ត​ព្រះ​សីហ​នុ ៖ មេ​សន្តិសុខ​ប្រចាំ​នៅ​បុរី​គុ​ជ​អាស៊ី​បាន​យក​កាំភ្លើង​អាកា​៤៧​ភ្ជង់​មេការ​កម្មករ​សំណង់​ម្នាក់ ហើយ​វាយ​ក្បាល​ជា​ច្រើន​ស្វាយ​កាំភ្លើង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៦ ។

យោង​តាម​ប្រភព​ព័ត៌មាន​ដំបូង​ពី​ក្រុម​កម្មករ​ដែល​បានឃើញ​ហេតុការណ៍​បាន​អះអាង​ថា ពួក​គាត់​ពុំ​ស្គាល់ឈ្មោះ​ជន​បង្ក​ពិតប្រាកដ​នោះ​ទេ គ្រាន់តែ​ស្គាល់​ហស្ស​នាម​មានឈ្មោះ​ព្រះ​ខ័​ណ្ឌ​រាជ្យ ជា​មេ​សន្តិសុខ​ប្រចាំ​នៅ​បុរី​គុ​ជ​អាស៊ី ហើយ​មាន​តួនាទី​មួយទៀត គឺជា​មន្ត្រី​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស កាលពី​វេលា​ម៉ោង​៧​ព្រលប់ ថ្ងៃ​ទី​១៤​សីហា បាន​នាំ​បក្សពួក​ចំនួន​៣​នាក់ មាន​កាំភ្លើង​៣​ដើម កាំភ្លើងខ្លី​២​ដើម និង​កាំភ្លើង​អាកា​៤៧ មួយ​ដើម​មក​ចូល​ក្នុង​រោង​សំរាក​របស់​កម្មក ភ្ជង់​វាយ​ជន​រង​គ្រោះ គ្រាន់តែ​រឿង​ប្អូន​ជន​រង​គ្រោះ​ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ប្អូន​របស់​ខ្លួន​ដែល​ជា​បុគ្គលិក​សន្តិសុខ​នៅ​ទីនោះ ដោយ​ពុំ​បាន​សួរនាំ​រកហេតុ​ផល​អ្វី​ទាល់តែ​សោះ ។

ដោយឡែក បើ​យោង​តាម​ប្រភព​ស្ត្រី​ឈ្មោះ តេ​ង ស្រីខូច ត្រូវជា​ប្រ​ព​ន្ឋ​ជន​រង​គ្រោះ​បាន​អះអាង​ថា ប្តី​របស់​គាត់​ដែល​ត្រូវ​មេ​សន្តិសុខ​វាយ​ឲ្យ​រង​របួសធ្ងន់​នោះ​មានឈ្មោះ ឃឿ​ន សា​រិ​ន អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​មេការ​សំណង់ ។ នៅ​ថ្ងៃ​កើតហេតុ​ជា​ថ្ងៃអាទិត្យ ក្រុម​កម្មករ​ទាំងអស់​ត្រូវ​ឈប់​សំរាក នៅ​វេលា​ម៉ោង​ប្រហែលជា​៥​ល្ងាច ប្អូនថ្លៃ​របស់​គាត់​បាន​ទៅ​លេង​បាល់ទះ​ជាមួយ​ក្រុម​សន្តិសុខ ហើយ​បាន​ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ប្អូន​របស់​ឈ្មោះ​ព្រះ​ខ័​ណ្ឌ​រាជ្យ ទើប​មាន​ទំនាស់​ពាក្យ​សំដី​នឹង​គ្នា​បន្តិចបន្តួច ហើយ​ក៏​បាន​បែកផ្លូវ​គ្នា​រៀង​ៗ​ខ្លួន រហូត​ដល់​វេលា​ម៉ោង​ជិត​៧​ព្រលប់ ស្រាប់តែ​ឃើញ​ឈ្មោះ​ព្រះ​ខ័​ណ្ឌ​រាជ្យ​បាន​នាំ​បក្សពួក រួម​ជាមួយ​កាំភ្លើង​គ្រប់​ដៃ​ចូល​មក​ស្រែកសួរ​ថា អាណា​ធ្វើ​ឲ្យ​ម៉ូតូ​ប្អូន​អញ​ដួល នៅ​ពេល​នោះ​ប្តី​របស់​គាត់​ដែល​កំពុង​អង្គុយ​ផឹក​នៅ​ទីនោះ​ក៏​បាន​ឆ្លើយ​ថា បង​មានរឿង​អី​និយាយ​គ្នា​សិន​ទៅ រឿង​ក្មេង​ៗ​ទុក​ឲ្យ​ក្មេង​ៗ​ជា​អ្នក​ដោះស្រាយ​ទៅ ភ្លាម​នោះ​ស្រាប់តែ​ឈ្មោះ​ព្រះ​ខ័​ណ្ឌ​រាជ្យ បាន​យក​កាំភ្លើង​អាកា​៤៧​មក​ភ្ជង់ និង​វាយ​ប្តី​របស់​គាត់​ជា​ច្រើន​ស្វាយ​កាំភ្លើង បណ្ដាល​ឲ្យ​ប្តី​របស់​គាត់​រង​របួសធ្ងន់ បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន​ភ្លាម​ៗ បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មក​ដល់​ឃាត់ខ្លួន​ឈ្មោះ​ព្រះ​ខ័​ណ្ឌ​រាជ្យ​តែ​ម្តង ។

ដោយឡែក​ភាគី​ឈ្មោះ​ព្រះ​ខ័​ណ្ឌ​រាជ្យ យើង​នៅ​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ ព្រោះ ដោយសារ​ពេល​យប់ ហើយ​ម្យ៉ាងទៀត​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ឯ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត  ៕