​ផឹកស៊ីសុខៗ​​រត់​​​​ប្រសាច តែ​​ម្នាក់​​ស្លាប់​ ព្រោះ​រត់​អត់​ទាន់​​​​​គេ​

ខេត្ត​មណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​​ត្រូវ​ផ្ទះ​​បាក់​សង្កត់​លើ ខណៈ​គាត់​កំពុង​អង្គុយ​ផឹកស្រា​ជាមួយ​មិត្ត​ភក្តិ​​ក្រោម​ផ្ទះ ​ដែល​ហេតុការណ៍​នេះ​បង្កឱ្យ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​​​០៦ ​និង​១០​នាទី​​យប់​​ថ្ងៃ​ទី​១៤​ សីហា​ ២០១៦ ស្ថិត​ក្នុងភូមិ​រណែង​ក្រៅ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។

ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះ​ដែល​ស្លាប់ឈ្មោះផល ភ​ក្តី អាយុ​២៣​ឆ្នាំ រស់នៅ​​​ក្នុងភូមិ-​ឃុំកើតហេតុ​ខាងលើ ចំណែក​​៤​នាក់​ទៀត​ រង របួសធ្ងន់-​ស្រាល​​ ត្រូវ​គេ​ប​ញ្ជូន​ទៅ​សំរាក​ព្យាបាលនៅ​មន្ទីរពេទ្យ​ឯកជន​។

អ្នក​ឃើញ​ហេតុការណ៍​​បាន​​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​បុរស​​មួយ​ក្រុម​រួម និង​ម្ចាស់ផ្ទះ ឈ្មោះ​ឈឹ​ម ផា​ន្នី បាន​នាំ​គ្នា​អង្គុយ​ផឹកស៊ី​នៅ​ក្រោមផ្ទះ ។​ លុះ​ផឹក​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែមានខ្យល់​បោកបក់​មក​យ៉ាង​ខ្លាំង ដោយ​មុខ​ខ្យល់​នោះ ​គឺ​បោកបក់​ចំ​ផ្ទះ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​​បាក់​ទាំង​​កំរោល ផ្អើល​មនុស្ស​រត់​ចេញ​ទាំង​ប្រសាច​ពីក្រោម​ផ្ទះ​ខ្លះ​ទាន់ ខ្លះ​មិន​ទាន់​ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ​ គេ​ក៏​​ឃើញ​ជន​រង​គ្រោះ​ម្នាក់ដួល​ដេក​នៅ​ក្រោម​គំនរ​ឈើ​បាក់បែកនោះ ហើយ​គេ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ភ្លាម​ៗ​ទៅ​ហើយ ជាមួយ​គ្នា​នោះ​ក៏​មានមនុស្ស៤​នាក់​ផ្សេង​ទៀត​ រង​របួសធ្ងន់-​ស្រាល​ផង​ដែរ​ ។ ​

គួ​រ​បញ្ជាក់ថា ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ខេត្ត​ភាគ​ឥ​សាន្ត​មួយ​នេះកាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​ បាន​ធ្វើ​​ឱ្យលំនៅ​ឋាន​ប្រជាពលរដ្ឋ សត្វ​ពា​ហ​នៈ និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ ​រង​ការ​ខូចខាតយ៉ាងដំណំ ។