គោ១​ហ្វូង​​ដើរទេសចរណ៍ពេញផ្លូវ​

រាជ​ធានី​ភ្នំពេញ ៖ សត្វ​គោ​៩​ក្បាល​​វង្វេង​ម្ចាស់​ដើរ​ពេញ បង្ក​ឱ្យ​ស្ទះចរាចរណ៍​តាំងពី​ផ្សារ​ស្ទឹង​មាន​ជ័យ ​រហូត​ដល់​ម្តុំ​មន្ទីរពេទ្យ​មិត្ត​ភាព​​ខ្មែរ​សូ​វៀត សំណាងល្អ​ មាន​សមត្ថកិច្ច​គៀង​ឱ្យ​ចូល​នៅ​មួយ​កន្លែង​ ទើប​ស្វែងរក​ម្ចាស់​តាម​ក្រោយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧ ​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ​សីហា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ​ត្រង់​​ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-
សូ​វៀត ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ប្រភព​ឱ្យ​ដឹងថា ម្ចាស់​គោ​​ត្រូវគេស្គាល់​ឈ្មោះ​សុខ សុ​វុន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

តាម​​ប្រភព​​​ពី​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​​​​​ឱ្យ​​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​គោមួយ​ហ្វូង​​មាន​ចំនួន​៩​ក្បាល​ មិនដឹង​ថា ​ម្ចាស់​គោ​គាត់​រវល់​ធ្វើ​អី​នោះ​ទេ​ បានជា​គោ​៩​ក្បាល​នោះ​វង្វេងផ្លូវ​ដើរ​តាំងពី​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ដើរ​កាត់​ផ្សារ​ស្ទឹង​មាន​ជ័យ រហូត​ដល់​ផ្លូវ​២៧១ មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត សំណាង់ល្អ​សមត្ថកិច្ច​ល្បាត​នៅ​ម្តុំ​នោះ​ជួយ​សំរួល​ចរាចរណ៍​នឹង​គៀង​អោយ​គោ​ចូល​នៅ​មួយ​កន្លែង​ទើប​ស្វែងរក​ម្ចាស់​ទើបនឹង​ថា​ម្ចាស់​គោ​គាត់​នៅ​ភូមិ​ព្រែក​ទាល់​។

ម្ចាស់​គោ​​ឱ្យ​​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​ គាត់​យក​គោ​ឲ្យ​ស៊ី​ស្មៅ​ដូច​រាល់ថ្ងៃ​ដល់​ម៉ោង​ ទើប​គាត់ទៅ​យក​គោ​មក​ផ្ទះ​វិញ នៅ​ល្ងាច​ថ្ងៃ​កើត​ហេតុ​ ស្រាប់តែ​មិនដឹង​យ៉ាងម៉េច​ បានជា​​វង្វេងផ្លូវ​ដើរ​ចេញ​មក​តាម​ផ្លូវ​បែប​នេះ ។

ម្ចាស់​គោ​បាន​ថ្លែងអំណរគុណ​ដល់​សមត្ថកិច្ច​ដែល​ជួយ​រក្សា​ទុក​គោ​របស់​គាត់ ។ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​គាត់​ក៏​បាន​ប្រគល់​​គោ​៩​ក្បាល ​ដែល​វង្វេងផ្លូវ​ទៅ​​ឱ្យ​​ម្ចាស់​​វិញ ។