សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ពុំមាន​ការថយចុះ​នោះទេ

ឈ្មួញ​ធំៗ​ដែលជា​មន្ត្រី​ប្រដាប់អាវុធ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក បើទោះបី​ពេលខ្លះ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ក៏ដោយ​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ ឈើ​គ្រញូង​ទម្ងន់​១២០០​គីឡូក្រាម​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បង្ក្រាប​នៅ​ចំណុច​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ទាក់ទង​នឹង​ការបង្ក្រាប​នេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មកពី​ឈ្មួញ​ឈើ​មិន​ទាក់ទង​សម្របសម្រួល​ជាមួយ​លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ជាមុន ប្រសិនបើ​មានការ​សម្របសម្រួល​នោះ ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ជាមិនខាន​។

​ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​រថយន្ត​ដឹកឈើ​គ្រញូង​កាលពី​យប់​ថ្ងៃទី​១៣ ខែសីហា បាន​ឲ្យ​ដឹងថា​រថយន្ត​នោះ​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-1536 បើក​ចេញពី​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ផ្លូវ​ក្រួស​ក្រហម​នៅក្នុង​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹកឈើ​ខាងលើ​មើលទៅ​ផ្ទុក​របស់​ធ្ងន់​ខុសពី​ប្រក្រតី​ទើប​ឈានដល់​ការដេញ​បង្ក្រាប​តាំងពី​ចំណុច​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ រហូតដល់​ភូមិ​រមាស ឃុំ​តាំងក្រសាំង ទើប​ឃាត់​បាន​។ នៅពេល​កងរាជអាវុធហត្ថ​តាម​បង្ក្រាប​នោះ ក៏មាន​រថយន្ត​ផ្សេង​មួយទៀត​ធ្វើការ​រារាំង​ពីមុខ​រថយន្ត​សមត្ថកិច្ច​ផងដែរ ក៏ប៉ុន្តែ​សមត្ថកិច្ច​តាម​បង្ក្រាប​រហូត​បានសម្រេច​ហើយ​អ្នកបើកបរ​រថយន្ត​ដឹកឈើ​បាន​រត់គេចខ្លួន​។

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​គ្រញូង​១២០០​គីឡូក្រាម​ដែល​ត្រូវ​កងរាជអាវុធហត្ថ​បង្ក្រាប​នោះ គឺជា​របស់​ឈ្មោះ អ៊ឹម សេន ជា​មន្ត្រី​យោធា​នៅ​ខេត្តពោធិ៍សាត់ ហើយ​កន្លងមក​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ និង​ក្នុងស្រុក​ទឹកផុស ខេត្ត​កពង់​ឆ្នាំង មិនដែល​ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ​។ ឈ្មួញ​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ភាគច្រើន​ជាម​ន្ត្រី​យោធា​ក្នុង​ខេត្តពោធិ៍សាត់ ហើយ​ពួកគេ​បាន​យក​មន្ត្រី​ធំៗ​ក្នុង​ខេត្តពោធិ៍សាត់ ធ្វើជា​បង្អែក​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ទៀតផង​។ ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​លេខ​៥០០​នៅ​ឃុំ​លង្វែក បង្ក្រាប​រថយន្ត​បា​ឡែ​ន​១​គ្រឿង​ដឹកឈើ​គ្រញូង​ដែលជា​របស់​ឈ្មោះ អ៊ឹម សេន មន្ត្រី​យោធា​ខេត្តពោធិ៍សាត់ ដែល​ឈរជើង​នៅ​ច្រកព្រំដែន​ថ្មដា ស្រុក​វាលវែង ផងដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់ថា ឈ្មួញ​ជាម​ន្ត្រី​យោធា​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​គឃ្លើន ហើយ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ រីឯ​ឈ្មួញ​ដែលមាន​ទំនាក់ទំនង​ល្អ​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​រំខាន​ឡើយ​៕

015a2 WAT-1408D WAT-1408E