អ្នកមានអំណាច​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​ជីក​រ៉ែ​មាស​តាម​ព្រំដែន​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​លោក ឡុង រុក្ខា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ជនជាតិ​យួន​៥​នាក់​ចូលមក​ជីក​រ៉ែ​មាស​តាម​តំបន់​ព្រំដែន​ក្នុងភូមិ​ប៉ក់​ធំ រយៈពេល​ប្រមាណ​១០​ថ្ងៃ​មកហើយ​ទើប​សមត្ថកិច្ច​បង្ក្រាប​។ កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ សហការ​ជាមួយ​នគរបាល​ឃុំ​ប៉ក់​ញ៉ៃ បាន​ឃាត់ខ្លួន​ជនជាតិ​យួន​៥​នាក់ និង​សម្ភារៈ​វត្ថុតាង​ជាច្រើន​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​។ ការបង្ក្រាប​នោះ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ហើយ​ក្រោយពេល​ឃាត់ខ្លួន​ជនជាតិ​យួន​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

មន្ត្រី​អាជ្ញាធរ​ឃុំ​ប៉ក់​ញ៉ៃ បាន​ឲ្យ​ដឹងថា នៅពេល​សមត្ថកិច្ច​ចុះបង្ក្រាប​នោះ​គឺមាន​ការឃាត់ខ្លួន​ជនជាតិ​យួន​ចំនួន​៥​នាក់ និង​រឹបអូស​សម្ភារៈ​សម្រាប់​ជីក​រ៉ែ​មាស​មានដូចជា ម៉ាស៊ីនភ្លើង​ធុន​ធំ​១​គ្រឿង ម៉ូ​ទ័​រ​បូមទឹក​ចំនួន​២ រថយន្ត​ឡង់​គ្រឺ​ស័​រ​១​គ្រឿង ព្រមទាំង​ប្រដាប់ប្រដា​ប្រើប្រាស់​មួយចំនួនទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ជនជាតិ​យួន​ទាំង​៥​នាក់​នោះ​ត្រូវបាន​ថៅកែ​ជនជាតិ​យួន​ម្នាក់​ឈ្មោះ គឿង នាំចូល​តាម​ច្រក​លេខ​១៩ ហើយ​ពួកគេ​ធ្វើ​សកម្មភាព​លួច​ជីក​រ៉ែ​មាស​ប្រមាណ​ជាង​១០​ថ្ងៃ​មកហើយ​។ សមត្ថកិច្ច​នគរបាល​ឃុំ​ប៉ក់​ញ៉ៃ បាន​ឲ្យ​ដឹងថា លោក ឡុង រុក្ខា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ ព្រោះ​ពេល​ថ្ងៃ​ជនជាតិ​យួន​ទាំងនោះ​ធ្វើ​សកម្មភាព​ជីក​រ៉ែ​មាស​តាម​ព្រំដែន​ឃុំ​ប៉ក់​ធំ ហើយ​ពេលយប់​ពួកគេ​ទៅ​សម្រាក​នៅផ្ទះ​លោក ឡុង រុក្ខា យ៉ាង​សុខ​ស្រួល​។

មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តរតនគិរី បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ពិនិត្យ​ភាពមិនប្រក្រតី​របស់លោក ឡុង រុក្ខា នាយ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ រឿង​ពាក់ព័ន្ធ​ឃុបឃិត​ឲ្យ​ជនជាតិ​យួន​ចូល​ជីក​រ៉ែ​មាស​ខុសច្បាប់​ក្នុង​ទឹកដី​ខ្មែរ​ជាបន្ទាន់​។ ដោយហេតុថា​លោក ឡុង រុក្ខា កំពុង​ប្រើ​អំណាច​ដើម្បី​ផលប្រយោជន៍​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​រហូត​ហ៊ាន​ឃុបឃិត​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​មក​ជីក​រ៉ែ​មាស​ក្នុង​ទឹកដី​ខ្មែរ​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ យ៉ាង​កំរោល​។ លើស​នេះ​ទៅទៀត​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ឡុង រុក្ខា បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជាដើម​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​គគ្រឹកគគ្រេង​៕

photo_2016-08-13_22-39-57 photo_2016-08-13_22-38-57-300x225 147 photo_2016-08-13_22-39-54-300x225