ឈ្មួញ​យួន​ចូលមក​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​កោះ​ញែក ហើយ​ដឹកជញ្ជូន​ចេញ​តាម​ច្រក​អូរ​យ៉ា​ដាវ យ៉ាង​អនាធិបតេយ្យ​

មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ព្យាយាម​បិទបាំង​រឿង​ឈ្មួញ​ចូលមក​ប្រមូល​ទិញ​ឈើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​លំផាត់ ក្រុង​បាន​លុង ទៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​អនាធិបតេយ្យ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ស្រុក​កោះ​ញែក មិនអាច​បិទបាំង​ការពិត​បានទេ ព្រោះ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​មើលឃើញ​បទល្មើស​ជាក់ស្ដែង​តែម្តង​។ ដោយសារ​តែមាន​ឈ្មួញ​យួន​ចូលមក​ប្រមូល​ទិញ​ឈើ​ដល់​ក្នុង​មូលដ្ឋាន​ស្រុក​កោះ​ញែក​បែបនេះហើយ ទើប​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស កំពុង​ប្រឈម​នឹង​ការ​សេចក្ដី​វិនាស​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​អូរ​រ​វ៉ា​ក់ ជាប់​ប្រ​ប្រទល់​រវាង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​រាប់ពាន់​កំណាត់​ត្រូវបាន​ឈ្មួញ​ជនជាតិ​យួន​ដើរ​ប្រមូល​ទិញយក​មក​គរ​ទុក​នៅផ្ទះ​មន្ត្រី​បរិស្ថាន ក្នុង​ចំណុច​អូរ​រ​វ៉ា​ក់​។ ទាក់ទង​នឹង​បញ្ហា​នេះ​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​លំផាត់ ខេត្តរតនគិរី ជា​អ្នក​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​យួន​ចូលមក​ប្រមូល​ទិញ​ឈើ​យ៉ាង​រលូន ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ចំណែក​លោក ខ្លូត ឃា អធិការនគរបាល​ស្រុក​កោះ​ញែក ទំនងជា​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​ព្យាយាម​បិទបាំង​ការពិត​ថា ពុំមាន​ឈ្មួញ​យួន​ចូលមក​ទិញ​ឈើ​ក្នុងស្រុក​កោះ​ញែក​ឡើយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​ឈ្មួញ​យួន​ប្រមូល​ទិញ​ឈើ​ប្រណីត​រាប់ពាន់​កំណាត់​យកទៅ​ស្តុក​ទុក​នៅផ្ទះ​មន្ត្រី​បរិស្ថាន ចំណុច​អូ​ររ​វ៉ា​ក់ ស្រុ​ល​លំផាត់ ជាប់​ព្រំប្រទល់​ស្រុក​កោះ​ញែក ហើយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ផលប្រយោជន៍​។ សូម្បីតែ​លោក ខ្លូត ឃា​អធិការនគរបាល​ស្រុក​កោះ​ញែក ក៏​ព្យាយាម​បិទបាំង​ការពិត​រឿង​ឈ្មួញ​ជនជាតិ​យួន​ចូលមក​ប្រមូល​ទិញ​ឈើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដែរ បើទោះបី​ប្រជាពលរដ្ឋ​បានឃើញ​ច្បាស់​នឹង​ភ្នែក​ក៏ដោយ​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​លំផាត់ ជាប់​ព្រំប្រទល់​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកជញ្ជូន​ឈើ​ជាច្រើន​គ្រឿង​ចេញពី​ស្រុក​កោះ​ញែក ឆ្លងកាត់​មូល​ដា្ឋ​ន​របស់​ពួកគាត់ ហើយ​ទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន មន្ត្រី​អាវុធហត្ថ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ឃុបឃិត​ដើម្បី​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​៕

d-vn1-500x375 d-vn2-500x375