ដើម​បណ្ដឹង​នៅ​សាលាក្ដី​ខ្មែរក្រហម​ថា លោក ហោ ណាំហុង នៅ​ក្នុង​គុក​បឹងត្របែក

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ក្នុង​សប្ដាហ៍​នេះ បន្ត​សវនាការ​ទាក់ទង​នឹង​អង្គហេតុ​ស្ដីពី​ប្រព័ន្ធ​ពន្ធនាគារ និង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា របប​ខ្មែរក្រហម។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប អះអាង​ថា លោក ហោ ណាំហុង នៅ​ក្នុង​គុក​បឹងត្របែក។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​រស់​នៅ​ប្រទេស​បារាំង មួយ​រូប ឈ្មោះ រស់ ជួស៊ីអ៊ី ថ្លែង​ប្រាប់​អង្គ​ជំនុំជម្រះ​សាលាដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ថា លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ពិត​ជា​ធ្លាប់​នៅ​ក្នុង​គុក​បឹងត្របែក ក្នុង​របប​ខ្មែរក្រហម។

លោកស្រី រស់ ជួស៊ីអ៊ី បញ្ជាក់​បន្ថែម​ថា វត្តមាន​របស់​លោក ហោ ណាំហុង នៅ​ក្នុង​មន្ទីរ​បឹង​ត្របែក នោះ មិន​មែន​ជា​អ្នក​ទោស​ទេ៖ «កាល​ដែល​ខ្ញុំ​មក​បឹង​ត្របែក​ហ្នឹង គឺ​លោក ហោ ណាំហុង ហ្នឹង​ក៏​គាត់​ធ្វើ​ខាង​ប្រធាន​មន្ទីរ​នៅ​បឹងត្របែក​ហ្នឹង​ដែរ។ សួរ៖ តើ​លោកស្រី​ដឹង​ថា គាត់​មាន​មុខងារ​អ្វី​ដែរ ក្នុង​ឋានៈ​គាត់​ប្រធាន​បឹង​ត្របែក​ហ្នឹង? ឆ្លើយ៖ តួនាទី​ជា​ប្រធាន គឺ​ត្រូវ​ចែក​ជា​ក្រុមៗ អ្នក​ដែល​នៅ​ក្នុង​ក្រុម​ហ្នឹង ចាត់ចែង​ការងារ​ហើយ​ធ្វើការ​ខាង​ពលកម្ម​អី​ហ្នឹង។ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​ប្រធាន​ក្រុម​ប្រធាន​មន្ទីរ​អ៊ីចឹង គេ​ចាត់ចែង​ទៅ​ធ្វើការ​ធ្វើ​អី​អ៊ីចឹង»

ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ​អះអាង​ថា លោកស្រី​ជា​ភរិយា​របស់​លោក រស់ សារិន អតីត​អ្នក​រដ្ឋការ​របប​សាធារណរដ្ឋ​ខ្មែរ ព្រមទាំង​កូន ៣​នាក់ ដែល​បាន​ត្រឡប់​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មក​កម្ពុជា​វិញ​នៅ​ខែ​សីហា ឆ្នាំ​១៩៧៦។ គ្រួសារ​របស់​លោកស្រី រស់ ជួស៊ីអ៊ី ត្រូវ​បាន​ពួក​ខ្មែរក្រហម ដាក់​ឱ្យ​រស់​នៅ​ក្នុង​គុក​បឹងត្របែក ដែល​ពួក​ខ្មែរក្រហម​ដាក់​ឈ្មោះ​ថា មន្ទីរ​បឹង​ត្របែក។ លោកស្រី​រក​ឃើញ​ថា ប្ដី​របស់​លោកស្រី​ត្រូវ​បាន​ពួក​ខ្មែរក្រហម​បញ្ជូន​ពី​គុក​បឹងត្របែក ទៅ​សម្លាប់​នៅ​គុក​ទួល​ស្លែង ក្នុង​ឆ្នាំ​១៩៧៧៖ «ខ្ញុំ​ខំ​សម្លឹង​មើល​គ្រប់​រូបថត ឃើញ​មាន​រូប​អ្នក​ដែល​ខ្ញុំ​ស្គាល់​ខ្លះៗ។ ទី​បំផុត​ទៅ ឃើញ​រូបថត​ប្ដី​ខ្ញុំ​តែ​ម្ដង។ ពេល​នោះ​ខ្ញុំ​ស្រែក​ទ្រហោ​យំ​ស្ទើរ​បាត់​ស្មារតី»

ទោះ​ជា​លោកស្រី​អះអាង​ពី​ខាង​ដើម​ថា លោក ហោ ណាំហុង ជា​ប្រធាន​មន្ទីរ​បឹង​ត្របែក​ក្ដី ប៉ុន្តែ​នៅ​ពេល​ដែល​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ (Victor Koppe) សួរ​ដេញដោល​លោកស្រី​ថា តើ​លោក ហោ ណាំហុង មាន​លំដាប់​តួនាទី​ជា​អ្វី ហើយ​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​មនុស្ស​ទៅ​គុក​ស្លែង ឬ​ទេ?

លោកស្រី រស់ ជួស៊ីអ៊ី បដិសេធ​ថា លោក​ស្រី​មិន​បាន​ដឹង​ទេ៖ «ខ្ញុំ​មិន​ដឹង​ច្បាស់​ទេ រឿង​តួនាទី​គាត់​ធ្វើ​អ្វីៗ ខ្លះ​នោះ។ ខ្ញុំ​គ្រាន់​តែ​ឮ​ឈ្មោះ​គាត់​នៅ​ក្នុង​មន្ទីរ​បឹងត្របែក​ហ្នឹង​ប៉ុណ្ណឹង។ សួរ៖ លោកស្រី​ថា​គាត់​ជា​ប្រធាន​បឹងត្របែក តើ​គាត់​ជា​ប្រធាន​ធំ​បំផុត ឬ​ក៏​យ៉ាង​ណា ពាក់ព័ន្ធ​នឹង​មន្ទីរ​បឹងត្របែក​នេះ? ជា​ប្រធាន​តែ​ផ្នែក​ណា​មួយ ឬ​ក៏​ប្រធាន​មន្ទីរ​នេះ​តែ​ម្ដង? ឆ្លើយ៖ ខ្ញុំ​មិន​ដឹង​ច្បាស់​ទេ​ថា គាត់​មាន​តួនាទី​ធ្វើ​អ្វី​ខ្លះ​នោះ។ ខ្ញុំ​គ្រាន់​តែ​ឮ​ឈ្មោះ​គាត់​នៅ​ក្នុង​មន្ទីរ​បឹងត្របែក ហ្នឹង​ដែរ​តែ​ប៉ុណ្ណឹង»

រឿង​រ៉ាវ​ដែល​ថា លោក ហោ ណាំហុង ជា​ប្រធាន​គុក​បឹងត្របែក ក្នុង​របប​ខ្មែរក្រហម​បាន​ក្លាយ​ជា​រឿង​ក្ដីក្ដាំ​គ្នា​រវាង​លោក ហោ ណាំហុង និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក ហោ ណាំហុង បាន​ប្ដឹង​រឿង​នេះ​ដល់​តុលាការ​បារាំង នៅ​ទីក្រុង​ប៉ារីស នៅ​ពេល​ដែល​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០០៨ ថា លោក ហោ ណាំហុង មេ​ជំរំ​បឹងត្របែក។ កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា មាន​ឯកសារ​ផ្ទៃ​ក្នុង​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា បញ្ចេញ​ជា​សាធារណៈ​មាន​ខ្លឹមសារ “លោក ហោ ណាំហុង ជា​មេ​ជំរំ​បឹងត្របែក ហើយ​គាត់ និង​ភរិយា បាន​សហការ​ជា​មួយ​ពួក​ខ្មែរ​ក្រហម ក្នុង​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​ដែល​ជាប់​ឃុំឃាំង​នៅ​ទី​នោះ”។

លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ចាត់​ទុក​ការ​ចោទ​ប្រកាន់​នោះ​ថា ជា​ការ​បរិហារកេរ្តិ៍។ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា លោក ហោ ណាំហុង បញ្ជាក់​តាម​ប្រអប់​សារ​ក្នុង​ហ្វេសប៊ុក របស់​លោក​ថា លោក​បាន​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​ប៉ារីស​ជា​ថ្មី។ លោក​ថា លោក សម រង្ស៊ី ចោទ​មួល​បង្កាច់​លោក​ដែល​មិន​អាច​ទទួល​បាន​ឡើយ ក្នុង​ពេល​ដែល​គ្រួសារ​របស់​លោក​ត្រូវ​ខ្មែរក្រហម​សម្លាប់​អស់​ជិត ៣០​នាក់។ លោក​តែង​តែង​ឆ្លើយ​តម​ការ​ចោទ​ប្រកាន់​ថា លោក​ក៏​ជា​អ្នក​ទោស​នៅ​គុក​បឹងត្របែក​នោះ​ដែរ។

សក្ខីកម្ម​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី រស់ ជួស៊ីអ៊ី ដែល​អតីត​ជា​អ្នក​ទោស​នៅ​គុក​បឹងត្របែក​នោះ គឺ​ជា​សក្ខីកម្ម​ផ្ទុយ​នឹង​ការ​ឆ្លើយ​តប​របស់​លោក ហោ ណាំហុង។ ក៏​ប៉ុន្តែ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា។

ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង ចៅក្រម យ៉ា សុខន ប្រកាស​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា អង្គ​ជំនុំជម្រះ​គ្រោង​ធ្វើ​សវនាការ​ស្ដាប់​ការ​រៀបរាប់​ទុក្ខ​សោក​វេទនា​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​ចំនួន​បន្ត​ទៀត ដែល​ទទួល​រង​ការ​ខូចខាត​ពាក់ព័ន្ធ​នឹង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង និង​អង្គហេតុ​ប្រព័ន្ធ​សន្តិសុខ ជា​ពិសេស គុក​ទួលស្លែង។ ដោយ​ឡែក​នៅ​ថ្ងៃ​អង្គារ ទី​១៦ សីហា អង្គ​ជំនុំជម្រះ​នឹង​ធ្វើ​សវនាការ​បង្ហាញ​ឯកសារ​គន្លឹះ​របស់​ភាគី​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ដែល​បង្ហាញ​សាលាដំបូង កាល​ពី​ថ្ងៃ​សុក្រ ទី​១២ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។