បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ទៅ​ស្រុក​យួន​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត និង​ច្រកព្រំដែន​ក្នុងស្រុក​គិរីវង់ ខេត្តតាកែវ នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ហើយ​មិនទាន់​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​ដឹកឈើ​ដែល​មិន​បង់លុយ ចំណែក​ឈ្មួញ​ធំៗ​ដែល​ចេះ​បែងចែក​ផលប្រយោជន៍​អាចធ្វើ​អ្វីៗ​ដោយ​រលូន​។ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តតាកែវ ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាមួយ​ឈ្មួញ​ដែរ ទើប​កន្លងមក​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​មិនសូវ​ឃើញ​មាន​សមត្ថកិច្ច​បង្ក្រាប​។

កាលពី​ថ្ងៃទី​១២ ខែសីហា កន្លងទៅ​ថ្មីៗ​នេះ​ឈើដុលមានមុខ​កាត់​ធំៗ​ជាច្រើន​ដុំ​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តកំពង់ស្ពឺ បង្ក្រាប​នៅពេលដែល​រថយន្ត​ដឹ​ឈើ​នោះ​ខូច​មិនអាច​ទៅមុខ​រួច ហើយ​ការបង្ក្រាប​នោះ​ធ្វើឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។ ទោះជា​យ៉ាងណា​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិនបាន​បង្ហាញ​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ដឹកឈើ​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា​រថយន្ត​ដឹកឈើ​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ លាយ​បៃតង ពាក់​ស្លាក​លេខ​កំពង់ចាម​3A-2715​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​គ្មាន​ជំនឿ​ថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ហ៊ាន​នាំខ្លួន​ម្ចាស់​រថយន្ត​ដឹកឈើ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ជាការ​ព្រមាន​នោះឡើយ​។

សមត្ថកិច្ច​ក្នុង​ខេត្តតាកែវ មួយចំនួន​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ដុល​ដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ក្នុងស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែសីហា គឺជា​រថយន្ត​ដែល​ធ្វើ​សកម្មភាព​ដឹកឈើ​ឆ្លងកាត់​ខេត្តតាកែវ យកទៅលក់​នៅ​ស្រុក​យួន​ជាច្រើន​ឆ្នាំ​មកហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈើ​ដែល​ឈ្មួញ​ដឹកជញ្ជូន​ចេញពី​ខេត្តកំពង់ស្ពឺ ឆ្លងកាត់​ខេត្តតាកែវ ហើយ​យកទៅលក់​នៅ​ស្រុក​យួន​នោះ គឺ​នាំចេញ​តាម​ច្រក​បាក់ដៃ ស្រុក​បុរី​ជលសា ខេត្តតាកែវ ដោយមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​រវាង​ឈ្មួញ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​។ កន្លងមក​នាយ​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ខេត្តតាកែវ ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ឡើយ​៕

kspue-2 kspue-3 kspue-1