លោក ឱម យ៉ិនទៀង មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ​នោះទេ​

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​លោក សុខ សុផល ដែល​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​នេះ​តាំងពី​អំឡុង​ឆ្នាំ​២០០៩ រហូតមកដល់​បច្ចុប្បន្ន កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មានការ​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន ចាត់វិធានការ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុផល​។ ជាងនេះទៅទៀត​មន្ត្រីរាជកា​រ​នៃ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ចាត់វិធានការ​លុបបំបាត់​អំពើពុករលួយ​ក្នុង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ​ឲ្យ​បាន​ឆាប់​។

ប្រភពពី​មន្ត្រីរាជការ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​លោក សុខ សុផល ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព​ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនិត​មួយចំនួន​ទាក់ទង​ទៅនឹង​ចំណូល​ចំណាយ​របស់​អង្គភាព ក៏ដូចជា​គម្រោង​ផ្សេងៗ​សម្រាប់​អង្គភាព​។ លើស​នេះ​ទៅទៀត​ការដែល​លោក សុខ សុផល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពាក់ព័ន្ធ​រឿង​កាត់​ភាគរយ​ពី​ថវិកា​លទ្ធកម្ម​សម្រាប់​ម​ន្ទីរ​នានា​ជុំវិញ​ខេត្ត និង​ក្រុមហ៊ុន​ដេញថ្លៃ​គម្រោង​លទ្ធកម្ម គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​នានា​មិន​សប្បាយចិត្ត ហើយ​ក្រុមហ៊ុន​ដេញថ្លៃ​អនុវត្តន៍​គម្រោង​ផ្សេងៗ​ក៏​រិះគន់​យ៉ាង​ពេញបន្ទុក​ដែរ​។ ដូច្នេះហើយ​ទើប​ថ្មីៗ​នេះ​មាន​លេច​ធ្លាយ​ព័ត៌មាន​រឿង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កោះហៅ​លោក សុខ សុផល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ ទៅ​បំភ្លឺ​១០​ចំណុច​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​។

ទង្វើ​មិន​ប្រក្រតី​របស់លោក សុខ សុផល ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​មិនគួរ​មើលរំលង​នោះ គឺប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ កាត់​ភាគរយ​លើ​ថវិកា​លទ្ធកម្ម​សម្រាប់​ម​ន្ទីរ​នានា​ពី​២​ទៅ​១០​ភាគរយ​ដែលជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​។ លើស​នេះ​ទៅទៀត​លោក សុខ សុផល បាន​យក​រថយន្ត​របស់​អង្គភាព​ពាក់​ស្លាក​លេខ​រាជការ ទៅប្រើ​ប្រាស់​ផ្ដាច់មុខ​តែឯង សូម្បីតែ​ថ្ងៃ​ឈប់សម្រាក​ក៏​គេ​ប្រើ​រថយន្ត​របស់​អង្គភាព​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លន​ដែរ​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុផល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ​នោះទេ ហើយ​គួរ​ចាត់វិធានការ​ស្រាវជ្រាវ​រក​ការ​រ​ពិត​ដើម្បី​ដាក់ពិន័យ​តាមច្បាប់ កុំ​ឲ្យ​ជន​ពុករលួយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

omyintieng610លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ