គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​សិក្ខាសាលា ដើម្បី​សិក្សា​អំពី​ច្បាប់​ស្ដីពី​សញ្ជាតិ​និង​ច្បាប់​ស្ដីពី​អន្ដោប្រវេសន៍​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​សិក្ខាសាលា ដើម្បី​សិក្សា​អំពី​ច្បាប់​ស្ដីពី​សញ្ជាតិ​និង​ច្បាប់​ស្ដីពី​អន្ដោប្រវេសន៍​។ ការបញ្ជាក់​ពី​ការធ្វើសិក្ខាសាលា​ដើម្បី​សិក្សា​អំពី​ច្បាប់​ស្ដីពី​សញ្ជាតិ​និង​ច្បាប់​ស្ដីពី​អន្ដោប្រវេសន៍ ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវគេ​សង្កេតឃើញថា ឡើង​ក្រោយពី​គណកៈម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កាលពី​សប្តាហ៍​មុន​បាន​បញ្ជាក់ថា គ្រប់​ជនបរទេស​ទាំងអស់​ដែល​រស់នៅ​ប្រទេស​កម្ពុជា​អាចមាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​តែ​ពួកគាត់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ជុំវិញ​ដំណើរការ​បោះឆ្នោត​។​

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គោលបំណង​នៃ​ការរៀប​ឲ្យ​មាន​សិក្ខាសាលា​អំពី​ច្បាប់​ដ៏​មាន​សារៈសំខាន់​ពីរ​ខាងលើ គឺ​ដើម្បី​សិក្សា​លើ​ចំណុច​សំខាន់ៗ​ដូចជាៈ តើ​ជនបរទេស​ត្រូវបំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​អ្វីខ្លះ​ដើម្បី​ទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​ស្របច្បាប់​? តើ​សមត្ថកិច្ច​ខ្មែរ​អាច​ចេញ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ជនបរទេស​ដែល​មិនទាន់​ទទួលបាន​សញ្ជាតិ​ខ្មែរ​ដែរឬទេ​? តើ​សមត្ថកិច្ច​មានទោស​កម្រិត​ណា​ចំពោះ​ការចេញ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ជនបរទេស​ដោយ​ខុសច្បាប់​? តើ​ជនបរទេស​មានទោស​ក​ម្រិ​ត​ណា​ការដែល​ពួកគេ​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​ដោយ​ខុសច្បាប់ ហើយ​យក​វា​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​? លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា សិក្ខាសាលា​ខាងលើនេះ ត្រូវបាន​ចូលរួម​បកស្រាយ​ដោយ​វាគ្មិន​ជា​អ្នកជំនាញ​ច្បាប់ ហើយ​លទ្ធផល​ដែល​ទទួលបាន​ពី​សិក្ខាសាលា​នឹង​ជម្រាបជូន​ជា​សាធារណៈ​នៅក្រោយ​ការបញ្ចប់​សិក្ខាសាលា​ក្នុង​សប្តាហ៍​នេះ​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦  អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក សោម សូ​រី​ដា បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ដោយ​បញ្ជាក់ថា ទោះ​មិនចេះ​ភាសា​ខ្មែរ​ក៏ដោយ ក៏​ជនបរទេស​ដែលមាន​សញ្ជាតិ​ខ្មែរ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ អាច​ចុះឈ្មោះ និង បោះឆ្នោត​បាន​។  សាធារណមតិ​ជាតិ និង​អន្តរជាតិ នៅចាំ​បាន​ថា កាលពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ខ្មែរ​បានចេញ​មុខរា​រាំង​ពលរដ្ឋ​វៀតណាម​មិន​ឲ្យ​បោះឆ្នោត​រហូត​កើតមាន​ជម្លោះ​ផងដែរ ប៉ុន្តែ​ពេលនេះ​ប្រជាពលរដ្ឋ​វៀតណាម​ដែលមាន​សញ្ជាតិ​ខ្មែរ​និង​អត្តសញ្ញាណប័ណ្ណ​អាច​បោះឆ្នោត​បាន​ហើយ​៕

13939380_1152394058158674_6229913899872181640_n