គិត​ត្រឹម​ឆមាស​ទី​1 ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​មាន​ប្រមាណ​26​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៦ ទ្រព្យសកម្ម​របស់​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា បាន​កើនឡើង​ប្រមាណ​២,២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឱ្យ​ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា កើនឡើង​ដល់​ប្រមាណ​២៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​១៣១% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។ នេះ​បើ​តាម​ប្រសាសន៍​លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ក្នុង​ឱកាស​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៦ របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៣ សីហា កន្លង​មក នៅ​ខេត្តកំពង់ចាម ។

លោក ជា ចាន់​តូ បាន​បន្ត​ថា ទន្ទឹម​នឹង​នេះ ប្រាក់​បញ្ញើ​សរុប​បាន​កើនឡើង​ដល់​៦៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) ហើយ​ឥណទាន​សរុប​បាន​កើនឡើង​ដល់​៨០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​ត្រូវ​បាន​បែងចែក​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​វិស័យសេដ្ឋកិច្ច​ចម្បង​ៗ ។

លោក​មាន​ប្រសាសន៍​ថា ៖ « ទោះជា​យ៉ាងណា ក្នុង​បរិការណ៍​ដែល​ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​កំពុង​តែ​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់ ហើយ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ធនាគារ​នៃ​កម្ពុជា​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​កា​រវិ​វត្ត​នានា និង​បាន​ដាក់​ចេញ​នូវ​វិធានការ​មីក្រូ និង​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន ដែល​មាន​លក្ខណៈ​បុ​រេ​សកម្ម​ជា​បន្តបន្ទាប់​ដើម្បី​គ្រប់គ្រង​ហានិភ័យ​ជា​ប្រព័ន្ធ ដែល​អាច​កើតឡើង​ជាយថាហេតុ ផ្អែក​លើ​យន្តការ​ទីផ្សារ និង​មាន​លក្ខណៈ​ទន់ភ្លន់ សំដៅ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឱ្យ​បាន​រឹង​មាំ ។ លើស​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​តាមដាន និង​វាយតម្លៃ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ » ។

លោក​បន្ថែម​ថា ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភពលោក​កាន់តែ​មាន​ភាព​ប្រទាក់ក្រឡា ហើយ​ប្រព័ន្ធ​ធនាគារ​កម្ពុជា កាន់តែ​មាន​សមាហរណកម្ម​ខ្ពស់ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក ហើយ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ក៏​បាន​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ទប់ស្កាត់​សកម្មភាព​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ក្នុង​ប្រព័ន្ធ​ធនាគារ​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ ការ​គ្រប់គ្រង​ផ្ទៃក្នុង​ត្រូវ​បាន​ពង្រឹង ហើយ​សមត្ថភាព​ធន​ធាន​មនុស្ស​​លើ​ផ្នែក​ឯកទេស​កម្ម ចំណេះដឹង​បច្ចេកទេស​ត្រូវ​បាន​អភិវឌ្ឍន៍​ជា​លំដាប់ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា ។

យោង​តាម​របាយការណ៍​របស់​ធនាគារ​អេ​ស៊ី​លី​ដា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទ្រព្យសកម្ម​បាន​កើន​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្ដែង នៅ​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០១៥ អេ​ស៊ី​លី​ដា​មានទ្រព្យ​សកម្ម​សរុប​ចំនួន​៣.៩០១​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ដល់​ខែមិថុនា ឆ្នាំ​២០១៦ មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង​៤.១៩៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រៅពី​ធនាគារ​អេ​ស៊ី​លី​ដា ក៏​មាន​ធនាគារ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​កំណើន​ទ្រព្យសកម្ម​កើន​ឡើងជា​បន្តបន្ទាប់ ដែល​មាន​កំណើន​ទាំង​ប្រាក់​បញ្ញើ​សន្សំ និង​ការ​ប្រើប្រាស់​ឥណទាន​ពី​សំណាក់​អតិថិជន​ផង​ដែរ ។

គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន ធនាគារពាណិជ្ជ​ទាំង​ក្នុងស្រុក និង​ធនាគារពាណិជ្ជ​មក​ពី​ក្រៅ​ស្រុក ដែល​មាន​ការិយាល័យ​នៅ​កម្ពុជា សរុប​ចំនួន​៣៦​ធនាគារ ។ ចំណែក​ធនាគារ​ឯកទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​១៣​ធនាគារ​ផង​ដែរ ។ ក្រៅពី​នោះ ក៏​មាន​មីក្រូហិរញ្ញវត្ថុ​ជា​ច្រើន​ទៀត​ដែល​បាន​ផ្ដល់​សេវាកម្ម​ឥណទាន និង​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន ហើយ​ទាំងនេះ​បាន​បង្ហាញ​ថា វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​សន្ទុះ​គួរ​ឱ្យ​កត់សម្គាល់ រហូត​ដល់​ធនាគារ​ក្នុងស្រុក​អាច​មាន​លទ្ធភាព​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ដល់​ក្រៅ​ស្រុក​ទៀត​ផង ៕