ម្ចាស់​យីហោ​ធំ​ៗ​ជំរុញ​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ាន

ប្រទេស​ថៃ ៖ នាយកដ្ឋាន​អភិវឌ្ឍន៍​អាជីវកម្ម ហៅ​កាត់​ថា BDD កំពុង​កំណត់​ទិស​ដៅ​ក្នុង​ការ​ផ្សព្វផ្សាយ​សហគ្រាស​ម៉ាក​យីហោ យ៉ាង​ហោច​ណាស់​៧៥​របស់​ថៃ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​សហគ្រាស​ទៅ​ក្រៅប្រទេស​នៅ​ឆ្នាំ​នេះ រួម​ទាំង​ក្រុមហ៊ុន​២៥ ដែល​ត្រូវ​បាន​គេ​គាំទ្រ​រួច​ហើយ​ចាប់តាំងពី​ដើមឆ្នាំ​២០១៦ ។

អគ្គ​នាយិកា​រង លោកស្រី Rattana Theanvisitskool ថ្លែង​ថា នៅ​ក្រោម​គោលនយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​នានា​ក្នុង​ការ​ពង្រីក​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​បរទេស ការ​ផ្តោត​សំខាន់ គឺ​នៅ​លើ​ម្ចាស់​យីហោ (franchisor)  ដោយសារ​តែ​អង្គភាព​នេះ​មាន​យុទ្ធសាស្ដ្រ និង​លំនាំ​អាជីវកម្ម​ច្បាស់លាស់​រួច​ទៅ​ហើយ ។

លោកស្រី​ថ្លែង​ថា ៖ « ការ​ពិត ភ្នាក់ងារ​នេះ​នឹង​ជំរុញ​ដល់​អាជីវកម្ម​ចំនួន​១៥០​ក្នុងឆ្នាំនេះ នៅ​ក្រោម​ផែនការ​លើកកម្ពស់​រួម ដែល​ម្ចាស់​យីហោ​ប្រហែលជា​ពាក់កណ្តាល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ពង្រីក​អាជីវកម្ម​នៅ​បរទេស ដោយ​ចាប់ផ្តើម​នៅ​ក្នុង​ប្រទេស​អាស៊ាន » ។

បណ្តា​ប្រទេស​ជា​គោលដៅ​ចំនួន​៥ សម្រាប់​ការ​ផ្សព្វផ្សាយ​ក្នុងអំឡុងពេល​ពាក់កណ្តាល​ឆ្នាំ​នេះ គឺ​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ។

លោកស្រី​បន្ថែម​ថា នៅ​ឆមាស​ទី​១ BDD បាន​ផ្សព្វផ្សាយ​ក្រុមហ៊ុន​យីហោ​២៥ ដើម្បី​ពង្រីក​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ ក្រុមហ៊ុន​ចំនួន​១២ ហាក់ដូចជា​មានឱកាស​កាន់តែ​ច្រើន ក្នុង​ការ​ជ្រេៀត​ខ្លួន​ចូល​ក្នុង​ទីផ្សារ​តាម​រយៈ​វេទិកា​រួម​ទុន ។

យោង​តាម BDD បច្ចុប្បន្ន​នេះ ប្រទេស​ថៃ​មាន​អាជីវកម្ម​យីហោ​ចំនួន​១.៥២៣ ដែល​បាន​បង្កើត​ប្រាក់​ចំណូល​រួម​គ្នា​មាន​តម្លៃ​៦៤៥.៧៩​ប៊ី​លាន​បាត​កាលពី​ឆ្នាំ​មុន ។

អាជីវកម្ម​យីហោ​ស្មើនឹង​៩% នៃ​តម្លៃ​អាជីវកម្ម​លក់រាយ​សរុប​នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​តម្លៃ​អាជីវកម្ម​យីហោ​នៅ​អា​មេ​រិ​ក​ស្មើនឹង​៥៤% នៃ​អាជីវកម្ម​លក់រាយ​ក្នុង​ប្រទេស​នេះ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ការ​នាំ​ចេញ​គ្រឿងសំអាង ទឹកអប់ និង​សាប៊ូ​របស់​ប្រទេស​ថៃ មាន​តម្លៃ​១,៩១​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ខណៈ​ការ​នាំ​ចេញ​នៅ​ឆមាស​ដំបូង​នៃ​ឆ្នាំ​នេះ មាន​ចំនួន​៨៩៩.៦៩​លាន​ដុល្លារ ៕