សេដ្ឋកិច្ច​ចិន​កំពុង​មាន​ស្ថិរភាព​ឡើង​វិញ​ខណៈ​តម្រូវការ​ក្នុងស្រុក​ខ្សោយ

ប្រ​ទស​ចិន ៖ សេដ្ឋកិច្ច​ចិន​កំពុង​បង្ហាញ​សញ្ញា​មាន​ស្ថិរភាព​ឡើង​វិញ ប៉ុន្តែ​តម្រូវការ​ក្នុងស្រុក​នៅ​តែ​ខ្សោយ​ដដែល ។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា ស​ន្ទ​ស្សន៍​តម្លៃប្រើប្រាស់​របស់​ចិន (CPI) បាន​កើនឡើង​១,៨% ធៀប​នឹង​តួលេខ​ឆ្នាំ​មុន​ក្នុង​ខែកក្កដា ដែល​បាន​ផ្លាស់​ប្តូរ​តិចតួច​ប៉ុណ្ណោះ​ពី​១,៩% ក្នុង​ខែមិថុនា ។ ទន្ទឹម​គ្នា​នេះ​ដែរ ស​ន្ទ​ស្សន៍​តម្លៃ​ផលិត (PPI) ដែល​វាស់​ស្ទង់​តម្លៃ​ទំនិញ​នៅ​តាម​ច្រក​ទ្វារ​រោងចក្រ បាន​ធ្លាក់​ចុះ​១,៧% ។
លោក Wang Dan មក​ពី​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច បានឱ្យ​ដឹង​ថា អតិផរណា​នៅ​តែ​មាន​តិចតួច ប៉ុន្តែ​ពុំ​មាន​សម្ពាធ​អ្វី​ភ្លាម​ៗ​សម្រាប់​ការ​ដំឡើង​អត្រា​ការ​ប្រាក់​នោះ​ទេ ។ PPI នៅ​តែ​បន្ត​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៥២​ខែ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ល្បឿន​នៃ​ការ​ធ្លាក់​ចុះ​នេះ​កំពុង​ថមថយ​វិញ ។

ការ​កើនឡើង​នៃ​តម្លៃ​ធ្យូងថ្ម និង​លោហធាតុ ដែល​មាន​ជាតិ​ដែក និង​គ្មាន​ជាតិ​ដែក អាច​បញ្ជាក់​បាន​ថា គឺជា​ការ​កាត់​បន្ថយ​នៃ​ការ​ផលិត​លើស​ចំណុះ​របស់​ឧស្សាហកម្ម និង​កំពុង​ចាប់ផ្តើម​ផ្តល់​ផល​វិជ្ជមាន​ខ្លះ​ៗ​ផង​ដែរ ។ ទិន្នផល​ធ្យូងថ្ម​បាន​ធ្លាក់​ចុះ​៩,៧%​ក្នុង​ឆមាស​ទី​១ បើ​ធៀប​នឹង​តួលេខ​ឆមាស​ទី​១​កាលពី​ឆ្នាំ​មុន ថយ​ចុះ​៥,៨% ។

យោង​តាម​ធនាគារ HSBC បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ក្នុង​លក្ខខណ្ឌ​ប្រាក់​យន់ បាន​កើនឡើង​២,៩% ធៀប​នឹង​តួលេខ​ឆ្នាំ​មុន​ក្នុង​ខែកក្កដា ដែល​កើន​ពី​១,៣%​ក្នុង​ខែមិថុនា ។

យ៉ាងណាមិញ ការ​នាំ​ចូល​ក្នុង​ខែកក្កដា​បាន​ធ្លាក់​ចុះ សបញ្ជាក់​ថា មូលដ្ឋាន​គ្រឹះ​នៃ​ការ​ងើបឡើង​វិញ​នៅ​តែ​មាន​សភាព​ថយ​ចុះ ដែល​បញ្ហា​ចម្បង គឺ​បណ្តាល​មក​ពី​តម្រូវការ​ក្នុងស្រុក​ធ្លាក់​ចុះ និង​ទីផ្សារ​អចលនទ្រព្យ​នៅ​តែ​គ្មាន​អ្វី​ប្រែប្រួល ។

តាម​ការ​វាស់​ស្ទង់​នៅ​តាម​រោងចក្រ​ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​បង្ហាញ​ថា ទាំង​ការ​នាំ​ចេញ និង​តម្រូវការ​ក្នុងស្រុក មានការ​ថយ​ចុះ​ក្នុង​ខែកក្កដា ដោយសារ​តែ​បញ្ហា​ទឹកជំនន់​រំខាន​ដល់​ការ​ធ្វើ​អាជីវកម្ម ។

យោង​តាម HSBC បានឱ្យ​ដឹង​ថា កំណើន​សរុប​នៅ​តែ​ដដែល​ត្រឹម​៦,៧%​ក្នុង​ត្រីមាស​ទី​២ ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ​២០០៩ ប៉ុន្តែ​វា​នៅ​តែ​ស្ថិត​ក្នុង​គោលដៅ​នៃ​៦,៥% ទៅ​៧% ដដែល ។

ធនាគារ​ប្រជាជន​ចិន (PBOC) បាន​ដាក់​គោលនយោបាយ​រូបិយ​វត្ថុ​នៅ​ក្នុង​របាយការណ៍​ប្រចាំត្រីមាស​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ដោយ​ពង្រឹង​ជំហរ​របស់​ខ្លួន បន្ទាប់​ពី​ធនាគារ​អង់គ្លេស​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​មក​នៅ​កម្រិត​ទាប ។

ធនាគារកណ្តាល​បានឱ្យ​ដឹង​ថា ប្រសិនបើ​ទុនបម្រុង​ត្រូវ​បាន​កាត់​បន្ថយ​ម្តង​ហើយ​ម្តងទៀត នោះ​ទីផ្សារ​អត្រា​ការ​ប្រាក់​នឹង​ធ្លាក់​ចុះ រីឯ​សម្ពាធ​ធ្លាក់​ចុះ​នៃ​ប្រាក់​យន់​នឹង​កើន​ឡើង៕