រដ្ឋមន្ដ្រីក្រសួងអប់រំ ផ្ញើសារពិសេសជូនសិស្សត្រៀមប្រឡងបាក់ឌុប នៅសប្ដាហ៍ក្រោយ ដោយបញ្ជាក់ថា «អ្នកចេះនឹងជាប់!» (មានវីដេអូ)

(ភ្នំពេញ)៖ នៅសប្ដាហ៍ក្រោយនេះ សិស្សថ្នាក់ទី១២ ទាំងអស់ត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយ គ្រា ការប្រឡងបាក់ឌុបរំកិលជិតមកដល់នេះ រដ្ឋមន្រ្តីក្រសួង អប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានថ្លែងសារពិសេសមួយផ្ញើទៅ កាន់សិស្ស ដែលត្រូវប្រឡងដោយបញ្ជាក់ថា «អ្នកចេះនឹងជាប់»។

តាមរយៈសារជាវីដេអូបង្ហោះលើទំព័រ Facebook ក្រសួងអប់រំនាព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦នេះ លោក ហង់ ជួនណារ៉ុន បានថ្លែងថា «សូមប្អូនសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ គោរពបទបញ្ញាត្តិ នៃការប្រឡង មិនត្រូវយកសំណៅឯកសារចូលមណ្ឌលប្រឡងនោះទេ ហើយក៏មិនត្រូវយកឧបករណ៍អេឡិចត្រូនិចចូលមណ្ឌលប្រឡងដែរ ប្រសិនបើប្អូនៗរំលោភលើបញ្ញត្តិ នឹងធ្លាក់ដោយស្វ័យប្រវត្តិ»

លោករដ្ឋមន្ដ្រី បន្ដថា ដើម្បីធានាឲ្យបាននូវការប្រឡងមួយឲ្យមានតម្លាភាព យុត្តិធម៌ ឆ្លុះបញ្ជាំងពីចំណេះដឹង ហើយដើម្បីស្របតាមពាក្យស្លោកថា «អ្នកចេះ គឺជាប់» គឺមានតែសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រតែប៉ុណ្ណោះ ហើយក្រសួងនឹងធានាឲ្យបានថា ការប្រឡងនេះប្រកបដោយភាពត្រឹមត្រូវបំផុត។ បន្ថែមពីនេះ លោករដ្ឋមន្ដ្រី ក៏សូមជូនពរឲ្យបេក្ខជនទាំងអស់ ទទួលបានជោគជ័យ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា ការប្រឡងបាក់ឌុបមាន ៧មុខវិជ្ជា មានពិន្ទុសរុប ៥០០ពិន្ទុ ប៉ុន្ដែពិន្ទុជាប់ត្រឹមតែ ២៣៧ពិន្ទុប៉ុណ្ណោះ ហើយបេក្ខជនណាដែលបានទទួលពិន្ទុចាប់ពី ៩០ភាគរយ ដល់១០០ភាគរយ គឺទទួលនិទ្ទេស A ហើយចន្លោះពី ៨០ភាគរយ ទៅ ៩០ភាគរយ ទទួលបាននិទ្ទេស B ហើយ៧០ភាគរយ ទៅ៨០ភាគរយ ទទួលបាននិទ្ទេស C។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុប នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២២-២៣ ខែសីហា ដោយមានបេក្ខជនចូលរួមប្រឡងប្រមាណ ៩៣,៧៥២នាក់ ចែកចេញជា ១៥៧មណ្ឌល ស្មើនិង ៣,៧៨១បន្ទប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា ក្រសួងមានការលើកទឹកចិត្ត ដល់សិស្សទាំងឡាយណា ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A,B,C នឹងទទួលបានការជ្រើសរើស ឱ្យធ្វើជាគ្រូបង្រៀននៅបឋមសិក្សា និងអនុវិទ្យាល័យ ដោយស្វ័យប្រវត្តិ ព្រមទាំងបញ្ចូលជាគរុសិស្សផងដែរ។ 

ថ្លែងក្នុងសន្និសិទកាសែត កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ លោករដ្ឋមន្រ្តីបានជំរុញឱ្យបណ្ដាសិស្ស ដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខ ត្រូវតែខិតខំប្រឹងប្រែង តាំងចិត្តធ្វើកិច្ចការប្រឡងរបស់ខ្លួនឱ្យបានល្អត្រឹមត្រូវ មិនត្រូវភិតភ័យ ក៏ដូចជាកុំប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិច្បាប់វិន័យ និងមិនត្រូវជឿការឆបោកពី ជនខិលខូចមួយចំនួន ដែលសន្យាឱ្យជាប់ក្នុងការប្រឡង ជាថ្នូរនឹងការសូកលុយ ជាដាច់ខាត ចំណែកឯសិស្សដែលប្រឡង ជាប់ទទួលបាននិទ្ទេសល្អ នឹងទទួលបានការលើកទឹកចិត្ត។

លោកថា «ក្រសួងមានគោលនយោបាយ លើកទឹកចិត្តចំពោះសិស្សដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A,B,C គឺអាចចូលធ្វើជាគ្រូបង្រៀននៅបឋមសិក្សា និងនៅអនុវិទ្យាល័យ ដោយស្វ័យប្រវត្តិ នេះជាគោលនយោបាយរៀងរាល់ឆ្នាំ ហើយឆ្នាំមុន ក្រសួងអប់រំក៏បានសុំការអនុញ្ញាត ពីសម្ដេចនាយករដ្ឋមន្រ្តី ដើម្បីបញ្ជូនពួកគេទៅជាគរុសិស្ស, ហ្ចឹងយើងនៅតែបន្ត គោលនយោបាយនេះទៀត»

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រដ្ឋមន្ដ្រីក្រសួងអប់រំ ផ្ញើសារពិសេសជូនសិស្សត្រៀមប្រឡងបាក់ឌុប នៅសប្ដាហ៍ក្រោយ ដោយបញ្ជាក់ថា «អ្នកចេះនឹងជាប់!» (មានវីដេអូ)

រដ្ឋមន្ដ្រីក្រសួងអប់រំ ផ្ញើសារពិសេសជូនសិស្សត្រៀមប្រឡងបាក់ឌុប នៅសប្ដាហ៍ក្រោយ ដោយបញ្ជាក់ថា «អ្នកចេះនឹងជាប់!» (មានវីដេអូ)